នាថ្ងៃ​ត្រង់​បើក​ថ្ងៃ​ចែស​ លាយ​ខ្យល់​បក់​តិច​ៗ​ផង​ ​នា​ថ្ងៃ​ព្រហស្បតិ៍​​សមជា​ថ្ងៃ​មាន​មនុស្ស​អ៊ូអរដោយ​អ្នក​ដំណើរ​ទៅ​មក​ច្រើន​តាម​ដង​ផ្លូវ​។ មាន​កង់​បី​សារី​ថ្មី​ដែល​គេ​និយម​ហៅ​ថា​ Passapp បរ​​​ចុះ​ឡើង​គ្មាន​អ្នក​ដំណើរដើម្បី​រក​ភ្ញៀវ​ អ្នករត់​កង់បី​ខ្លះ​ទៀតសំចត​នៅ​តាម​របង​សាលា និង​ផ្ទះ​គេនៅ​ក្នុង​បុរី​ពិភពថ្មី​​ និងខ្លះទៀតចតសរសៀរតាម​ចិញ្ចើម​ផ្លូវ។

​បុរស​វ័យ​កណ្តាល់​ជាង​ ពាក់​អាវ​ពណ៌​លឿង​ឆ្នូត​ស​ដៃ​វែង​ កំពុង​អង្គុយ​សំកុក​លើ​រ៉ឺម៉ក​​កង់​បី​ខ្មែរ ហើយនិយាយ​ជា​មួ​យ​មិត្ត​រួម​វិស័យ​ដឹក​អ្នក​ដំណើរ​ដូច​គ្នា​។ ​ខុស​ពី​​គាត់ មិត្ត​របស់​គាត់​មាន​ម៉ូតូ​កង់​បី​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​កង់បី​ឥណ្ឌានោះ​។ កំពុង​តែ​និយាយ​គ្នា​ ស្រាប់​តែ​កង់​បី​ឥណ្ឌា​បរ​ចេញ​ទៅ​ នៅ​សល់​តែបុរស​វ័យ​ជាង​ពាក់​កណ្តាល​​​ សម្បុរ​សណ្តែក​បាយ​ ជាមួយ​សក់​រួញ​អង្គារដី​ពណ៌​ខ្មៅរូប​នេះ ​មិន​ចេញ​ម៉ូតូ​កង់​បី​ខ្មែរ​របស់​ខ្លួន​ទៅ​ណា​ដូច​កង់​បី​ឯទៀតទេ។ ​ ​​ដោយ​ឡែក​លោក​បែរ​ជា​​ចុច​ទូរស័ព្ទ​ចុះឡើង​ ហាក់​កំពុង​ឆែក​មើល​ទូរស័ព្ទ​ដៃ​ខ្លួន​​បណ្តើរដែល​ទំនង​ជា​កំពុង​ទន្ទឹង​រង​ចាំ​នរណា​ខល​មក​​ រីឯភ្នែកទាំង​គូឆ្លៀត​​​រំពៃ​រក​មនុស្ស​ម្នា​ឆ្លង​កាត់​ទី​នោះ​ក្រែង​​មាន​អ្នក​​ហៅដើម្បី​ជិះ​​។

បុរស​ម្នាក់​នោះ​គឺ​ជា​អ្នក​ប្រកបរបរ​រត់​កង់​បី​ខ្មែរ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដែល​តែង​​ចាំ​ម៉ូយ​នៅ​ម្តុំ​បរិវេណ​បុរី​ពិភព​ថ្មី​ ផ្សារ​ឈូក​មាស។ លោក​មាន​ឈ្មោះ​ថា សុខ​ វណ្ណនី​ ​ជា​អ្នក​ស្រុក​ខេត្ត​បាត់​ដំបង​ ​លោក​បាន​ប្រាប់ ​Newsroom Cambodia ថា​ លោកចិញ្ចឹម​ជីវិតលើ​សេវា​ដឹក​ជញ្ជូន​អាស្រ័យ​ទោចក្រយានតាំង​ពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ​ បើ​គិត​មក​ទល់ឆ្នាំ​២០២១​នេះ​អស់​រយ:ពេល​៣០​ឆ្នាំ​មក​ហើយ​។

