រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវចំពោះប្រជាពលរដ្ឋណាដែលធ្លាប់ទទួលបានការចាក់វ៉ាក់សាំងដូសទី១ កាលពីថ្ងៃទី៨ កក្កដា រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងលើកទី២ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅយប់ថ្ងៃចន្ទនេះ បានបញ្ជាក់ថា ពលរដ្ឋទាំងឡាយណាដែលធ្លាប់ទទួលបានវ៉ាក់សាំងដូសទី១ រួចកាលពីមុនថ្ងៃបិទយុទ្ធនាការកាលពីខែកក្កដា សូមរួសរាន់មកទទួលការចាក់វ៉ាក់សាំងលើកទី២ តាមទីតាំងដែលខ្លួនធ្លាប់បានចាក់វ៉ាក់សាំងលើកទី១ ចាប់ពីម៉ោង៨:០០ នាទីព្រឹក ដល់ម៉ោង៥:០០ នាទីរសៀល ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត។ រដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវចំពោះការចាក់វ៉ាក់សាំងក្រោយថ្ងៃទី១៥ សីហាឡើយ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា មុនពេលអញ្ជើញទៅទទួលវ៉ាក់សាំង ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួងសុខាភិបាលជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត និងត្រូវបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ក្នុងអំឡុងពេលចាក់វ៉ាក់សាំង៕