នៅ​ម៉ោងប្រមាណ​ជា​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកក្កដា អ្នកស្រី ទង់ រ៉ន ​អតីតកម្មករ​បោស​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រីបាន​ដើរ​ចេញ​ពី​កន្លែង​បើក​លុយ​នៅ​​ហ្គារ៉ាស់ស៊ីនទ្រី​ក្នុង​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ​ជាមួយ​កម្មការីនី​​ជា​ស្រ្តីវ័យ​ចំណាស់ៗ​ដូចគ្នា​បណ្តើរ​ និយាយត្អូញត្អែរបណ្តើរ​ អំពី​ការ​បញ្ឈប់​បុគ្គលិក​​ ដែល​មាន​ទាំង​ឈ្មោះ​របស់​ពួកគេ​ផង​​​។

អ្នកស្រី​វ័យ៦១​​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម​ សក់​រួញ​អង្គាដី​ប្រះស្មា មាន​​​ស្នាមជ្រីវជ្រួញ​នៅ​លើដៃ​ដែល​ចេញ​សរសៃរ​ដោយ​សារ​ការ​ធ្វើការងារ​ប្រើកម្លាំងដៃ​ខ្លាំង និយាយ​ប្រាប់ Newsroom Cambodia ​ដោយមាន​​ចងចិញ្ចើម​​លើ​ផ្ទៃមុខ​ជ្រីវ​ជ្រួញរបស់​ខ្លួន​ថា៖ «ពួកខ្ញុំសុទ្ធតែធ្វើនៅ​ហ្នឹង​២០​ឆ្នាំ​ជាង​ហើយ​​។ គេ (ក្រុមហ៊ុនស៊ីនទ្រី) បញ្ឈប់​ចោល​ទទេរ​ គេបង់លុយ​ឱ្យ​ក៏អត់ដែរ អូនអើយ។ ហើយ​ផ្ទះជួល​ ទិញដីបង់រំលួស​ បង់អី​ រកលុយ​ឱ្យ​គេ​គ្មាន​។ ទឹកភ្នែករហេមរហាម​។ ហើយ​ដល់​ម​កបើ​ក​លុយ​ចុង​​ក្រោ​យ​​បាន​ម្នាក់២០ម៉ឺន​»។​

ក្នុង​អំឡុង​ពេល​រង​ចាំបើក​ប្រាក់​ កម្មករវ័យ​ប្រមាណជា​​៤០ ទៅ​៦០​ឆ្នាំ​ប្លាយ​​ផ្សេង​ទៀត កំពុង​​ជំនុំគ្នា​ឈរចាំ​ទល់មុខ​ច្រក ​​​ដើម្បី​​ចូល​ទៅ​បើក​​ប្រាក់បៀវត្សចុង​ក្រោយ​ប​ង្អស់ដែល​ខ្លួន​បាន​​ធ្វើ​ក្នុង​រយ:ពេល​១៥ថ្ងៃចុង​ក្រោយ​។ ពួកគេ​ខ្លះ​បាន​​​​ទ្រហោរយំ​ក្រោយ​មើល​ឃើញ​ឈ្មោះរបស់​ខ្លួន​នៅ​លើ​ក្រដាស​ជម្រុះ​បុគ្គលិក​ពី​ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី​ ​ដែលពួកគេចំណាយ​ពេល​ជាង​១០ ទៅ​២០ឆ្នាំ​បម្រើការងារ​សម្អា​ត និងរក្សាអនាម័យ​រាជធានី​​ភ្នំពេញ​តាំង​ពី​ក្រុមហ៊ុន​ចាប់បដិសន្ធិ​នៅ​ឆ្នាំ២០០៣មក​។​

អ្នកស្រី​ ទង់ រ៉ន ​​អះអាងថា ​អ្នកស្រី​​បាន​ចូល​បម្រើការ​ឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​នេះតាំងពី​អាយុ​៣៣ឆ្នាំ ​ដែលមាន​ប្រាក់ខែ​ដំបូង​គេបង្អស់​ត្រឹម​៨,០០០រៀលមកម្ល៉េះ រហូត​ដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១នេះ​។ លើក្រដាសជម្រុះបុគ្គលិក​ចេញ​ពីការងារ​មាន​ឈ្មោះអ្នកស្រី​ដែលត្រូ​វបណ្តេញ ជាមួយ​​សមាជិកកម្មករនិយោជិត ​និងសហជីពដទៃទៀត​ព្រមគ្នា ។