លោកសុខ សុវណ្ណនី

លោក​បាន​ត្អូញ​ត្អែរ​ពី​បញ្ហា​ខ្សត់​​ភ្ញៀវ​ដឹក​​ ​ក្នុង​រយ:ពេល​២ ទៅ​៣ ថ្ងៃ​នេះ​  ហើយលោក​បាននិយាយ​ថា ​មក​ទល់​ថ្ងៃ​ត្រង់​នេះ​ រកបានតែលុយចំនួន ​​៧០០០រៀលប៉ុណ្ណោះ​ពី​ការ​ដឹក​អតិថិជន​បាន​តែ​ម្នាក់​តាំង​ពីព្រឹក​មក​​។ ខណ:ដែល​ម៉ូតូ​របស់​លោក​ វណ្ណនី​ជា​ប្រភេទ​ម៉ូតូ​ដែល​អាច​ចាក់​បាន​តែ​ប្រេង​ស៊ុបពែ​​តែ​ប៉ុណ្ណោះ​ដែល​ជា​ប្រភេទ​ប្រេង​កំពុង​មាន​តម្លៃ​ឡើង​ដល់​ ៤៦០០រៀលក្នុង​មួយ​លីត្រ​ លើស​ពី​តម្លៃ​ប្រភេទ​ប្រេង​ឥន្ធន:ដទៃ​ទៀត​ ដោយ​ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​ស្មើ​៤១០០ រៀល​ក្នុង​មួយ​លីត្រ លោក​មិន​​បាន​តំឡើង​ថ្លៃ​ដឹក​ពី​ភ្ញៀវ​របស់​លោក​នោះទេ​។

ហេតុ​បែប​នេះ​ បាន​​ធ្វើ​ឱ្យ​​លោក​និយាយ​ទាំង​ជ្រួញ​ចិញ្ចើម​ចេញ​ជា​ផ្នត់​ៗ​ ដោយ​​ទឹក​មុខ​តាន​តឹង​ផង​​ថា​ ៖ «តម្លៃ​ធម្មតា​ ធ្លាប់​យក​ប៉ុនណាយក​ប៉ុណ្ណឹង អត់​ហ៊ាន​ឡើង​ថ្លៃ​ផង។ ហើយ​រាល់​ថ្ងៃ​អត់​មាន​ទេ! អត់​មាន​ម៉ូយ​ដឹក​ រក​ពីរ បី​ ថ្ងៃហើយ​ អត់​ម៉ូយ​អ្នកជិះ! ហើយ​សាំង​ឡើង​ថ្លៃ​ ប្រសិន​បើ​មាន​ម៉ូយ​ដឹក ​ក៏​នៅ​តែ​យកតម្លៃ​ដដែល​ អត់​បាន​ឡើង​ (តម្លៃ​) ទេ​»។  ​  ​

គាត់​បានអះអាងថា រក​បានអតិថិជន​កាន់​តែ​តិច​ទៅ​ៗ ដោយ​ភ្ញៀវ​របស់​គាត់​ភាគ​ច្រើន​ខ្លាច​ឆ្លងកូវីដ​​ និង​ចាប់​ផ្តើម​លែង​សូវ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ញឹកញាប់​ដូច​កាល​ពី​មុន​។

បុរស​ដែល​មាន​គ្រួសារ​ក្នុង​បន្ទុក​ចំនួន​ ៤នាក់​ ជា​មួ​យ​កូន​តូច​ៗ​២​នាក់​ បាន​អះអាង​ថា​​លោក​ត្រូវ​ចំណាយ​លើ​ថ្លៃប្រេង​ស៊ុប​ពែ ៤៦០០រៀលក្នុង​១លីត្រ ជា​អចិន្រ្តៃ​យ៍​ទោះ​បី​ជា​មួយ​ថ្ងៃ​នោះ​មិន​ទទួល​បាន​ភ្ញៀវ​ដឹក​សូម្បី​តែ​ម្នាក់​ក៏​ដោយ​ ​។

