ភាសាបាលី និងសំស្រ្កឹតជាភាសាដ៏មានសារសំខាន់ ខាងផ្នែកពុទ្ធចក្រ ផ្នែកអាណាចក្រហើយ សាមណសិស្សពុទ្ធិកទាំងអស់តម្រូវឱ្យចូលរៀនភាសាទាំងពីរនេះ ចំណែកពាក្យកម្ចីរបស់ភាសាខ្មែរភាគច្រើនគឺបាលី និងសំស្រ្កឹត។
សិក្ខាកាម Newsroom Cambodia លោកមេង គ្រុយពន្លក បានសម្ភាសន៍ព្រះតេជគុណ ៦អង្គ កាលពីពេលថ្មីៗនេះអំពី អត្ថប្រយោជន៍នៃការសិក្សាភាសាបាលី និងសំស្រ្កឹត។
ព្រះតេជគុណអឿ ទី មានព្រះជន្ម២៣ព្រះវស្សា មកពីពុទ្ធកវិទ្យាល័យទេព វង្ស និរោធរង្សី បាននិយាយថាអត្ថប្រយោជន៍ភាសាបាលីមានច្រើន ទាំងការស្វែងយល់ពីពុទ្ធវចន និងផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញងាយក្នុងការស្វែងយល់មូលដ្ឋានអក្សរសាស្រ្តខ្មែរនិងសិលាចរឹក។
ព្រះអង្គបានលើកឡើងថា៖ «ករុណាបើនិយាយពីអត្ថប្រយោជន៍នៃការរៀនភាសាបាលីវិញមិនអាចពណ៌នា ឬក៏បរិយាយអស់សេចក្ដីបាន ប៉ុន្តែគ្រាន់តែមួយចំនួនធំហ្នឹងគឺ បើនិយាយខាងផ្នែកពុទ្ធសាសនាវិញប្រសិនបើបុគ្គលណា នរជនណាដែលមិនសិក្សាភាសាបាលីវេយ្យាករណ៍ហ្នឹងទេ ហើយដល់ពេលរៀនព្រះត្រៃបិដកតែម្ដងនឹងមានការសង្ស័យ កើតសេចក្ដីសង្ស័យគ្រប់ៗបទទាំងអស់»។
ព្រះអង្គបានបន្តថា៖ «អ៊ីចឹងបានចាំបាច់រៀននូវភាសាបាលីហ្នឹងមុនទៅរៀនសិក្សាបិដក ព្រះសូត្រ អដ្ឋកថា ដីកា យោជនាអីហ្នឹង នឺងនិយាយតែទាក់ទងនឺងផ្នែកពុទ្ធចក្រអត្ថប្រយោជន៍នៃបាលី»។
ព្រះតេជគុណថា សារ៉ាត់ មានព្រះជន្ម២៧ព្រះវស្សា មកពីសាកលវិទ្យាល័យកម្ពុជា បាននិយាយថា អត្ថប្រយោជន៍នៃភាសាបាលីមានច្រើន ទាំងការស្វែងយល់ពីពុទ្ធវចន និងផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញងាយក្នុងការស្វែងយល់មូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងការសិក្សាភាសាខ្មែរបានច្បាស់លាស់។
ព្រះអង្គបានលើកឡើងថា៖ «ហើយមួយចំណែកទៀតផ្នែកភាសាដែលយើងអាចរៀនភាសាបាលីហ្នឹងគឺជំនួយដល់ភាសាដ៏ទៃទៀត ដែលយើងអាចនិយាយបានថាភាសាបាលីគឺជាមូលដ្ឋានគ្រឹះមួយក្នុងការរៀនភាសាដ៏ទៃទៀតហ្នឹងឱ្យបានទូលាយហើយមួយទៀតផ្នែកសតិបញ្ញា ដែលសតិបញ្ញា ដែលហេតុនាំឱ្យកើតបញ្ញាមានសំដែងយ៉ាងទូលាយក្នុងគម្ពីព្រះអភិធម្មដែលអ្នកសិក្សាភាសាបាលីនឺងអាចយល់បានច្បាស់ប្រសិនបើយើងចេះភាសាបាលីអាចធ្វើឱ្យយើងកើតបញ្ញាចេះពិចារណាក្នុងការស្វែងរកហេតុផលរឿងរាវនៃការពិតទាំងឡាយផ្សេងៗទៀត»។
«ចំណែកព្រះអង្គបានលើកឡើងថាភាសាសំស្រ្កឹតក៏មិនខុសពីភាសាបាលីប៉ុន្មានដែរដោយសារតែភាសាខ្មែរយើងភាគច្រើនកម្ចីពីបាលីសំស្រ្កឹត ការចេះភាសាសំស្រ្ដឹតក៏ធ្វើឱ្យយើងមានមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងការសិក្សាភាសាខ្មែរបានច្បាស់លាស់»។
ព្រះតេជគុណសុខ រស្មី មានព្រះជន្ម ២២ព្រះវស្សា មកពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត បាននិយាយថាអត្ថប្រយោជន៍នៃភាសាបាលីមានច្រើន ទាំងការស្វែងយល់ពីព្រះពុទ្ធសាសនា ចំណែកឯសំស្រ្កឹតវិញងាយក្នុងការស្វែងយល់ពីមូលដ្ឋានអក្សរសាស្រ្តខ្មែរ សុភាសិតនិងសិលាចរឹក។