​​អ្នកបោសសំអាត​តាមផ្លូវថ្នល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​​​​រូប​នេះ​បាន​រំឮក​ថា​ កាល​ពីថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ២០២១នេះ​ ភាគីក្រុមហ៊ុន​ស៊ីនទ្រី​បាន​បង្ខំឱ្យ​ខ្លួន​រួមជាមួយ​កម្មករ​ស៊ីនទ្រី​ចំណាស់ៗដូចគ្នា​ឯទៀត​ផ្តិតមេដៃ​នៅ​លើលិខិត​កិច្ចសន្យា​ដែល​មិនច្បាស់លាស់មួយ។ អ្នកស្រី​ថា​​ អ្នកស្រី​មិនចេះអក្សរហើយ​មិនបាន​ដឹង​ច្បាស់ថា​ខ្លឹមសារ​នៅ​ខាង​ក្នុង​និយាយពីអ្វី​ ឬ​មាន​លក្ខខណ្ឌ​អ្វី​នោះទេ​ ដោយ​​គ្រាន់តែឮពី​មិត្តរួមការងារថា​ជា​កិច្ចសន្យាបន្តការងារ​នៅក្រុមហ៊ុនស៊ីនទ្រី​តទៅទៀត ទើបអ្នកស្រី​​​សម្រេច​ថា​ផ្តិតមេដៃ​តាម​ការណែនាំ​របស់ក្រុមហ៊ុន​​​។​

«អ្នកចេះអក្សរអី គេអ្នកមើល គេថាបើបញ្ឈប់​ពួកយើង​អត់​ការងារ​ធ្វើ​ គេ (ក្រុមហ៊ុន​ស៊ីនទ្រី) សង១,០០០​ (ដុល្លារ) វិញ​។ ពួកខ្ញុំ​ចូលការងារនឹងវិញ​គេ (ក្រុមហ៊ុនស៊ីនទ្រី) ថា​បង់ឱ្យ​ពួកគេ​១,០០០ (ដុល្លារ) វិញ​។ ហើយ​ឥឡូវ​មាន​បង់​មាន​សងអី​ឯណាវិញ​? អត់ផង​នឹង​! បើក​លុ​យ​បានតែ​២៤ ម៉ឺន​នឹង​!»។

អតីតកម្មករបោសសំអាតផ្លូវ​ស៊ីរូបនេះ​​និយាយបណ្តើរ​ ក្រឡេកមើល​ទៅ​មិត្តរួមការងារ​ជាស្រ្តី​ចំណាស់ៗដូចគ្នា​បណ្តើរ​​ថា៖ «ខ្ញុំវាអត់ចេះ​ អញ្ចឹង​ខ្ញុំ​ឱ្យ​គេ​មើល​ឱ្យ​ ដល់​ស្តាប់​ទៅ​​​ឮគេ​និយាយថា​អញ្ចឹង​ (យល់​ច្រឡំ​ថា​ជា​កិច្ច​សន្យា​បន្ត​ការងារចាស់)»។

អតីតអ្នក​បោស​សំរាម​​ដែល​មាន​កូន​ប្រុសស្រី​ចំនួន​៧នាក់​​បាន​បន្ត​ថា ពេល​ធ្វើ​ការ អ្នកស្រី​ត្រូវ ប្រឈម​​នឹង​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​​​ និង​ឈរ​ក្រោម​​កម្តៅ​ថ្ងៃ​ក្តៅហួតហែងចំនួន​៨ម៉ោង​ជាប្រចាំ។ ​អ្នកស្រី​ថា អ្នកស្រី​ធ្វើការ​ចាប់ពី​ម៉ោង​៤ព្រឹក​ព្រលឹម ដល់ម៉ោង​៩​ព្រឹក និង​ម៉ោង​១២ថ្ងៃត្រង់ ដល់ម៉ោង​៣រសៀល​ទើបបាន​ទៅ​ផ្ទះនៅ​សង្កាត់​ចោមចៅ ផ្លូវជាតិ​លេខ៣ សម្រាក​វិញ​នោះទេ។​ ប៉ុន្តែ​អ្នកស្រី​និយាយ​ក្តែងៗដោយ​ការ​តាំង​ចិត្ត​ថា ​អ្នកស្រី​​មិន​ដែល​គិត​ចង់​បោះបង់​ការងារ​ ​ដែល​ជា​អ្នក​បោស​ដី​តាម​ថ្នល់​នោះ​ទេ។​

