នារសៀលម៉ោង១ នៅថ្ងៃទី១១ ខែកក្កដា សំឡេងស្រ្តីម្នាក់ឮចេញពីក្នុងផ្ទះយ៉ាងរួសរាយរាក់ទាក់ ជាមួយទឹកមុខអមនឹងស្នាមញញឹមផង អ្នកស្រី សុខ ហៀងហី ជាអ្នកធ្វើចំការ ដាំដំណាំចម្រុះ និងជាម្ចាស់ចំការក្រញូង ដែលមានទីតាំងស្ថិតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ក្រៅពីខាងមុខផ្ទះចម្រុះដោយដំណាំហូបផ្លែ ក្នុងចំការក្បែរផ្ទះរបស់អ្នកស្រី ហៀងហី វិញ ដើមក្រញូងកំពុងដុះបណ្ដាក់គ្នាយ៉ាងខៀវស្រងាត់។
អ្នកស្រីវ័យ៣២ឆ្នាំរូបនេះ បានចង្អុលទៅចំការក្រញូងរបស់អ្នកស្រីបណ្តើរ ហើយប្រាប់ Newsroom Cambodia បណ្តើរថា អ្នកស្រីបានចំណាយរយៈពេល៤ឆ្នាំមកហើយ ក្នុងបទពិសោធន៍ដាំ និងមើលថែដំណាំក្រញូងនេះ។ អ្នកស្រីថា ក្រញូងជាប្រភេទដំណាំងាយស្រួលដាំ ងាយមើលថែជាងដំណាំផ្សេងៗទៀត។
ក្រញូងជាប្រភេទឈើប្រណីត និងនិងមិនសូវមានអ្នកដាំ ហើយវាចំណាយពេលយូរក្នុងការមើលថែទាំ។ ទោះដំណាំនេះមិនសូវពេញនិយមសម្រាប់ទីផ្សារ តែវាជាក្ដីសង្ឃឹមមួយដែលល្អសម្រាប់ប្រកបរបរដែលមិនសូវចំណាយកំលាំងច្រើនក្នុងការថែទាំ ដូចជាអ្នកស្រី សុខ ហៀងហី។
អ្នកស្រី ហៀងហី បានបញ្ជាក់ថា ដំបូងឡើយអ្នកស្រីគឺជាអ្នកចំការដាំបន្លែ ដំណាំហូបផ្លែធម្មតា ប៉ុន្តែបន្ទាប់ពីមានគំនិតផ្ចុងផ្ដើមពីប្អូនប្រុសដែលជាអ្នកលក់គ្រឿងសង្ហារឹមបានផ្តល់គំនិតឱ្យដាំក្រញូង ក៏សាកល្បងរហូតក្លាយជារបរដែលសមគួរក្នុងការរកប្រាក់កម្រៃ។ ភាគច្រើនពូជក្រញូងនេះគឺមកពីថៃ និងវៀតណាម ហើយអ្នកស្រីសព្វថ្ងៃយកត្រឹមពីរប្រភេទប៉ុណ្ណោះយកមកដាំ គឺមានដូចជាប្រភេទក្រញូងខ្មែរ និងប្រភេទក្រញូងហៃណាន ដោយសារប្រភេទទាំងពីរនេះ មានការគាំទ្រច្រើនពីសំណាក់អ្នកដាំ ពិសេសអតិថិជនប្រចាំរបស់អ្នកស្រី។
អ្នកស្រីថា៖ «ភាគច្រើនភ្ញៀវដែលមកទិញគឺទិញម្ដងៗរាប់ពាន់ដើមដើម្បីយកទៅដាំ។ ច្រើនមកពីតំបន់ដែលមានដីចំការធំៗនៅស្រុកយើងមាននៅរតនគិរី មណ្ឌលគិរីជាដើម ដំណាំនេះបើដាំនៅដីបែបតំបន់ភ្នំគឺឆាប់ទទួលបានខ្លឹមតែម្ដង ព្រោះវាត្រូវនឹងប្រភេទដីនៅតំបន់ភ្នំ តែសម្រាប់តំបន់ដីល្បាប់វាមិនសូវជាឆាប់ទទួលបានខ្លឹមល្អនោះទេ កាលណាដីល្អពេកវាឆាប់ធំពិតមែនតែមិនមានខ្លឹមពេញហាប់នោះឡើយ»។
ខែដែលសាកសមនឹងទទួលពូជពីស្រុកក្រៅ គឺនៅចន្លោះខែកញ្ញា មកទល់ខែធ្នូ ដោយសារតែជារដូវដែលមានភ្លៀងធា្លក់គ្រប់គ្រាន់អំណោយផលជាខ្លាំងដល់ការដាំដុះប្រភេទក្រញូង។ ទោះជាមិនពិបាកមើលថែដូចដំណាំផ្សេងៗក៏ពិតមែន ប៉ុន្តែវាទាមទារឲ្យមានការមើលថែក្នុងរយៈពេលដែលបណ្ដុះដើម្បីធានាថា វាទទួលទិន្នផលបានគ្រប់ចំនួន។ នេះជាការលើកឡើងរបស់អ្នកស្រី ហៀងហី។
