អ្នកការពារសិទ្ធិ និងបរិស្ថានយល់ថា ការចោទប្រកាន់បន្ថែមលើសកម្មជនចលនាមាតាធម្មជាតិបីនាក់លើបទរួមគំនិតក្បត់ គឺជាការយាយី និងបំបាក់ស្មារតីលើសកម្មជនបរិស្ថាន។
សកម្មជនបរិស្ថានទាំងបីរូបរួមមានលោកថុន រដ្ឋា កញ្ញាភួង កែវរស្មើ និងកញ្ញាឡុង គន្ធា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី១៨ ទៅ២០ខែ ក្រោមបទ «ញុះញង់» លើសកម្មភាពរបស់ពួកគេកាលពីខែកញ្ញា ឆ្នាំ២០២០។ អ្នកទាំងបីត្រូវបានសាកសួរដោយចៅក្រមស៊ើបសួរក្នុងសប្ដាហ៍នេះ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ប្រសិនបើរកឃើញថាមានទោស។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់ Newsroom Cambodia ថា សកម្មភាពរបស់សកម្មជនបរិស្ថានទាំងបីរូបគឺមានចេតនាក្នុងការពាំនាំកង្វល់ចំពោះបញ្ហាបរិស្ថានហ្នឹងទៅជូនអាជ្ញាធរដើម្បីដោះស្រាយ។
លោកស្រីបញ្ជាក់ថា៖ «យើងឃើញកន្លងមកនេះមានការយាយី និងមានការចោទប្រកាន់ច្រើនច្រើនលើសកម្មជន ជាពិសេសយុវជនបរិស្ថាន ហើយអង្គការសង្គមស៊ីវិលយើងធ្លាប់លើករួចមកហើយថា សកម្មភាពនៃការថតរូបភាពការពារបរិស្ថានឬក៏ធនធានធម្មជាតិនេះមិនគួរជាបទល្មើសនោះទេ ហើយគ្រប់សកម្មភាពរបស់ពួកគេដែលត្រូវបានដែលត្រូវបានសារទរ និងកង្វល់នានាហ្នឹង គួរតែយកទៅដោះស្រាយជាជាងដែលការចោទប្រកាន់ ឬក៏យាយីពួកគាត់ម្ដង់ហើយម្ដងទៀត»។
លោកស្រីបន្ថែមថា ការចោទប្រកាន់បន្ថែមលើសកម្មជនបរិស្ថាននេះ គឺជាការយាយីមកលើសកម្មជនបរិស្ថាន។
លោកស្រីលើកឡើងថា៖ «យើងឃើញកន្លងមកនេះមានការយាយី និងមានការចោទប្រកាន់ច្រើនលើសកម្មជន ជាពិសេសយុវជនបរិស្ថាន ហើយអង្គការសង្គមស៊ីវិលយើងធ្លាប់លើករួចមកហើយថា សកម្មភាពនៃការថតរូបភាពការពារបរិស្ថាន ឬក៏ធនធានធម្មជាតិនេះមិនគួរជាបទល្មើសនោះទេ»។
អ្នកស៊ើបអង្កេតបទល្មើសព្រៃឈើនៃបណ្តាញយុវជនកម្ពុជា (CYN) លោក ម៉ា ចិត្រា បានលើកឡើងថាការចោទប្រកាន់នេះគឺជាការបំបាក់ស្មារតីលើអ្នកការពារបរិស្ថាន។
លោកបញ្ជាក់ថា៖ «ការចោទប្រកាន់បន្ថែមទៅលើសកម្មជនបរិស្ថាន៣នាក់ពីបទរួមគំនិតក្បត់អីហ្នឹង ខ្ញុំគិតថាជាគ្រាន់តែជាការបំបាក់ស្មារតីរបស់ពួកគាត់ទេ ហើយមិនត្រឹមតែពួកគាត់ទេគឺយុវជនផ្សេងទៀតដែលមានឆន្ទៈក្នុងការចូលរួមការពារបរិស្ថាន»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ។
លោក ថុន រដ្ឋា កញ្ញា ភួង កែវរស្មើ និងកញ្ញា ឡុង គន្ធា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពី «បទរួមគំនិតក្បត់» ពាក់ព័ន្ធសកម្មជនបីនាក់ផ្សេងទៀតដែលបានចាប់ខ្លូនកាលពីខែមិថុនា ឆ្នាំ២០២១។
សកម្មជនបរិស្ថានចលនាមាតាធម្មជាតិចំនួនបីផ្សេងទៀតរូប រួមមាន កញ្ញា ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ លោកយឹម លាងហ៊ី អាយុ៣២ឆ្នាំ លោកលី ចន្រ្ទាវុធ អាយុ២២ឆ្នាំ ត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញ និងបញ្ជូនទៅពន្ធនាគារនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពីបទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ៕