អ្នកស្រី​ ទង់ រ៉ន គឺជាកម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករស៊ីនទ្រី​ និង​សហជីព​ប្រមាណជាជាង​​១,០០០​នាក់​​ទៀត​ដែល​​ត្រូវ​បាន​ក្រុម​ហ៊ុន​​បញ្ឈប់ពី​ការងារ​តាំង​ពី​ថ្ងៃ​ទី​១ ខែកក្កដា​ ឆ្នាំ​២០២១។

ការ​បញ្ឈប់​កម្មករ​​ជាច្រើន​រយ​នាក់​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពីការ​ចាប់ផ្តើម​ប្រតិបត្តិការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុនថ្មី២ទៀត រួមមាន ក្រុមហ៊ុន Mizuda Sanitation ដែលមានម្ចាស់ជា​ជនជាតិចិន និង​ក្រុម​ហ៊ុន 800 Super របស់សិង្ហបុរី នៅថ្ងៃទី១ ខែកក្ក​ដា ឆ្នាំ២០២១ ប​ន្ទាប់​ពី​ពន្យារ​ពេល​អស់​រយៈពេល​៣ខែ។

អតីត​កម្មករ​ប្រមូលសំរាម ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ម្នាក់​ទៀត​ឈ្មោះ​ គង់ គីម មក​ពី​ខេត្ត​ព្រៃវែង​ ដែល​មាន​កូន​ស្រី​២ ប្រុស ១នាក់​​ក្នុង​បន្ទុក​ បាន​ប្រាប់ពី​ទុក្ខលំបាករបស់ខ្លួន​ទាំង​គ្រវីក្បាល​ថា៖ «អត់​ដឹង​​ដែរ រកការងារ​អត់​បាន​ធ្វើ​ វាចប់! ដេក​បាន​តែហូប​បាយ​ផ្ទះ​។ ធ្វើ​សំណង់​ក៏​គេ​មិន​យក​ទៀត​ឥឡូវ​»។ 

លោក គីម បន្ថែម​ថា ​លោក​បាន​ព្យាយាម​ដាក់​ពាក្យ​ធ្វើការងារ​នៅ​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​រួច​ហើយ​ ប៉ុន្តែ​គេ​បដិសេដ​ដោយ​សំអាង​ថា​មាន​បុគ្គលិក​គ្រប់គ្រាន់​​​។

អតីត​កម្មករ​កើបសំរាម​រូប​នេះ​បញ្ជាក់​ថា​ ជំហាន​បន្ទាប់​នឹង​ដាក់ពាក្យ​ទៅ​ធ្វើការ​ជា​សន្តិសុ​ខវិញ ប៉ុន្តែ​លោក​ គីម​ មិន​ជាសង្ឃឹម​ថា​អាច​ទទួល​ការងារ​នោះបាន​ទេ​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ នេះដែល​ចំពេល​ដែល​សេដ្ឋកិច្ចជាតិ​កំពុង​ស្រុតចុះ​ដូចគ្នា​ដែរ។

លោក ចន្ថា ​អតីតកម្មករស៊ីនទ្រី ​វ័យ​៤០ឆ្នាំ​ បាន​​សម្តែង​ការ​ស្មុគស្មាញ​ និង​អស់ជំនឿ​ក្នុង​ការ​ទាមទារ​តវ៉ា​រក​ជំនួយ​ក្រោយ​សហជីព​ទាំងមូល​ត្រូវ​​​អស់សិទ្ធិអំណាច​ក្នុង​ការ​ជ្រោមជ្រែង​ និង​ទាមទារ​សិទ្ធិ​ដល់​កម្មករ​ស៊ីនទ្រី​តទៅទៀត​ លោកបាននិយាយតាមទូរស័ព្ទ ​ប្រាប់ Newsroom Cambodia ​ថា៖ «ដំណាក់កាលនេះ ជា​ដំណាក់កាលចុង​ក្រោយហើយ​ គ្មានអ្វី​ដែល​អាច​ធ្វើ​ទៅ​ទៀតទេ! មិន​ដឹង​ធ្វើ​អី​ទាមទារ​ទៅ​ក្រុមហ៊ុន​បានទៀតទេ។ បើក្រុមហ៊ុន​ជិត​រលាយ​ដែល​ហើយ​ ។ »

