ភាសាបាលី​ និង​សំស្រ្កឹត​ជា​ភាសា​​ដ៏​មាន​សារសំខាន់ ខាងផ្នែក​ពុទ្ធចក្រ​ ផ្នែកអាណាចក្រហើយ សាមណសិស្សពុទ្ធិកទាំងអស់តម្រូវឱ្យ​ចូល​រៀន​ភាសា​ទាំងពីរ​នេះ​ ចំណែក​​ពាក្យ​កម្ចី​របស់​ភាសា​ខ្មែរ​​ភាគ​ច្រើន​គឺ​បាលី​ និង​សំស្រ្កឹត​។

សិក្ខាកាម Newsroom ​Cambodia លោកមេង គ្រុយពន្លក បាន​សម្ភាសន៍ព្រះ​តេជគុណ ​៦អង្គ​ កាលពីពេលថ្មីៗនេះ​អំពី ​អត្ថ​ប្រ​យោជន៍​នៃ​ការ​សិក្សា​ភាសា​បាលី​ និង​សំស្រ្កឹត។

ព្រះ​តេជគុណ​អឿ ទី​ មាន​ព្រះ​ជន្ម​២៣ព្រះវស្សា​ មក​ពីពុទ្ធកវិទ្យាល័យ​ទេព វង្ស និរោធរង្សី​ បាន​និយាយថាអត្ថ​ប្រយោជន៍​ភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ពុទ្ធវចន​ និង​ផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់​មូលដ្ឋាន​អក្សរសាស្រ្ត​ខ្មែរ​និង​សិលាចរឹក។

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖ «ករុណា​បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ការ​រៀន​ភាសា​បាលី​វិញ​មិន​អាច​ពណ៌នា ឬក៏បរិយាយអស់សេចក្ដីបាន ប៉ុន្តែ​គ្រាន់​តែ​មួយ​ចំនួន​ធំ​ហ្នឹង​គឺ​ បើនិយាយខាង​ផ្នែក​ពុទ្ធសាសនា​វិញ​ប្រសិន​បើ​បុគ្គល​ណា​ នរជន​ណា​ដែល​មិន​សិក្សា​ភាសា​បាលី​វេយ្យាករណ៍​ហ្នឹង​ទេ​ ហើយ​ដល់​ពេល​រៀន​ព្រះ​ត្រៃ​បិដក​តែម្ដង​នឹង​មានការ​សង្ស័យ​ កើត​សេចក្ដីសង្ស័យ​គ្រប់​ៗបទ​ទាំង​អស់»។​

ព្រះ​អង្គ​បានបន្តថា​៖ «អ៊ីចឹង​បាន​ចាំ​បាច់​​រៀន​នូវ​ភាសាបាលី​ហ្នឹង​មុន​ទៅ​រៀន​សិក្សា​បិដក​ ព្រះ​សូត្រ​ អដ្ឋកថា ដីកា យោជនាអីហ្នឹង​ នឺងនិយាយ​តែទាក់​ទងនឺង​​ផ្នែក​ពុទ្ធចក្រអត្ថប្រយោជន៍នៃបាលី»។

ព្រះ​តេជគុណ​ថា សារ៉ាត់ មាន​ព្រះ​ជន្ម​២៧ព្រះវស្សា​ មក​ពីសាកលវិទ្យាល័យ​កម្ពុជា​ បាននិយាយថា អត្ថ​ប្រយោជន៍នៃ​ភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ពុទ្ធវចន​ និង​ផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់​​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សិក្សា​ភាសា​ខ្មែរ​បាន​ច្បាស់​លាស់។

