ស្ថានទូត​​​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​​​​ជូន​ដំណឹង​ដល់ពលរដ្ឋ​ ពលករ-ពលការិនី​ខ្មែរ​ដែល​កំពុងស្នាក់​​នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទាំងអស់ ​ឱ្យបាន​ដឹង​ពី​គម្រោងការ​បន្ត​​កម្មវិធី​​ធ្វើ​មាតុភូមិនិវត្តន៍ រហូត​ដល់​ដាច់​ឆ្នាំ​២០២១ ឬ​នៅពេល​កម្មវិធី​ចាក់​វ៉ាក់សាំង​​ត្រូវ​បាន​បញ្ចប់​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​​ ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថា រដ្ឋា​ភិបាល​ម៉ាឡេស៊ី​​បាន​សម្រេច​បន្ត​កម្មវិធី​គណនាឡើងវិញ​នូវ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​​ (Repatriation Recalibration​ Programme) រហូត​ដល់​ថ្ងៃទី​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០២១​ ឬ​រហូត​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​បញ្ចប់។

សេចក្តីជូនដំណឹង​​ដដែលនោះ​បា​ន​​​បញ្ជាក់​ថា៖ «​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​រៀប​ចំបញ្ជរ​ពិសេស (Special Counters) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​ជន​​បរទេស​ខុស​ច្បាប់​ទាំង​អស់​ដែល​មាន​បំណង​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​តាម​កម្មវិធី​ការ​គណនាឡើង​វិញ (Recalibration Programme) ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ណាត់​ជួប​តាម​ប្រព័ន្ធ​អនឡាញ ​(Online Appointment System-STO)»។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា​ ដើម្បីចូល​រួម​កម្មវិធី​នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ​ ជន​បរទេស​ខុស​ច្បាប់​ទាំង​អស់​ត្រូវ​មាន​ឯកសារ​ និង​បំពេញ​លក្ខខណ្ឌ​ដូចជា​មានលិខិត​ឆ្លង​ដែន/លិខិត​ធ្វើ​ដំណើរ​ និង​ច្បាប់ថត​ចម្លង សំបុត្រ​យន្ត​ហោះ​ត្រឡប់​​ទៅ​ប្រទេស​កំណើត​ ត្រូវ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួ​យ៉ាង​ហោច​៦ម៉ោង​មុន​ការ​ហោះ​ហើរ បង់ថ្លៃ​ផាក​ពិន័យ​ចំនួន​៥០០​រីងហ្គីតដោយ​កាតដេប៊ីត (Debit Card) កាតក្រេឌីត (Credit Card) ឬ ​Touch N Go e-Wallet និង​ត្រូវ​មាន​លទ្ធផល​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ-១៩ (RT-PCR Test) ដែល​មាន​សុពលភាព​រយៈពេល​៧២ម៉ោង​មុន​ការ​ហោះ​ហើរ។​ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​​ខាងលើ​។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា៖ «កម្មវិធីគណនាឡើងវិញ ​(Recalibration Programme) បើក​ដំណើរ​ការ​ជារៀង​រាល់​ថ្ងៃ (២៤ម៉ោង/៧ថ្ងៃ) ចាប់​ពី​ថ្ងៃ​ទី​៨ ​ខែ​កក្កដា ​ឆ្នាំ​២០២១​តទៅ»។

អ្នក​ចូល​រួម​កម្មវិធី​នេះ​ត្រូវ​ចូល​តាម​ច្រក​ទ្វារទី​២ ទី៣ ទី៥ ឬទី៦ នៅជាន់​ទី៥​កន្លែង​ចេញ​ដំណើរ​ ដើម្បីវាស់​កម្តៅ​ មុន​នឹង​​ទៅដំណើរ​ការ​ឯកសារ​នៅជាន់​ទី​៣​ជិត​កន្លែង​មក​ដល់​របស់​អ្នក​ដំណើរ​ក្នុង​ស្រុកនៃ​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួ។ នេះបើតាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹងខាងលើ៕