«អត់​មាន​ភ្ញៀវ ១ថ្ងៃ​១លីត្រ ! គ្រាន់​តែ​ជិះ​ទៅ​នឹង​មក​កន្លះ​លីត្របាត់​ហើយ​ទៅ​ឈូក​វ៉ា (ទីតាំង​ផ្ទះ​ជួល​របស់​លោក​ វណ្ណនី​)​ ជួន​កាល​បាន​តែ​មក​ហើយ​ ល្ងាច​ឡើង​ទៅ​វិញ​» នេះ​ជា​សម្តី​ដែល​លោក​​ វណ្ណនី​ អង្គុយ​លើ​កង់​បី​របស់​ខ្លួន​ផ្ទាល់​។

«កាន់​តែ​ស្ងាត់​ទៅ​ៗ ហើយ​! បើ​ឥណ្ឌាគេ​ត​ផាសអ៊ែប (Pass app) គេមាន​ខ្លះ​។ ហើយ​យើង​អត់​មាន​តផាសអ៊ែប​ (Pass app) នឹង​គេ​ទេ​។ សំខាន់​គ្មានម៉ូយ​ បើ​ម៉ូយអត់​តេ (ខល) អត់​ហើយ​។ ឥឡូវ​ម៉ូយ​អត់​មាន​ដើរ​ទៅ​ណា​ទេ​ គេ​ខ្លាច​កូវីដ​ […] តែ​យើង​ខ្លាច​ដែល​ធ្វើ​ម៉េច​បើ​យើងត្រូវ​តែ​មក​រក បើ​​អត់​រក អត់​ (ចំណូល) !  កាន់​តែ​យ៉ាប់​ទៅ​ៗហើយ​…មួយ​ថ្ងៃ​បាន​លុយ ​៧០០០ (រៀល) ធ្វើ​អី​គ្រប់​? ចាក់​តែ​សាំង​!»។

លោក​បានបញ្ជាក់​ថា​ទោះ​បី​ជា​​ក្រោយ​ការ​បិទខ្ទប់ទី​ក្រុង​ លោក​នៅ​តែ​ពិបាក​ក្នុង​ការ​រក​អ្នក​ដំណើរ​ជិះ​កង់​បី​របស់​លោកជា​ខ្លាំង​ដោយ​យល់​ថា​មនុស្ស​ម្នា​មិន​សូវ​ហ៊ាន​ចេញ​ក្រៅ​ច្រើន​ដូច​សព្វ​មួយ​ដង​ ហើយ​តម្លៃ​ប្រេង​ស៊ុប​ពែ​ឡើង​ថ្លៃ​បែប​នេះ​ទៀត​ ​រឹត​តែ​មិន​អាច​រក​ផល​ចំណេញ​ពី​ការ​ដឹក​ភ្ញៀវ​បាន​បន្ថែម​ទៅ​ទៀត​។ អ្នក​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​រៀប​រ៉ាប់​ទាំង​ក្តី​អស់​សង្ឃឹម​ថា​៖ «ហើយ​ឥឡូវ​ឈប់​រត់​ម៉ូតូ​កង់​បី​ទៅ​រក​អី​? យើង​អត់​មាន​តម្រិះ​វិជ្ជា​ក្នុង​ខ្លួន​ ហើយ​រត់​ម៉ូតូ​ឡើង​ចង់​ស្លាប់​​ទៅ​វិញ​ហើយ»។ ​​​

ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នក​ប្រកបរបរជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បានសម្តែង​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ទ្រាំទ្រ​ជីវភាព​របស់​ខ្លួន​ក្នុងគ្រា​លំបាក​ចំ​​ពេល​ទំនិញ​កំពុង​ឡើង​ថ្លៃ​​ ដើរ​ទទឹម​គ្នា​នឹង​ពេល​​តម្លៃ​ប្រេង​ឥន្ធន:នៅ​ប្រទេស​កម្ពុជា​ ចាប់​ផ្តើម​កើន​ឡើងនៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ដោយ​តម្លៃ​ប្រេង​សាំង​ធម្មតា​ឡើង​ដល់ ៤១០០រៀល​/លីត្រ ប្រេង​ស៊ុបពែថ្លៃ ៤៦៤០រៀល/លីត្រ​ និង​ ប្រេង​ម៉ាស៊ូត​ថ្លៃ​ ៣៦៥០រៀល/លីត្រ។