លោក​បន្ថែមថា លោក​កំពុង​ជាប់​បំណុលពី​ធនាគារ​មីក្រូ​ហិរញ្ញវត្ថុ​ប្រមាណ​ជាង​១,០០០​ដុល្លារ​អាមេរិក ហើយ​កំពុង​មាន​កូនប្រុស២ ស្រី​១​ក្នុង​បន្ទុក​ដែល​ត្រូ​វរ៉ាប់រង​តែ​ម្នាក់​ឯង​ ដោយ​ប្រពន្ធ​របស់​លោក​មិនអាច​រក​ចំណូល​ពី​ការ​ធ្វើស្រែ​បា​នទេ។​

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មិនអាចធានារកការងារ​ឱ្យ​កម្មករ​ចាស់​បានទេ ដោយ​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា​ ដែល​ជា​ថ្ងៃប្រកាសបើក​ប្រាក់​៥%​នៃប្រាក់សរុបនោះ ក្រុមហ៊ុន​បានជម្រុះ​បុគ្គលិក​អស់​៤ នាក់​បន្ថែម​ទៀត​ចេញ​ពី​ជួរ​ការងារ​ដែល​កំពុង​ធ្វើ​ភ្លាមៗ។

លោក​ កៅ សុខវ៉ាត​ ដែល​ជា​អតីត​ប្រធានសហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុនស៊ីនទ្រី​ បាន​ខលមក​ Newsroom Cambodia នៅ​​​ថ្ងៃទី​១៦ ខែ​កក្កដា​​ថា​ លោក​ឈប់​ធ្វើជា​សហជីព​ ដោយ​លោក​ទទួលបាន​ដំណឹង​​ថា​សាលារាជធានី​ភ្នំពេញ​មិនអនុញ្ញាត​ឱ្យ​ទទួល​យក​សហជីព​កម្មករស៊ីនទ្រី​ធ្វើការ​វិញ​ដូច​ដើម​ទេ។

លោក​ប្រាប់​ពី​ហេតុ​ផល​ថា​៖ «គេថា​អ្នកប្រឆាំង​ អ្នក​បះបោរ​ម៉េច? អានឹង​ខ្ញុំ​មិន​ដឹង​ថា​យ៉ា​ង​ម៉េច​ដែរ បើគេ​ចោទ​មក​ចឹង​»។​

លោក​សុខវ៉ាត ដែល​មានប្រវត្តិធ្លាប់ធ្វើការ​ជា​កម្មករ​ឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​តាំង​ពី​ឆ្នាំ២០០៧ បន្ត​ថា មូលហេតុ​ដែល​លោក​មិន​បាន​បន្ត​តវ៉ា​រក​ខុសត្រូវ​ជូន​កម្មករ​ពីព្រោះ​លោក​បារម្ភពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ដោយ​លោក​បញ្ជាក់ថា​៖ «ខ្ញុំគិត​ថា​ដោយ​សារ​តែ​មាន​ការ​គំរាម​គំហែង​ពី​ក្រុមហ៊ុន ក៏ដូចជា​សាលាក្រុង​ចឹង​។ ខ្ញុំ​គិតពីសុវត្ថិភាព​ការងារ​ គិត​ពី​សុវត្ថិភាព​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែរ ខ្ញុំ​ក៏​ខ្ជិល​តវ៉ា ខ្ចិលអី​។ សុំ​បញ្ចប់​ រកការងារ​ថ្មី​»។​ ​

