បុគ្គលិកជាង ១០០នាក់ កាលពីពេលថ្មីៗនេះបានស្នើរឲ្យក្រុមហ៊ុនព្រលានយន្តហោះនៅខេត្តសៀមរាប ឈ្មោះ VINCI/ CAMS/ SCA និងអាជ្ញាធរអាកាសចរស៊ីវិលព្រមទាំងមន្ទីរ និងក្រសួងការងារ ជួយដោះស្រាយបញ្ហាក្រោយពួកគាត់ត្រូវបានបញ្ឈប់ពីការងារដោយសារវិបត្តិជំងឺកូវីដ។
តាមរយៈទំព័រហ្វេសបុករបស់បុគ្គលិកម្នាក់ឈ្មោះហួរ សុខសំណាង (Hour Soksamnang) បានលើកឡើងថា តាមរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនមិនបានខាតទេ នឹងមានតែចំណេញ ហើយបានអះអាងថា ការបញ្ឈប់នេះគឺជាគឺជាអំពើអយុត្តិធម៌។
លោកបានលើកឡើងថា «ការបញ្ឈប់បុគ្គលិក ១៣១នាក់នៅព្រលានយន្តហោះខេត្តសៀមរាបនេះជាការឆ្លៀតឱកាសក្នុងវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យបុគ្គលិកទទួលទុក្ខយ៉ាងធ្ងន់ធ្ងរពីអំពើអមនុស្សធម៌របស់ក្រុមហ៊ុនមួយនេះ»។
បុរសម្នាក់ក្នុងចំណោមបាតុករដ៏ទៃទៀតដែលជាបុគ្គលិកបានឈរបាតុកម្មដោយលើកបដាស្នើរឱ្យក្រុមហ៊ុន (VINCI/ CAMS/ SCA) និងក្រសួងការងារជួយដោះស្រាយការបញ្ឈប់បុគ្គលិកឱ្យបានឆាប់ចប់។
ស្រដៀងគ្នានេះ ស្រ្ដីម្នាក់ក្នុងចំណោមបាតុករដ៏ទៃទៀតដែលជាបុគ្គលិកបានឈរបាតុកម្មនៅមុខក្រុមហ៊ុនថា «ខ្ញុំស្នើរឱ្យក្រុមហ៊ុន (VINCI/ CAMS/ SCA) ក្រសួងការងារ អាជ្ញាធរអាកាសចរណ៍ជួយដោះស្រាយការបញ្ឈប់បុគ្គលិក ១៣១នាក់ឱ្យបានឆាប់ចប់ មិនត្រូវពន្យាពេលទៀតទេ»។
បុគ្គលិកផ្នែកបម្រើអតិថិជន លោកមុំ សឹមសីហា បានផ្ដល់កិច្ចសម្ភាសន៍មកកាន់Newsroom Cambodia ថាការបញ្ឈប់នេះផ្ទុយច្បាប់ទាំងស្រុង ដោយសារក្រុមហ៊ុនមិនបានជូនដំណឹងជាមុន ជាពិសេសបញ្ឈប់តែបុគ្គលិកណាដែលមានប្រាក់អតីតភាពការច្រើន។
លោកលើកឡើងថា «ជាក់ស្ដែងខ្ញុំមានអតីតភាពការងារ ១៩ឆ្នាំមកហើយ តាមមាត្រា៩៥នៅពេលគេបញ្ឈប់បុគ្គលិក ពេលគេកាត់បន្ថយបុគ្គលិកហ្នឹង អ៊ីចឹងអ្នកដែលមានអតីតភាពការងារយូរ គេអត់បញ្ឈប់ទេ គេបញ្ឈប់តែអ្នកមានអតីតភាពការងារតិចជាង»។
