ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីពេលថ្មីៗនេះបានប្រកាសពីវិធានការចំពោះជនឆ្លៀតឱកាសដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានដែលបានចេញនៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានទៅចុះចាត់វិធានការភ្លាមៗនៅទីតាំងចំនួន៥ និងរឹបអូសឧបករណ៍តេសចំនួន ៤,២៥០គ្រឿងដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការទិញឧបករណ៍តេសពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះពុំបានផ្ដល់ផលប្រយោជន៍អ្វីឡើយដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែនាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលកំពុងជួបលំបាកពីជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្ដោយឱ្យជនឆ្លៀតឱកាសទាំងនោះនៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្ដល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩៕