កម្ពុជាបានសម្រេចបិទខ្ទប់ខេត្តចំនួន ៨ជាបណ្តោះអាសន្ននៅតាមព្រំដែនកម្ពុជា-ថៃក្នុងរយៈពេល ១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា (Delta)។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ការបិទខ្ទប់ជាបណ្តោះអាសន្ននេះនឹងគិតចាប់ពីម៉ោង ២៣:៥៩នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
សេចក្តីសម្រេចដដែលនោះបានបញ្ជាក់ថាខេត្តទាំង៨ ដែលត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ននោះរួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប។
ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់អាចត្រូវបានបែកចែកជាតំបន់ក្រហម បញ្ជាក់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ តំបន់លឿងទុំបញ្ជាក់ពីការឆ្លងរាលដាលកម្រិតមធ្យម និងតំបន់លឿងបញ្ជាក់ពីការឆ្លងរាលដាលកម្រិតស្រាលនៅក្នុងសហគមន៍ ដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលខេត្តដែលត្រូវបានបិទខ្ទប់។ នេះយោងតាមសេចក្តីសម្រេចខាងលើដដែល។
សេចក្តីសម្រេចដដែលបានបញ្ជាក់ថា៖ «គណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់មានភារកិច្ចដើម្បីដាក់ចេញនូវវិធានការហាមឃាត់ ឬវិធានការរឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្តដែលត្រូវបានបិទខ្ទប់ ការជួបជុំឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងបម្រាមគោចរស្របតាមច្បាប់ដែលមាន»។
គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលបិទខ្ទប់នេះ សកម្មភាពពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងតំបន់បិទខ្ទប់ ត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា រួមទាំងការធ្វើដំណើរពាក់ព័ន្ធនឹងវិស័យនេះ៕