ព្រះ​តេជគុណ​ថា សារ៉ាត់

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖ «ហើយ​មួយ​ចំណែក​ទៀត​ផ្នែកភាសា​ដែលយើង​អាចរៀន​ភាសាបាលី​ហ្នឹង​គឺជំនួយ​ដល់​ភាសា​ដ៏ទៃ​ទៀត​ ដែល​យើង​អាច​និយាយបាន​ថា​ភាសាបាលីគឺជាមូលដ្ឋានគ្រឹះមួយក្នុង​ការរៀន​ភាសាដ៏​ទៃ​ទៀត​ហ្នឹង​ឱ្យ​បាន​ទូលាយ​ហើយ​មួយទៀត​ផ្នែក​សតិ​បញ្ញា​ ដែល​សតិ​បញ្ញា​ ដែលហេតុ​នាំ​ឱ្យ​កើត​បញ្ញា​មាន​សំដែង​យ៉ាង​ទូលាយ​ក្នុង​គម្ពី​ព្រះ​អភិធម្មដែល​អ្នក​សិក្សា​ភាសា​បាលី​នឺង​អាច​យល់​បាន​ច្បាស់​ប្រសិន​បើ​យើង​ចេះ​ភាសា​បាលី​អាចធ្វើឱ្យ​យើង​កើត​បញ្ញា​ចេះ​ពិចារណា​ក្នុង​ការ​ស្វែង​រក​ហេតុផល​រឿងរាវ​នៃការ​ពិត​ទាំងឡាយ​ផ្សេង​ៗទៀត»។

«ចំណែកព្រះអង្គ​បាន​លើក​ឡើង​ថា​​ភាសាសំស្រ្កឹត​ក៏មិន​ខុស​ពី​ភាសាបាលី​ប៉ុន្មាន​ដែរដោយសារ​តែ​ភាសា​ខ្មែរ​យើង​ភាគ​ច្រើន​កម្ចី​ពី​បាលី​សំស្រ្កឹត​​ ការ​ចេះ​ភាសា​សំស្រ្ដឹត​ក៏​ធ្វើ​ឱ្យយើង​មាន​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សិក្សា​ភាសា​ខ្មែរ​បាន​ច្បាស់​លាស់​»។

ព្រះ​តេជគុណ​សុខ រស្មី​ មាន​ព្រះ​ជន្ម​ ២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត​ បាន​និយាយថាអត្ថ​ប្រយោជន៍​នៃភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ព្រះ​ពុទ្ធ​សាសនា​​ ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់ពី​មូលដ្ឋាន​អក្សរសាស្រ្ត​ខ្មែរ សុភាសិត​និង​សិលាចរឹក។

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖«​ចំណុចទីមួយ​ហ្នឹង​គឺទាក់​ទង​នឺង​ព្រះពុទ្ធ​សាសនា​ហើយ​ភាសា​បាលី​នេះ​ហើយ​នឺងព្រះ​ពុទ្ធ​សាសនា​មិនអាច​ខ្វះ​មួយ​ណាបាន​ទេ​ ទាល់តែ​មាន​ទាំង​ពីរ​ចឹង​ហើយ​អ្នក​ប្រាជ្ញបុរាណ​មិនថា​សម្ដេច​ជួន ណាត​អី​គេ​ប្រែ​បិដក​ហ្នឹង​មក​ជា​ភាសាបាលីហ្នឹង​មកខេមរភាសាហើយភាសាបាលីនេះទៀតសោទគេប្រើប្រាស់​ក្នុងព្រះ​ពុទ្ធសាសនាតាំងពីសម័យព្រះពុទ្ធមកចឹង »។

ចំណែកឯភាសាសំស្រ្កឹតវិញព្រះអង្គលើក​ឡើង​ថា​ជាភាសាមួយទាក់ទងជាយូរលង់ណាស់មកហើយហើយមុនពុទ្ធសាសនាទៅទៀត ពាក្យកាព្យ ពាក្យអប់រំ ពាក្យល្អៗភាគ​ច្រើន​ចេញ​មក​ពី​ភាសា​សំស្រ្កឹត​។

ព្រះ​តេជគុណ​ប៉ុង ម៉ៃ​ មាន​ព្រះ​ជន្ម​២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត​ បាន​ប្រាប់​និយាយថាការ​រៀន​ភាសា​ទាំង​ពីរ​នេះ​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​អ្នក​ដ៏ទៃ។ ព្រះអង្គ​បាន​លើក​ឡើង​ថា​៖«​អត្ថប្រយោជន៍មាន​ច្រើន​តែ​បើ​យើង​និយាយ​អោយ​សង្ខេប​ទៅ​ ការ​សិក្សា​ភាសា​បាលី ​និង​សំស្រ្កឹត​វា​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​ខ្លួន​យើង​ផ្ទាល់​ និងសម្រាប់​អ្នក​ដ៏​ទៃ​ផង​ពី​ព្រោះ​កាល​ណា​បើ​យើង​ចេះ​ភាសា​បាលី​ និងភាសា​សំស្រ្កឹត​យើង​អាចបង្រៀន​អ្នក​ដ៏ទៃ​ ពីព្រោះភាសាបាលី​និង​សំស្រ្កឹត​នេះ​មិន​ងាយ​មាន​អ្នកបង្រៀន​បាន​ទេ​ព្រោះ​អី​បើ​មាន​ មានតែនៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​»។