អតីត​កម្មករក្រុម​ហ៊ុន​ស៊ិនទ្រី​​​មួយ​ចំនួ​ន​ទទួល​បាន​ការងារ​​​ធ្វើ​នៅ​ក្រុម​ហ៊ុន​ប្រមូលសំរាមឯកជនថ្មី​២មាន​ ម៉ាស៊ូដា (Mazuda) និង​៨០០ ស៊ុបភើ  (800 Super)​ ដោយ​បន្សល់​កម្មករ​ប្រមាណជាង​ ៥០០ ទៅ​៦០០ នាក់​តែល​តោល​គ្មាន​​ប្រភព​ចំណូល​ច្បាស់លាស់​ គួបផ្សំ​នឹង​ការ​ពិបាក​ក្នុង​ការ​រកការងារ​ធ្វើ​ ជាពិសេស​ក្នុងបរិបទ​កូវីដ​នេះ​។

កម្មករ​ទាំងនោះ​ព្រួយបារម្ភ​ចំពោះ​​លុយ​ដែល​ពួកគេ​មាន ​ដែល​មិននៅ​សេសសល់​ច្រើន​សម្រាប់​ទប់​ចំណាយ​​ក្នុងអំឡុង​ពេល​ដែល​ខ្លួន​នៅ​ទំនេរអត់​ការងារ​ច្បាស់លាស់​ បូករួម​នឹង​បំណុល​ដែល​មាន​ជាប់ជំពាក់​មិនទាន់​ដោះស្រាយ​បាន​។

លោក​ ឃុន​ ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ សង់ត្រាល់ លើកឡើង​ថា ការ​បញ្ឈប់​បុគ្គលិកដោយ​មិន​មាន​ការ​ផ្តល់​ដំណឹង និងការ​បើក​ប្រាក់​ខែ​មិន​គ្រប់តាម​ចំនួន​ដែល​កម្មករ​មាន​សិទ្ធិ​ត្រូវ​ទទួល​បាន​ ជា​ការ​ដែល​ខុសនឹង​ផ្លូវ​ច្បាប់​។

លោក​បញ្ជាក់​ថា​៖ «បើ​ផ្អែក​តាម​មាត្រា​៩៤ នៃ​ច្បាប់ស្តី​ពី​ការងារ​ ត្រូវ​មាន​លក្ខណ:វិនិច្ឆ័យ​សមរម្យ​។ ត្រូវ​តែ​មាន​ការអនុញ្ញាត​បំពេញ​នូវ​បែបបទ​នៅ​ក្នុង​ការ​បញ្ឈប់​កម្មករ​និយោជិត​ជាលក្ខណ:​ទ្រង់ទ្រាយ​​ធំ​​»។​

លោកបន្ថែម​​ថា យោង​តាម​ការ​វិនិច្ឆ័យ​ថា​ក្នុង​ស្ថានភាព​នៃការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នេះទៀត​សោត ក្នុង​នាម​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​បម្រើ​ផ្នែក​សេវាកម្ម​ និង​មាន​កម្មករ​និយោជិត​ដែល​មាន​អតីតភាព​ការងារ​រាប់​ឆ្នាំ​មក​ហើយ​នោះ​គឺ​ ការ​បញ្ឈប់​ការងារ​កម្មករ​ក្នុង​កាល:ទេស:នេះ​រឹងតែ​ផ្ទុយ​ពី​គោលការណ៍ច្បាប់នៃ​ការងារ​។ ចំណែក​ការ​ទូទាត់សំណង​មិនត្រឹមត្រូវ​ជូន​កម្មករនិយោជិត​រឹតមាន​ទោស​បន្ថែម​ទៀត​។

