រដ្ឋបាលរាជធានី​ភ្នំពេញ​ អំពាវនាវចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ធ្លាប់ទទួល​បាន​ការចាក់វ៉ាក់សាំង​ដូសទី​១ កាលពី​ថ្ងៃទី​៨ កក្កដា​ រួសរាន់​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១​ ក្នុង​ភូមិសាស្រ្ត​រាជធានី​​ភ្នំពេញ​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​​សាលារាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃចន្ទ​​នេះ ​បាន​បញ្ជាក់​​ថា ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ធ្លាប់ទទួល​បា​ន​វ៉ាក់សាំង​ដូសទី​១ រួច​កាលពីមុន​ថ្ងៃ​បិទ​យុទ្ធនាការ​​កាល​ពី​ខែ​កក្កដា​ សូម​រួសរាន់​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​លើកទី​២ តាម​ទី​តាំង​ដែល​ខ្លួន​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ចាប់ពី​ម៉ោង៨:០០ នាទី​ព្រឹក ដល់​ម៉ោង​៥:០០ នាទី​រសៀល​ ត្រឹម​ថ្ងៃទី​១៥ ខែ​សី​ហា​ ឆ្នាំ​២០២១ ជា​កំហិត​។ ​ រដ្ឋបាលរាជធានីភ្នំពេញ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​ក្រោយ​ថ្ងៃទី​១៥ សីហា​ឡើយ​​។​

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា មុនពេលអញ្ជើញ​​ទៅ​ទទួល​វ៉ាក់សាំង​ ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​​ ដែល​មាន​បញ្ហា​សុខភាព​ ដូចជា​ ក្តៅ​ខ្លួន​ ក្អក​ កណ្តាស់​ ផ្តាសាយ​ ពិបាក​ដក​ដង្ហើម​ ឬរោគសញ្ញា​ផ្សេង​ទៀត​ សូម​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​១៩ដោយខ្លួន​ឯង​ ដើម្បី​បញ្ជាក់ពី​ស្ថានភាព​សុខភាព​ និង​លទ្ធផល​តេស្ត​អវិជ្ជមាន​ ស្រប​តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​សុខាភិបាល​ជាមុន​សិន​ ចៀសវាង​ប៉ះពាល់​ដល់​ក្រុម​គ្រូពេទ្យ​ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ និង​ត្រូវ​​បន្ត​អនុវត្ត​វិធានការ​ «៣​ការពារ​ និង​៣កុំ» ក្នុង​អំឡុង​ពេល​ចាក់​វ៉ាក់សាំង​៕​