ក្រឡេក​មក​មើល​អ្នក​រត់​កង់បី​ឥណ្ឌា​​ ដែល​​ប្រើ​ប្រាស់​កម្មវិធី​អនឡាញ​ក្នុង​ការ​រកភ្ញៀវ​ដឹកវិញ​ម្តង​ ដែល​កំពុង​អង្គុយ​សំកុក​ចាំ​ភ្ញៀវ​និង​ការ​ហៅ​ចូល​របស់​អតិថិជន​តាម​ទូរស័ព្ទ​ដៃ​​ក្នុង​កង់បី​របស់​ខ្លួន​ បាន​បញ្ជាក់​ថាទោះ​បី​​ជា​កង់បី​ឥណ្ឌា​ល្បី​ថា​មិន​ចាក់​សាំង​ក្តី​ ប៉ុន្តែ​​កង់បី​ប្រភេទនេះ​នៅ​តែ​ត្រូវ​ការ​ចាក់​ទាំង​ប្រេង​សាំង​ធម្មតា និង​ហ្គាស​ទើប​អាច​ដំណើរ​ការ​បាន​។

លោក​ចន្ទ​ ពិសី អាយុ​៤០​ឆ្នាំ​ ដែល​ជា​អ្នក​ចាប់​របរ​រត់​កង់បី​ឥណ្ឌាក្នុង​រយ:ពេល​ ២ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ប្រាប់​ទាំង​ភ្នែក​ក្រហម​ចេញ​សរសៃ​ ដោយ​នឿយ​ហត់​​ថា​៖ «វា​ប៉ះពាល់​ហើយ​ ដោយសារ​អី​ វា​អត់​មាន​មនុស្ស​ដើរ​ទេ​ រាល់​ថ្ងៃ​អត់​មានភ្ញៀវ​ទេ​ បើ​រយ:ពេល​តាំង​ពី​ព្រឹក​ដល់​ស្មើ​នេះ​ […] បើ​និយាយ​ពី​ Booking Pass app [ការ​កក់​] វិញ​ អត់​រកអាលីញ អត់​មានភ្ញៀវ​រក​ ដល់​អញ្ចឹង​ពិបាក​ដែរ​ ព្រោះ​អីណាមួយ​សាំងក៏​ឡើង​ថ្លៃ ហ្គាស​ក៏​ថ្លៃ​ ប៉ុន្តែ​ពួក​ខ្ញុំ​ប្រើ​ហ្គាស​ទេ​ ប៉ុន្តែ​ហ្គាស​ក៏​ថ្លៃ​ដែរ។ […] ប៉ុន្តែ​ឥឡូវ​ឡើង​មែន​ទែន​អត់​ចុះ​ទេ ណាមួយ​សម័យ​នេះ​អត់​មាន​មនុស្ស​ទៀត។ ដល់​អញ្ចឹង​ ពួក​ខ្ញុំ​ពិបាក​ខ្លាំង​ម៉ង​ហ៎ា ប៉ុន្តែ​យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ​អានឹង»។

តម្លៃ​ហ្គាស​កាលពី​មុន​ត្រឹមតែ ​១២០០រៀល​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ​ចាប់​តាំង​ពី​តម្លៃ​ប្រេង​សាំង​ឡើងដល់​ ៤១០០រៀល មក​ ថ្លៃ​ហ្គាស​ដែល​លោក​ចាក់​ក៏​មាន​ការ​កើន​ឡើង​ដូច​គ្នា​ដែរ ពោល​ហក់​ដល់​ចន្លោះ​ពី ​២០០០ ទៅ​ ២២០០រៀល​ក្នុង​មួយ​លីត្រ​។ នេះ​ជា​ការ​បញ្ជាក់​ផ្ទាល់​ពី​លោក​ពិសី។