លោក ​ថារ៉ូ បញ្ជាក់​ថា៖ «​ការ​បញ្ឈប់​កម្មករនិយោជិត​ក្នុង​ទ្រង់ទ្រាយធំ​ គឺ​មាន​ថ្នាក់ដឹកនាំ​សហជីព​នៅ​ក្នុង​នឹង​ ហើយ​ច្បាប់​មានការការពារពិសេស​ទៅ​ដល់​ស្ថាបនិក​ ទៅ​ដល់​ថ្នាក់​ដឹក​នាំសហជីព​តំណាង​ប្រតិភូ​បុគ្គលិក​នៅ​កន្លែង​ការងារ​។ អានឹង​លុះត្រាតែ​មាន​ការ​ធ្វើ​អធិការកិច្ច​ ឬ​ក៏​លក្ខខណ្ឌ​ដែល​គាត់​មាន​កំហុស​ធ្ងន់​ បាន​គាត់​អាច​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​។ ចឹង​ករណី​នឹង​ក្រុម​ហ៊ុន​នឹង​រំលោភ​ច្បាប់​ទៅ​ហើយ​ ដោយសារ​​គាត់​បញ្ឈប់​ទាំង​ថ្នាក់​ដឹកនាំ​សហជីព​ រលាយ​រចនា​សម្ព័ន្ធ​អង្គការ​វិជ្ជាជីវ:នៅ​កន្លែង​ការងារ​ ហើយ​មិន​អនុវត្តន៍​តាម​និតិវិធី​ផ្លូវ​ច្បាប់​ អានឹង​មាន​ន័យ​ថា​ក្រុម​ហ៊ុន​នឹង​ធ្វើ​ខុស​ច្បាប់​ហើយ»។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ សង់ត្រាល់ រូបនេះ​​បាន​អំពាវនាវ​ឱ្យ​រដ្ឋធានានូវការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់​តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ជាពិសេស​ក្នុង​ស្ថានភាព​នៃការ​រាលដាល​នៃ​កូវីដ-១៩ ចាំបាច់​ត្រូវ​ធានា​ស្ថេរភាព​ការងារ​ដល់​កម្មករ​និយោជិត​ ដោយ​មិន​អាច​ឱ្យ​ក្រុមហ៊ុន​​មូលធន​ទាំង​អស់បញ្ឈប់​ការងារ​កម្មករនិយោជិត​ ដោយ​​យក​លេសពី​បញ្ហា​សេដ្ឋកិច្ច​បាន​នោះទេ​។

លោក​បាន​បន្ត​​​ថា​៖ «អញ្ចឹង​ប្រសិន​បើ​ក្រុមហ៊ុន​អាច​បញ្ឈប់ទៅ​តាម​ចិត្តរបស់គាត់បាន​​ ​មិនយក​ច្បាប់​មក​ប្រើ​ប្រាស់ អញ្ចឹង​យើង​បង្កើត​ច្បាប់ធ្វើ​អី​? ហើយ​វា​ជាគំរូ​អាក្រក់ដល់​ក្រុមហ៊ុន​ផ្សេងទៀត​ ដែលអាច​អនុវត្តន៍​បាន​ដូច​គ្នា​មាន​ន័យ​ថា​ប្រសិនជា​អនុវត្តន៍បាន​ ក្រុមហ៊ុន​ផ្សេងៗទៀត​ក៏​អាច​យកគំរូអាក្រក់​ទៅ​អនុវត្តបាន​ដូច​គ្នា​។ អញ្ចឹង​នៅ​ក្នុង​ស្ថានភាព​នឹង​ រំលោភទៅ​នឹង​សិទ្ធិ​ការងារ​ រំលោភ​នូវ​លក្ខខណ្ឌការងារ​សម្រាប់​កម្មករ​និយោជិត»។

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​ទៅ​លោកស្រី​ សេង សូលីដា ដែល​ជា​អនុ​ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី​តាំង​ពី​ថ្ងៃទី​១៣ ខែ​កក្កដា តែ​មិន​មានការ​ឆ្លើយ​តប។

​លោក ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​តាម​ប្រព័ន្ធ​សារតេឡេក្រាម​នៅថ្ងៃទី​១៦ ខែ​កក្កដា​នេះបានបញ្ជាក់​​ថា ​លោក​មិនអាចអត្ថាធិប្បាយ​ពី​បញ្ហានេះ​បាន​ទេ ដោយសារ​​កិច្ចព្រមព្រៀង​វិវាទ​ការងារ​របស់​កម្មករស៊ីនទ្រី​​កន្លងទៅ​ គឺ​ធ្វើ​ឡើង​ដោយរដ្ឋបាលរាជធានីភ្នំពេញ។

Newsroom Cambodia មិនបាន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានីភ្នំពេញ​ជុំវិញ​បញ្ហា​នេះបានទេ​​​។

