ក្រសួងធនធានទឹក បានប្រកាសពីគ្រោះថ្នាក់ធម្មជាតិ ក្នុងរយ:ពេល៤ ថ្ងៃជាប់គា្នខាងមុខ ចាប់ពីថ្ងៃទី១៩ ដល់ទី២២ ខែកក្កដានេះ ក្រោយព្យាករណ៍ថា កម្ពុជានឹងទទួលឥទ្ធិពលកូនព្យុះ សេមប៉ាកា «CEMPAKA» លាយនឹងខ្យល់មូសុងនិរតីខ្លាំង ពីសមុទ្រចិនខាងត្បូង ដែលវិវត្តន៍ពីព្យុះទីហ្វុងនៅសមុទ្រប៉ាស៊ីហ្វិក ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងឧតុនិយម ដែលចេញផ្សាយនៅរសៀលថ្ងៃទី១៩ កក្កដានេះបានបញ្ជាក់ថា កូនព្យុះថ្មីទី៧ សេមប៉ាកា ដែលនឹងបង្កឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង មកលើប្រទេសកម្ពុជានេះ ត្រូវបានរកឃើញក្រោយព្យុះទី៦ «IN-FA» ដែលបានកើតនៅលើសមុទ្រប៉ាស៊ីហ្វិក នៅវេលាម៉ោង១ យប់ ទី១៨ កក្កដានេះ បានបំប្លែងទៅជាសម្ពាធមួយថ្មីឆ្ពោះទៅជិតប្រទេសហុងកុងក្នុងដែនសមុទ្រចិន។
ស្ថានភាពអាកាសធាតុតាមតំបន់ធំៗចំនួន៣ មានលក្ខណ:ដូចជា តំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើនជាមួយខ្យល់កន្រ្តាក់កម្រិតខ្លាំង។ តំបន់ដងទន្លេមេគ្គង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ និងមានភ្លៀងធ្លាក់ពីមធ្បមទៅ ច្រើនលាយឡំខ្យល់កន្រ្តាក់កម្រិតខ្ពស់ដូចគ្នា។ តំបន់មាត់សមុទ្រ នឹងបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលបណ្តាលឱ្យមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ក្រសួងបន្ថែមថា ដើម្បីចៀងវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុដូចដែលបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយយកចិត្តទុកដាក់៕