លោក​ពិសី​ បាននិយាយ​ថា​លោក​នឹងផ្លាស់ប្តូរ​របរ​នេះ ទៅ​រក​ការ​ដឹក​ជញ្ជូន​ទំនិញ​អនឡាញ​វិញ​ព្រោះ​លោក​គិត​ថា​មិន​អាច​ទប់ទល់​ការ​ចំណាយ​ថ្លៃ​បង់​កង់​បី​នេះ​ឱ្យ​ក្រុមហ៊ុន​បាន​ ស្រប​ពេល​ដែល​​អតិថិជន​ក៏​ស្រុត​ចុះ​ខ្លាំង​ជា​លំដាប់​ គួប​ផ្សំ​នឹង​ការ​ឡើង​ថ្លៃ​ហ្គាស​ និង​សាំងថែម​ទៀត។​ លោក​បានបន្តថាមាន​តែ​បង្ខំ​ចិត្ត​ទាំង​ដែល​កាល​ពី​មុន​លោក​ធ្លាប់​លក់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ចោល​ ហើយ​ប្តូរ​មក​បញ្ចាំ​កង់​បី​ឥណ្ឌា ប៉ុន្តែ​លោក​មិន​នឹក​ស្មាន​ថា​មាន​វិបត្តិ​កូវីដ ទន្ទឹម​នឹង​ការ​តំឡើង​ថ្លៃ​សាំង​ផង​នោះ​ការ​ខិត​ខំ​រកចំណូល​លើ​កង់បីឥណ្ឌា​បែប​ឌីជីថល​នេះ​ ត្រូ​វ​បាត់​បង់នាពេល​ឆាប់ៗ​នេះ​។

​​អ្នក​ស្រីស្រី​ អូន ដែល​ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ​អូរឬស្សី បាន​ពន្យល់​ពី​បញ្ហា​ថ្លៃសាំង​ឡើង​ថ្លៃ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​បន្លែ​របស់​អ្នកស្រី​ធ្លាក់​ចុះ​ខ្លាំង​ ព្រម​ទាំង​ធ្វើ​ឱ្យ​អ្នក​ស្រី​បង្ខំ​ចិត្ត​ដំឡើង​តម្លៃ​បន្លែ​ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ​សមរម្យ​រហូត​ដល់​ពេល​នេះ​​បរិមាណ​នៃ​ការ​លក់​ចេញ​ចេះ​តែ​ថយ​ចុះ​ទៅ​ៗ ដោយ​អតិថិជនមាន​ការ​រអ៊ូរទាំ​ពី​ការ​រក​ចំណូល​មិន​សូវ​បាន​ហើយ​បន្លែ​ឡើង​ថ្លៃ​ទៀត​។

«​សាំង​ឡើង​ថ្លៃ ប្រេង​ឡើង​ថ្លៃ​ អ្នក​ភ្ជួរដី​ឱ្យ​យើង​​ក៏​ឡើង​ថ្លៃ។ ឧទាហរណ៍​ថា ១ម៉ោង​ ៤ម៉ឺន​ (រៀល) ឥឡូវ​ឡើង​ ៥ ម៉ឺន​ (រៀល​) »។

អ្នកស្រីស្រី អូន

អ្នកស្រី​បានបន្ត​ថា ដោយ​ត្រាក់ទ័រ​សម្រាប់​ប្រើ​ក្នុងការ​ភ្ជួរ​ដី​ដាំដំណាំ​ប្រើ​ប្រេង​ម៉ាស៊ូត ដោយ​កាល​ពី​មុន​អ្នកស្រី​ចំណាយទ្វេ​ដង​ដល់​ ៩ម៉ឺនរៀលក្នុង​មួយ​កាន ដោយ​កាល​ពី​មុន​​វា​មាន​តម្លៃ​ ​ ៧ម៉ឺន​រៀល ក្នុង​មួយ​កានដែល​កើន​ឡើង​ប្រមាណ​ជា ​២ម៉ឺន​រៀល ឬ ​៥ដុល្លារ។ ហើយ​ថ្លៃ​ឈ្នួល​កម្មករ​ករឡើង​ថ្លៃ​ទទឹម​គ្នា​ដែរ គឺ​មាន​ការ​ឡើង​គុណ នឹង​២ដង បើ​ធៀប​ទៅ​នឹង​ថ្លៃ​ឈ្នួល​ដាំដំណាំ​កាលពី​មុន​ត្រឹម​ ១៥០០០​រៀល ឡើង​ដល់​ ៣០០០០រៀល។