ព្រះ​តេជគុណ​ប៉ុង ម៉ៃ​

ព្រះ​តេជគុណ​សៀក ឈាង​ មាន​ព្រះ​ជន្ម​ ២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យជួន ណាត​ បាន​និយាយថាអត្ថ​ប្រយោជន៍​ភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ពុទ្ធវចន​ និង​ផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់​មូលដ្ឋាន​អក្សរសាស្រ្ត​ខ្មែរ​និង​សិលាចរិកពីបុរាណ។

ព្រះ​តេជគុណ​សៀក ឈាង

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖ «ហើយ​ហ្នឹង​ជា​អត្ថប្រយោជន៍​ដែល​ងាយ​ស្រួល​ឱ្យ​យើង​យល់ដឹង​ពី​អត្ថន័យ​នៃ​ពុទ្ធ​វចន ធ្វើយ៉ាង​ណា​ធ្វើ​ឱ្យ​យើង​ងាយ​ស្រួល​ស្វែង​យល់​ ជាក់​ស្ដែង​ការសិក្សា​ក្នុង​ពុទ្ធ​ចក្រក្នុងប្រទេស​កម្ពុជា​​យើង​តាម​សាលាសិក្សា​ភាសា​បាលី​ដូច​ថ្នាក់​អនុវិទ្យាល័យ​គេ​មាន​ មង្គលត្ថទីបនី ហើយ​ថ្នាក់​វិទ្យាល័យ​មាន​វិ​សុទ្ធិមង្គជា​ដើម​​»។

ចំពោះ​ភាសា​សាស្រ្កឹតវិញ ព្រះ​អង្គ​បានលើក​ឡើង​ថា ​ក៏​ជាមូល​ដ្ឋាន​ក្នុង​ការសិក្សា​ពី​ប្រវត្តិ​អក្សរ​ពី​បុរាណ​ដែល​បាន​ចារ​លើ​សិលា​ចរិក​ជា​ដើម​។

ព្រះ​តេជគុណ​ស៊ឹម វ៉ានដេត​ មាន​ព្រះ​ជន្ម​ ២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យព្រះសុរាម្រិត​ ​បាន​លើក​ឡើង​ថាការចេះ​ភាសា​ទាំង​ពីរ​នេះ​ងាយ​ក្នុង​ការ​យល់​ពី​មូល​ដ្ឋាន​អក្សរ​សាស្រ្ត​ខ្មែរ។

ព្រះ​តេជគុណ​ស៊ឹម វ៉ានដេត

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖«អត្ថប្រយោជន៍​នៃភាសាបាលី​ បើ​យើង​គិត​ពី​អក្សរសាស្រ្ត​ អក្សរសាស្រ្ត​ខ្មែរ​យើង​ក៏​មាន​មូល​ដ្ឋាន​ពី​ភាសា​បាលី​ដែរ​​​​​ ប៉ុន្តែ​វា​មិន​មែន​ទាំង​អស់នោះ​ទេ​ វាអាចងាយស្រួល​ក្នុង​ការ​លើក​ឡើង​ក្នុង​ការ​យក​ភាសា​បាលី​ទៅ​ប្រើ​ក្នុង​ភាសាខ្មែរ​យើង​ ព្រោះ​ភាសាផ្លូវ​ការ​ភាគ​ច្រើន​ជា​បាលី​​ ដូចជា​ឧទ្ធម្ភាគចក្រជាដើម​និយាយ​រួម​ទៅ​ច្រើន​។ ព្រះ​អង្គបន្ត​ទៀត​ថា​៖«ចំណែកឯសំស្រ្កឹត​ក្នុង​អក្សរសាស្រ្តខ្មែរ​ក៏មាន​ប្រើ​ដែរ​ជាក់​ស្ដែង​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ហ្នឹង​ក៏មាន​លាយ​ភាសា​សំស្រ្ដឹត​ដែរ​ ហើយ​ក៏​ងាយ​ក្នុងការ​ស្វែង​យល់​ពី​សិលា​ចរឹក​ដែរ»៕