យោង​តាម​សេចក្តី​ប្រកាសរបស់​សាលារាជធានី​ភ្នំពេញ​ ចេញ​នៅយប់​ ​ថ្ងៃទី​៣០ ខែ​មិថុនា បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ថ្មី​ចំនួន​៣ នឹង​ចុះ​ទៅ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង បន្ត​ពី​ប្រតិបត្តិករ​ចាស់​ នៅ​តាម​តំបន់​ដោយ​ឡែក​ពី​គ្នាចំនួន​៣៖ «ក្រុមហ៊ុន​ 800 Super/Global Action for Environment Awareness Public Limited នឹង​ផ្តល់​សេវា​ ដល់តំបន់​ទី​១ ដែល​មាន​​ខណ្ឌ​ចំនួន​៥ គឺ ខណ្ឌ​ទួល​គោក ខណ្ឌ​ឫស្សីកែវ ខណ្ឌ​សែនសុខ​ ខណ្ឌ​ជ្រោយ​ចង្វារ និង​ខណ្ឌ​ព្រែកព្នៅ។ ក្រុម​ហ៊ុន​ Mizuda Group  Co, Ltd នឹង​ត្រូវ​ផ្តល់​សេវាដល់​ខណ្ឌ​ចំនួន​៥ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​ទី​២ គឺ ខណ្ឌ​ដូន​ពេញ ខណ្ឌ​៧​មករា ខណ្ឌ​ដង្កោ ខណ្ឌ​ពោធិ៍សែន​ជ័យ​ និង​ខណ្ឌ​កំបូល​។ និង​ក្រុមហ៊ុន​ CINTRI (Cambodia)/Everbright (China) នឹង​ផ្តល់​សេវា ដល់​ខណ្ឌ​ចំនួន​៤ ផ្សេង​ទៀត​ ក្នុង​តំបន់ទី​៣ គឺ ខណ្ឌ​ចំការ​មន ខណ្ឌ​បឹង​កេងកង​ ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ច្បារអំពៅ»​។

នៅថ្ងៃទី​១ កក្កដា​ ឆ្នាំ២០២១​ ក្រុមហ៊ុន​ក៏​ចេញ​បញ្ជីឈ្មោះបញ្ចប់​កិច្ចសន្យាការងារ​ទាំង​កម្មករ ​និង​សហជីព​សរុប​ប្រមាណជា​​ជាង​១,០០០នាក់។ ភាគី​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ទៅ​កម្មករ​និយោជិត​ទាំងអស់​ឱ្យ​មក​ទទួល​ប្រាក់ខែ​កន្លះខែ​ចុង​ក្រោយ​ នៅ​ថ្ងៃទី​១៤ កក្កដា​នេះ ប៉ុន្តែ​កម្មករ​អះអាងថា ពួកគេបើក​បាន​ត្រឹម​ប្រាក់​​​៥%ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​ការ​ប្រកាស​បញ្ឈប់​បុគ្គលិក​រាប់​រយ​នាក់ និងការ​​មិន​ទាន់​​ទទួល​បាន​​ដំណោះ​​ស្រាយ​សម​ស្រប​ពី​សំណាក់​ក្រុម​ហ៊ុន​ស៊ិនទ្រី ប៉ុន្តែ​អ្នកស្រី​ ទង់ រ៉ន ​បញ្ជាក់​ថា​ នឹង​តស៊ូដើរ​រកការងារ​ថ្មីធ្វើ​បន្ត​ដើម្បី​ជីវភាព បើ​ទោះបី​ជារាងកាយ​ដែល​មាន​វ័យ​ជាង​៦០​ឆ្នាំ ចាប់​ផ្តើម​ទ្រុឌទ្រោម​ក្តី។

«រកៗ (ការងារថ្មី) នៅនោះ​ដេក​ផ្ទះ​បាន​អី​បង់​រំលួស​ដី​។ ទិញ​ដី​បង់​រំលួស​បង់​អី​គេ បាន​អី​បង់​ឱ្យ​គេ​? គេបញ្ឈប់! ប្រាក់ខែ​ធ្លាប់​បាន​ថោក​ណាស់ ២០០ (ដុល្លារ​)។ ហើយដល់ពេល​យើង​អត់​សោះ​នៅ​ចឹង​ម៉េច​នឹ​ង​កើត​។ ចេះតែ​រកចេះ​តែធ្វើ​ទៀតទៅ​»៕​