អ្នកស្រី​បានយល់​ថា​ការ​លក់​ដូរ​បន្លែ​របស់​អ្នកស្រី​មិន​មាន​ផល​ចំណេញ​នោះ​ទេ​ គឺ​បាន​តែ​មួយ​ហូប​តែ​ប៉ុណ្ណោះ​ក្នុង​កាល:ទេស:ថ្លៃ​សាំង​ឡើង​នេះ​។ «គ្មាន​ដែល​គិត​ថា​ឱ្យ​សល់​ (​ប្រាក់​) ទេ​! រាល់​ថ្ងៃ​នេះ​! បើ​ថា​ស៊ី​មិន​ឱ្យ​ជំពាក់​គេ​ នៅ​តែ​ជំពាក់​គេ​ទៀត​»។​

លោក​ កៀត​ សាយ ដែល​ជា​អ្នក​លក់​ទឹក​អំពៅ​នៅ​ទល់​មុខ​ផ្សារ​អូរឬស្សី​បាន​ប្រាប់​ Newsroom Cambodia ថាការ​លក់​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់បើ​ធៀប​នឹង​​​ការ​លក់​នៅ​២ ទៅ​៣ ខែ​មុន​។ លោក​យល់​ថា​នេះ​ប្រហែល​មកពី​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​ ហើយ​លោក​ក៏​បាន​ត្អូញត្អែរ​ពី​ការ​ឡើង​ថ្លៃ​សាំង​ដែរ​​ថា ៖ «មិន​ងាយ​ទេ ហើយ​យើង​ត្រូ​វ​ការ​សាំង ហើយ​សាំង​ឡើង​ម្លឹង​ៗ»។ 

លោក និង​ភរិយា​ក៏​បាន​អំពាវ​នាវ​ឱ្យ​រាជរដ្ឋា​ភិបាល​ទម្លាក់​ថ្លៃ​សាំង​ក្នុង​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កំឡុង​ពេល​ជំងឺ​កូវី​ដ-១៩ បន្ត​វាយ​លុក​។ ទាំង​លោក​សាយ ព្រមទាំង​ភរិយា​​​បាន​និយាយ​ព្រម​គ្នា​ថា​៖ «កាល​លើក​មុន​បា​ន​គាត់ (​លោក​នាយក​រដ្ឋមន្រ្តី​)​ស្រែក​ទៅ​ បាន​ចុះ​ (​ចុះ​ថ្លៃ​សាំង​) ខ្លះ​។ ឥឡូវ​ឡើង​ដល់​ ៤០ជាង​ជិត ​៥០​ (​៤០០០ ជិត​៥០០០ រៀល) ហើយ។ ដល់​ពេល​ទៅណា​មក​ណា​ក៏​ពិបាក​ដែរ សាំង​ឡើង​ថ្លៃ»។ ​

លោកកៀត សាយ

ដោយ​ម៉ាស៊ីន​កិន​អំពៅ​ និង​ម៉ូតូ​ភ្ជាប់​នឹង​ធុង​អំពៅ​សុទ្ធ​តែ​ត្រូវ​ការ​ប្រើប្រាស់ប្រេង​​សាំង​ អ្នក​ប្របករបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដោយ​ធ្វើ​ការ​លក់​អំពៅ​ចល័ត​ទី​តាំង​ចុះ​ឡើង​រអ៊ូ​ថា​​ការ​លក់​​ចាប់​ផ្តើម​ខាត​ចំណូល​ច្រើន​ ស្របពេល​ដែល​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ដូច​គ្នា​នោះ ហើយ​ការ​លក់​អំពៅ​ក្នុង​មួយ​កែវ​ ២០០០រៀល ដែល​ជា​តម្លៃ​យូរ​មក​ហើយ​ក៏​មិន​បាន​ដំឡើង​តាម​ថ្លៃ​សាំង​នោះ​ទេ​។