ព្រះអង្គបានលើកឡើងថា៖«ចំណុចទីមួយហ្នឹងគឺទាក់ទងនឺងព្រះពុទ្ធសាសនាហើយភាសាបាលីនេះហើយនឺងព្រះពុទ្ធសាសនាមិនអាចខ្វះមួយណាបានទេ ទាល់តែមានទាំងពីរចឹងហើយអ្នកប្រាជ្ញបុរាណមិនថាសម្ដេចជួន ណាតអីគេប្រែបិដកហ្នឹងមកជាភាសាបាលីហ្នឹងមកខេមរភាសាហើយភាសាបាលីនេះទៀតសោទគេប្រើប្រាស់ក្នុងព្រះពុទ្ធសាសនាតាំងពីសម័យព្រះពុទ្ធមកចឹង »។
ចំណែកឯភាសាសំស្រ្កឹតវិញព្រះអង្គលើកឡើងថាជាភាសាមួយទាក់ទងជាយូរលង់ណាស់មកហើយហើយមុនពុទ្ធសាសនាទៅទៀត ពាក្យកាព្យ ពាក្យអប់រំ ពាក្យល្អៗភាគច្រើនចេញមកពីភាសាសំស្រ្កឹត។
ព្រះតេជគុណប៉ុង ម៉ៃ មានព្រះជន្ម២២ព្រះវស្សា មកពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត បានប្រាប់និយាយថាការរៀនភាសាទាំងពីរនេះងាយស្រួលក្នុងការបង្រៀនអ្នកដ៏ទៃ។ ព្រះអង្គបានលើកឡើងថា៖«អត្ថប្រយោជន៍មានច្រើនតែបើយើងនិយាយអោយសង្ខេបទៅ ការសិក្សាភាសាបាលី និងសំស្រ្កឹតវាមានអត្ថប្រយោជន៍ច្រើនសម្រាប់ខ្លួនយើងផ្ទាល់ និងសម្រាប់អ្នកដ៏ទៃផងពីព្រោះកាលណាបើយើងចេះភាសាបាលី និងភាសាសំស្រ្កឹតយើងអាចបង្រៀនអ្នកដ៏ទៃ ពីព្រោះភាសាបាលីនិងសំស្រ្កឹតនេះមិនងាយមានអ្នកបង្រៀនបានទេព្រោះអីបើមាន មានតែនៅក្នុងព្រះពុទ្ធសាសនា»។
ព្រះតេជគុណសៀក ឈាង មានព្រះជន្ម ២២ព្រះវស្សា មកពុទ្ធកវិទ្យាល័យជួន ណាត បាននិយាយថាអត្ថប្រយោជន៍ភាសាបាលីមានច្រើន ទាំងការស្វែងយល់ពីពុទ្ធវចន និងផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញងាយក្នុងការស្វែងយល់មូលដ្ឋានអក្សរសាស្រ្តខ្មែរនិងសិលាចរិកពីបុរាណ។
ព្រះអង្គបានលើកឡើងថា៖ «ហើយហ្នឹងជាអត្ថប្រយោជន៍ដែលងាយស្រួលឱ្យយើងយល់ដឹងពីអត្ថន័យនៃពុទ្ធវចន ធ្វើយ៉ាងណាធ្វើឱ្យយើងងាយស្រួលស្វែងយល់ ជាក់ស្ដែងការសិក្សាក្នុងពុទ្ធចក្រក្នុងប្រទេសកម្ពុជាយើងតាមសាលាសិក្សាភាសាបាលីដូចថ្នាក់អនុវិទ្យាល័យគេមាន មង្គលត្ថទីបនី ហើយថ្នាក់វិទ្យាល័យមានវិសុទ្ធិមង្គជាដើម»។
ចំពោះភាសាសាស្រ្កឹតវិញ ព្រះអង្គបានលើកឡើងថា ក៏ជាមូលដ្ឋានក្នុងការសិក្សាពីប្រវត្តិអក្សរពីបុរាណដែលបានចារលើសិលាចរិកជាដើម។
ព្រះតេជគុណស៊ឹម វ៉ានដេត មានព្រះជន្ម ២២ព្រះវស្សា មកពុទ្ធកវិទ្យាល័យព្រះសុរាម្រិត បានលើកឡើងថាការចេះភាសាទាំងពីរនេះងាយក្នុងការយល់ពីមូលដ្ឋានអក្សរសាស្រ្តខ្មែរ។
ព្រះអង្គបានលើកឡើងថា៖«អត្ថប្រយោជន៍នៃភាសាបាលី បើយើងគិតពីអក្សរសាស្រ្ត អក្សរសាស្រ្តខ្មែរយើងក៏មានមូលដ្ឋានពីភាសាបាលីដែរ ប៉ុន្តែវាមិនមែនទាំងអស់នោះទេ វាអាចងាយស្រួលក្នុងការលើកឡើងក្នុងការយកភាសាបាលីទៅប្រើក្នុងភាសាខ្មែរយើង ព្រោះភាសាផ្លូវការភាគច្រើនជាបាលី ដូចជាឧទ្ធម្ភាគចក្រជាដើមនិយាយរួមទៅច្រើន។ ព្រះអង្គបន្តទៀតថា៖«ចំណែកឯសំស្រ្កឹតក្នុងអក្សរសាស្រ្តខ្មែរក៏មានប្រើដែរជាក់ស្ដែង ព្រះរាជាណាចក្រកម្ពុជា ហ្នឹងក៏មានលាយភាសាសំស្រ្ដឹតដែរ ហើយក៏ងាយក្នុងការស្វែងយល់ពីសិលាចរឹកដែរ»៕