ដូចគ្នានេះដែរ លោកស្រីថុល ណាមុន្នី បុគ្គលិកទទួលបន្ទុកផ្នែកសេវាកម្មរថយន្តសម្រាប់ភ្ញៀវចេញចូលប្រលានយន្តហោះ ដែលមានអតីតភាពការងារចំនួន ១៦ឆ្នាំ បានលើកឡើងថា ការបញ្ឈប់នេះខុសច្បាប់ទាំងស្រុង ដោយសារក្រុមហ៊ុនមិនបានជូនដំណឹងជាមុន ជាពិសេសបញ្ឈប់តែបុគ្គលិកណាដែលមានប្រាក់អតីតភាពការច្រើន។ លោកស្រីក៏បានលើកឡើងដែរថាក្រុមហ៊ុនក៏បានទូទាត់សំណង តែអ្នកស្រីបានយល់ថាក្រុមហ៊ុនមិនបានទូរទាត់បានគ្រប់ចំនួននោះទេ។
ប្រធាននាយកដ្ឋានដោះស្រាយទំនាស់នៅខេត្តសៀមរាប លោកផេង ឈាងលី បានផ្ដល់កិច្ចសម្ភាសន៍មកកាន់ Newsroom Cambodia ថាលោកមិនដឹងថាក្រុមហ៊ុនរកស៊ីដោយវិធីណានោះទេ ហើយក៏មិនដឹងថាក្រុមហ៊ុននោះចំនេញ ឬខាតនោះដែរ ប៉ុន្តែទាំងកម្មករនិយោជិត និងនិយោជក ត្រូវតែគោរពច្បាប់។
លោកផេង ឈាងលី បាននិយាយថាលោកយល់ថាក្រុមហ៊ុនដូចជាបានធ្វើស្របតាមច្បាប់ការងារហើយ។ លោកបាននិយាយថា «ក្រុមហ៊ុនបានទូទាត់ប្រាក់បំណាច់
អតីតភាពការងារទៅតាមការណែនាំដែលមានតាមការបញ្ចាំងស្លាយ កម្មករនិយោជិតក៏បានចូលរួមក្នុងកម្មវិធីនេះ នេះជាការធ្វើបទបង្ហាញដោយក្រសួងការងាររួចហើយ បើមានបញ្ហាអីគួរតែជជែកគ្នាពេលហ្នឹងទៅ»។
នាយកប្រតិបត្តិទំនាក់ទំនងសាធារណៈលោក Khek Norinda បានប្រាប់ Newsroom Cambodia ថាដោយសារតែវិបត្តិជំងឺកូវីដនេះ ទើបក្រុមហ៊ុនបានបង្ខំសម្រចចិត្តបញ្ឈប់បុគ្គលិក និងក្រុមហ៊ុនក៏បានផ្ដល់កញ្ចប់សំណងដែលស្របទៅតាមច្បាប់ការងាររួចហើយដែរ។
លោកក៏បានបន្ដែមថាសូមឱ្យមានការយកយល់ទាំងអស់គ្នាក្នុងស្ថានភាពបែបនេះ ហើយការទ្រង់ទ្រងក្រុមហ៊ុន និងរក្សាបុគ្គលិក គីជារឿងសំខាន់ដែរ។ លោកបានលើកឡើងថា «វាជាការពិតដ៏ក្រៀមក្រំនៃវិបត្តិដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលបានបង្ខំឱ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិករបស់ខ្លួនខ្លះនៅឯព្រលានយន្តហោះខេត្តសៀមរាប»។
លោកបាននិយាយថាក្រុមហ៊ុនបានបញ្ឈប់និយោជិកចំនួន ១៣០នាក់ កាលពីខែធ្នូឆ្នាំ ២០២០ បន្ទាប់ពីចំនួនអ្នកដំណើរនៅព្រលានយន្តហោះសៀមរាបបានធ្លាក់ចុះ ចំនួន ៨៤ ភាគរយសម្រាប់ឆ្នាំ ២០២០។
លោក Khek Norinda បាននិយាយថា «យើងបារម្ភថាឆ្នាំ ២០២១ រឹតតែពិបាកថែមទៀត។ ស្ថានភាពនេះកាន់តែអាក្រក់ទៅៗ ហើយ ៦ខែដំបូងក្នុងឆ្នាំ ២០២១ ឃើញថាចរាចរណ៍បានធ្លាក់ចុះ ៩៩,៩% ហើយភាពមិនប្រាកដប្រជាជាច្រើននៅខាងមុខ»៕