ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៣៩នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ១០២៥នាក់។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២១ នេះបានបង្ហាញថានៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ មានករណីឆ្លងថ្មីចំនួន ៩៩៦នាក់ និងជាសះស្បើយចំនួនថ្មីចំនួន ៨១៣នាក់។ គិតត្រឹមថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបកើនដល់ ៦៤,៦១១នាក់ អ្នកជារសះស្បើយសរុបចំនួន ៥៦,១៧៨នាក់ និងអ្នកស្លាប់សរុបកើនដល់ ១០២៥នាក់គិតចាប់តាំងពីការរកឃើញដំបូងនៅចុងខែមករា ឆ្នាំ២០២០នេះមក។
សេចក្តីជូនព័ត៌មានដដែលនោះបានបញ្ជាក់ទៀតថា៖ «ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៩៩៦នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន ១៦៧នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស ហើយនាំឱ្យករណីនាំចូលពីក្រៅប្រទេសកើនសរុបរហូតទៅដល់៥,៥១៤នាក់»៕
បើគិតមកដល់ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងកូវីត១៩ ចំនួន១៦លានដូស ក្នុងនោះកម្ពុជាប្រើប្រាស់វ៉ាក់សាំងចំនួន៣ប្រភេទមានដូចជា វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសឥណ្ឌាចំនួន ៣២៤០០០ដូស វ៉ាក់សាំង ស៊ីណូហ្វាមចំនួន ៥២០០០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១០៥០០០០០ដូស។ គិតមកទល់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងការពារជំងឺកូវីតជូនពលរដ្ឋរបស់ខ្លួនបានចំនួន ៥លាននាក់ ស្មើនឹង៥០% នៃប្រជាជនដែលត្រូវទទួលវ៉ាក់សាំងចំនួន ១០លាននាក់។