អ្នកអភិរក្សសត្វព្រៃ បានអំពាវនាវឱ្យពលរដ្ឋខ្មែរបញ្ឈប់ការបរិភោគសត្វព្រៃ បន្ទាប់ពីមានកូនសត្វខ្លាពពកមួយក្បាល ដែលជាប្រភេទសត្វជិតផុតពូជ បានស្លាប់ដោយសារជាប់អន្ទាក់ក្នុងព្រៃ ក្នុងខេត្តកំពត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ( Wildlife Alliance Cambodia ) នៅថ្ងៃសុក្រ កូនសត្វខ្លាពពកមួយក្បាលនេះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីព្យាបាលរបួសពីសំណាក់គ្រូពេទ្យជំនាញផ្នែកបសុព្យាបាល។ ទោះបីជាការវះកាត់ប្រព្រឹត្តិទៅដោយជោគជ័យយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារសភាពទន់ខ្សោយខ្លាំង កូនសត្វកម្រនេះបានបាត់បង់ជីវិតក្រោយការវះកាត់ពីរថ្ងៃ ក្រោយត្រូវបានមនុស្សចាប់ចងជើង ក្បាល និងថ្គាមរបស់វាអស់រយ:ពេលពីរថ្ងៃមុនពេលដែលមូលដ្ឋានប៉ូលីសបានទៅដល់។
លោកនិក ម៉ាក ( Nick Marks ) នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានមានប្រសាសន៍ថា៖ «អន្ទាក់សម្លាប់ ហើយអន្ទាក់រាប់ពាន់ត្រូវបានដាក់ពាសពេញព្រៃនៅក្នុងប្រទេសកម្ពុជា ដែលលទ្ធផលចុងក្រោយនឹងក្លាយជាព្រៃទទេស្អាត។ ហានិភ័យអន្ទាក់គឺច្បាស់។ ប្រសិនបើច្បាប់តឹងរឹងមិនត្រូវបានអនុវត្តឆាប់ទេ ព្រៃកម្ពុជានឹងគ្មានសត្វព្រៃនៅសល់ឡើយ»។
ការលើកឡើងរបស់លោកនិក ម៉ាក បានទទួលអ្នកប្រតិកម្មប្រមាណជាង ១០០០នាក់ ក្នុងរយ:ពេល១០ម៉ោង លើសារបង្ហោះសារនេះ។
អង្គការអភិរក្សសត្វព្រៃប្រចាំនៅកម្ពុជាដែលហៅកាត់ថា WAC បានបញ្ជាក់ថាខ្លួនចូលរួមសហការជាមួយក្រសួងបរិស្ថានក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅកម្ពុជាឱ្យឈប់បរិភោគសត្វព្រៃតទៅទៀត។
Newsroom Cambodia មិនអាចទាក់ទងទៅលោកនេត្រ ភក្រា អ្នកនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃសៅរ៍នេះបានទេ។
កាលពីទិវាសត្វព្រៃពិភពលោកថ្ងៃទី៣ មីនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានអំពាវនាវ ប្រជាពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ ព្រោះមានមេរោគ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព។ ក្នុងនោះក្រោយពីការផ្ទុះជំងឺកូវីដ ១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ។
គួរបញ្ជាក់ដែលថា វត្តមានសត្វខ្លាពពកត្រូវបានរកឃើញដោយក្រុមជំនាញរបស់ក្រសួងបរិស្ថាននៅភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ ខណ:ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ ដែលទទួលរងនូវការគំរាមគំហែងតាមរយ:ការបរបាញ់ ការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ ព្រមទាំងបានចុះក្នុងបញ្ជីក្រហម សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ នេះយោងតាមក្រសួងបរិស្ថាន៕