អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល ​អំពាវនាវដល់​សាធារណជនឱ្យប្រុង​ប្រយ័ត្ន​ ​ជំងឺ​កូវីដ​១៩ ពិ​សេសវី​រុស​បម្លែង​​ប្រភេទ​ថ្មី​ដែលតា និង​អាល់​ហ្វា ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ថា កម្ពុជា​កំពុង​ប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហមបើនៅតែមិន មានការ​ទទួល​ខុស​ត្រូវ​រៀង​ៗខ្លួនក្នុងការការពារទេនោះ។

យោង​តាមសារ​ដែល​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យក្រសួង​សុខាភិបាល ផ្ញើ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​តេឡេក្រាម កាលពី​ថ្ងៃទី​១៧ ខែកក្កដា​នេះ ​លោកស្រី ឱ វណ្ណឌីន បាន​អំពាវនាវ​​ដល់​បុគ្គល​ គ្រួសារ យកចិត្ត​ទុក​ដាក់​ការពារ​ខ្លួន​ជាមួយ​ជំងឺ​កូវីដ​១៩ ជៀសវាង​ការ​ដើរ​ហួស​បន្ទាត់​ក្រហម​ដែល​អាច​បង្ក​ជា​សោកនាដកម្ម​ដោយ​សារ​ជំងឺ​កូវីដ​១៩​។

លោកស្រី​បញ្ជាក់​ថា៖ « សុំឱ្យបងប្អូនយើង​ងាកមក​រក​ការការពារ​រៀងៗ​ខ្លួន​ឱ្យ​បាន​ហ្មត់​ចត់​ឡើង​វិញ កុំបន្ធូរបន្ថយឱ្យសោះបើយើងមិនចង់ឃើញសោកនាដកម្មសុខភាពសាធារណ:  ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ»។

តាម​រយៈសារ​អំពាវនាវ​ដដែល​លោកស្រី​លើក​ឡើង​ពី​វី​រុស​បម្លែង​ថ្មី​ប្រភេទ​ដែលតា​ និង​ពិសេសប្រភេទ​អាល់ហ្វា ​ថា​កំពុង​មាន​ការ​​រាត​ត្បាត​យ៉ា​ង​ខ្លាំង​ស្ទើ​​គ្រប់​ខេត្ត​ក្រុង​។

លោកស្រី​លើកឡើងថា៖ ​«អ្វីដែលសំខាន់នាពេលនេះទោះជាដែលតា ឬអាល់ហ្វា  យើង​ត្រូវ​តែ​រួម​គ្នាការពារព្រោះបច្ចុប្បន្ននេះអាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា​ទៅសឹងគ្រប់ខេត្ត-ក្រុងទៅ​ហើយ  រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ»។

គិត​ត្រឹម​ថ្ងៃចន្ទ ទី​១៩ ខែ​កក្កដា​​នេះ​​ កម្ពុជាមាន​អ្នក​ឆ្លង​ជមងឺ កូវីដ​១៩​សរុប​ចំនួន៦៧,៩៧១ អ្នក​និង​មាន​​អ្នក​ស្លាប់​​សរុប​ចំនួន​១១២៨​នាក់៕​  

​​