អ្នកស្រីបញ្ជាក់ថា ក្រញូងទាំងនេះត្បិតថាងាយស្រួលដាំ មិនចំណាយកំលាំងច្រើនក្នុងការមើលថែ តែប្រភេទទាំងពីរនេះមានរយៈពេលក្នុងការដាំដុះ និងលក់ចេញផ្សេងគ្នា ដោយក្រញូងខ្មែរវាតម្រូវឱ្យមើលថែរយៈពេលយូរជាងក្រញូងហៃណាន។ ក្រញូងខ្មែរងាយនឹងរងការបំផ្លាញពីសត្វល្អិត តែតម្លៃថ្លៃជាងក្រញូងហៃណាន។
អ្នកស្រីបន្ថែមថា ក្រញូងទាំងពីរប្រភេទអាចលក់ចេញបានពេលវាមានកម្ពស់ត្រឹមបួនតឹក។ ជាទូទៅក្រញូងអាយុកាន់តែច្រើន តម្លៃក៏កាន់តែថ្លៃ ហើយក្រញូងដែលមានកម្ពស់កន្លះម៉ែត្រមានតម្លៃ ៦,០០០រៀល សម្រាប់ក្រញូងខ្មែរ តម្លៃ៤,០០០រៀល សម្រាប់ក្រញូងហៃណាន។
ដៃម្ខាងកំពុងដកស្មៅចេញពីកូនក្រញូងចំណែកដៃម្ខាងទៀតលាតជូតញើសចេញពីថ្ងាស អ្នកស្រី ហៀងហី បានរៀបរាប់ប្រាប់ Newsroom Cambodia ពីរបៀបដាំក្រញូងថា៖ «ដំបូងយើងរៀបចំថ្នាល់ឲ្យរៀបរយ ហើយយកគ្រាប់ទៅព្រួសទៅលើថ្នាល ព្រួសរួចហើយយកចំបើងមករោយពីលើឱ្យក្រាស់បន្ដិចដើម្បីកុំឱ្យខ្ទាតគ្រាប់ និងការពារកុំឱ្យគ្រាប់ត្រូវថ្ងៃខ្លាំងពេក។ បន្ទាប់មកស្រោចទឹកតាមសភាពដី និងកម្ដៅថ្ងែ កាលណាមេឃថ្ងៃក្ដៅខ្លាំងត្រូវស្រោចទឹកមួយពីរដងព្រឹកល្ងាច តែបើមេឃស្រទុំស្រោចទឹកមួយថ្ងៃម្ដងបានហើយ។ នៅពេលសំបកគ្រាប់ក្រញូងប្រេះបែកមាត់ចាប់តម្រូវឱ្យបកចំបើងចេញខ្លះដើម្បីឱ្យវាទទួលពន្លឺថ្ងៃ តែបើទុកយូរពេកវាអាចនឹងរលួយគ្រាប់។ ទុករយៈពេល១០ ទៅ២០ថ្ងៃដកកូនក្រញូងសមល្មមដាក់កន្ទោងដែលច្រកដីរួច កុំទុកយូរពេកវាអាចនឹងអន់កូននៅពេលដែលយើងយកទៅស្ទូង»។
អ្នកស្រី ហៀងហី បន្ថែមថាពីរបៀបដាំក្រញូងថា៖ «ស្ទូងដំបូងៗយើងស្រោចទឹកពីរទៅបីដងទៅកុំឱ្យស្លោកស្វិត។ រយៈពេលបួនខែទៅមុខយើងអាចប្រមូលផលបានហើយ ជាពិសេសដែលធ្លាក់ភ្លៀងគឺយើងលក់ចេញបានច្រើនព្រោះថាខែដែលចាប់ផ្ដើមភ្លៀងគឺភ្ញៀវត្រូវការដាំមិនពិបាកស្រោចទឹក ដាច់ទឹកភ្លៀងគឺវាលាស់ស្លឹកល្អ ហើយភាគរយនៃការដុះក៏ខ្ពស់សឹងថា១០០កូនមិនខូចទាំងអស់ លើសពីនោះក្រញូងយើងអាចកំណត់បានថាវាមានរូបរាងពេញលីងចាប់ពី៧ឆ្នាំឡើងទៅ»។
ចាប់តាំងឆ្នាំ២០១៨មកដល់បច្ចុប្បន្ន អ្នកស្រី សុខ ហៀងហី ដាំក្រញូងផ្គត់ផ្គង់ត្រឹមតែក្នុងស្រុកតែប៉ុណ្ណោះ ហើយនៅលើផ្ទៃដ៏ធំល្វឹងល្វើយរបស់អ្នកស្រីមានគ្របដណ្ដប់ដោយក្រញូងរាប់ពាន់ដើម៕