រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះបានដាក់ចេញនូវសារាចរឱ្យអនុវត្តបន្ទាន់ស្តីពីយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រភេទដែលតា(Delta) នៅទូទាំងប្រទេសចំនួន ១៤ថ្ងៃទៀតគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
យោងតាមសារាចរបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធទី២៨ ខែកក្កដាឆ្នាំ២០២១នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែនបានបញ្ជាក់ក្នុងសារាចរនោះថា៖ការពង្រឹងវិធានការទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុវត្ថិភាពសុខាភិបាល ទាំងផ្នែកផ្លូវច្បាប់គឺជាកត្តាសំខាន់ដ៏ចាំបាច់ បន្ថែមពីលើវិធានការអប់រំ និងណែនាំនានាកន្លងមក ដែលមិនត្រឹមតែអាចកាត់បន្ថយបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបង្កើតបាននូវលក្ខណៈសម្បត្តិ ដើម្បីឈានឆ្ពោះទៅរកការអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីបន្ទាប់ពីយុទ្ធនាការនៃការចាក់វ៉ាក់សាំងនឹងត្រូវបញ្ចប់ដោយជោគជ័យនាពេលខាងមុខនេះ។
លោកហ៊ុន សែនបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន និងបន្ទាន់ក្នុងយុទ្ធនាការនេះឱ្យគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ចេញវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពង្រឹងការអនុវត្តវិធានការច្បាប់ តាមភូមិសាស្ត្ររៀងខ្លួន ប្រកបដោយភាពម៉ឺងម៉ាត់ តឹងរ៉ឺង ព្រមៗគ្នាកំឡុងពេលយុទ្ធនាការនេះ។
លោកហ៊ុន សែនបានបញ្ជារឱ្យឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ហាមជួបជុំ ឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនលើសពី ១០នាក់ ហាមជួបជុំគ្នាសេពគ្រឿងស្រវឹងគ្រប់ប្រភេទ អនុញ្ញាតឱ្យប្រកបអាជីវកម្មជាលក្ខណៈវេចខ្ចប់ និងចេញបម្រាមគោចរពីចន្លោះម៉ោង ២១(ម្ភៃមួយ)ដល់ម៉ោង ៣(បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនជាពិសេស រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ នេះយោងតាមសារាចរខាងលើ។
នៅក្នុងកំឡុងពេលនៃយុទ្ធនាការនេះ លោកហ៊ុន សែន បានលោកទឹកចិត្តដល់ក្រសួង-ស្ថាប័នសាធារណៈ វិស័យឯកជន ព្រមទាំងបុគ្គលឯកជនប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ដើម្បីស្វែងរកអ្នកវិជ្ជមានកូវីដ-១៩គោលបំណងបង្ការនិងរកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេល៕