មន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ថាកម្ពុជាត្រូវការចាំបាច់នូវការប្រុងប្រយ័ត្ន និងសកម្មភាពរួមគ្នាដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ ១៩ ឲ្យបានឆាប់រហ័សដើម្បីចៀសវាងសោកនាដកម្មផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ច។

លោកស្រីវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួង​សុខាភិបាល បាននិយាយថាធ្វីតធ័រ «យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងសកម្មក្នុងការចូលរួមសកម្មភាពរួមគ្នាដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងកូវីដ ១៩ នៅកម្ពុជា ឲ្យបានឆាប់រហ័សដើម្បីចៀសវាងសោកនាដកម្មបញ្ហាសុខភាពសាធារណៈ និងសេដ្ឋកិច្ច»។

ក្រ​សួង​​សុខា​ភិបាល​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​​​នេះក៏បាន​​ប្រកាសដែរ​​ថា ​មាន​​អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​កូវីដ​​១៩​​ចំនួន ​៣៩​​​​នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ​១០២៥​នាក់។

គិត​ត្រឹម​ថ្ងៃ​​ទី​​១៤​ ​ខែ​​កក្ដដា​ ​​ឆ្នាំ​​​២០២១​​នេះ ​កម្ពុជា​​មាន​​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ​​សរុប​​កើន​​ដល់​​ ៦៤,៦១១​នាក់ អ្នក​ជារ​​សះ​ស្បើយ​​សរុប​​​ចំនួន​​​ ៥៦​,១៧៨​នាក់ និង​​អ្នក​​ស្លាប់​​សរុប​​កើន​​ដល់ ​​១០២៥​នាក់​គិត​ចាប់​​តាំង​​ពី​​ការ​​រក​​ឃើញ​​ដំ​បូង​​នៅ​​ចុង​​ខែ​​មករា ​ឆ្នាំ២០២០នេះ​មក។

យោងតាមរបាយការណ៌ ចំនួន​អ្នកបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​នៅ​ទូទាំង​ប្រទេស ​ចាប់​តាំងពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ដល់​​ថ្ងៃទី​១៤ ​ខែ​កក្ដដា​ ឆ្នាំ​២០២១នេះ​ មាន​ចំនួន​​៥,២៤០,១៥៩​​នាក់ ​ស្មើ​នឹង​៥២.៤០​ភាគរយ​​ បើធៀប​​នឹង​គោល​ដៅ​១០​លាននាក់​ដែល​កម្ពុជា​​គ្រោង​​នឹង​​សម្រេច​៕