លោក​វន់​ ពៅ ជា​ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បា​ន​បញ្ជាក់​ពី​ផលប៉ះពាល់ធ្ងន់​ធ្ងរ​​ដល់​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​នៅ​កម្ពុជាថា​ ផ្នែក​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ចំពោះ​អ្នក​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ មាន​ដូចជា​អ្នក​លក់​ដូរតូច​តាច​ មាន​អ្នក​​លក់​ចំណី​អាហារតាម​រទេះ អ្នក​លក់​បន្លែ​​ ព្រមទាំង​អ្នក​ប្របករបរ​ផ្នែក​វិស័យ​ដឹក​ជញ្ជូន​ដូចជា​ អ្នក​រត់​ម៉ូតូ​ឌុប កង់បី តាក់ស៊ី ជាដើមត្រូ​វ​ប៉ះពាល់​ដោយ​ផ្ទាល់​។

សព្វ​ថ្ងៃ​អ្នកប្រកបរបរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ជាង​ ៨​លាននាក់ ដែល​ស្មើ​នឹង​ជាង​ ៨០% ក្នុងចំណោម​កម្លាំង​ពលកម្ម​នៃ​ប្រជាជន​កម្ពុជា​ជាង​ ១០លាន​នាក់ ​​ក្នុង​ប្រទេស។​ នេះយោង​តាម​លោក​ វន់ ពៅ​ ដដែល​បាន​បញ្ជាក់​ប្រាប់​ Newsroom Cambodia តាម​ទូរស័ព្ទ​ដៃ​កាលពី​ថ្ងៃ​ទី​២៤ កក្កដា​។

«អ្នក​ដែល​ប្រកប​របរ​តូច​តាច ស្ថានភាព​កូវីដ​ ប្រាក់​ចំណូល​ធ្លាក់​ចុះ​ស្ទើរ​តែ​ដល់កម្រិត​​សូន្យ អ្នកមួយ​ចំនួន​ដល់​កម្រិត​សូន្យ​ទៅ​ហើយ។ ហើយ​ឥឡូវ​ប្រេង​ឥន្ធន:ឡើង (តម្លៃ​)​ ​ថែម​ទៀត​នោះ វាជា​បញ្ហា​ធ្ងន់​ធ្ងរ​មែន​ទែន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ មិន​ថា​មុ​ខ​របរ​តូច​ឬ​មុខ​របរ​ធំទេ គឺ​ប៉ះពាល់​ទាំង​អស់​ ជាពិសេស​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ពីព្រោះ​ប្រាក់​ចំណូល​បាន​តិច​ហើយ​ អត់​មាន​តុល្យ​ភាព​ទៅ​នឹង​តម្លៃ​សាំង​ដែល​យើង​ត្រូវ​ចំណាយ​ទៅ​វិញ​ទេ»។

លោក​បណ្ឌិត​គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បាន​ផ្ញើ​សារ​ជា​សំឡេង​តាម Telegram ​ថា​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ទន:នេះ​ ជា​កត្តា​មួយ​ដែល​រុញ​ច្រាន​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ ដោយ​ហេតុ​ថា មាន​ការ​កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ និង​ការ​បង្កើន​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​ច្រើន​ដែល​ជា​ហេតុនាំឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ទំនិញ​ផ្សេង​ៗ។

«ការ​ឡើង​ថ្លៃ​ប្រេង​ហ្នឹងគឺ​ជា​ការ​ធ្វើ​ឱ្យ​​មាន​អតិ​ផរណា​ (​ការ​កើន​ឡើង​នៃ​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​ទូទៅ​ក្នុង​ទី​ផ្សារ​ ក្នុង​ពេល​ជាក់​លាក់​ណាមួយ​)​ ខណ:ពេល​ដែល​​សកម្មភាព​​សេដ្ឋកិច្ច​នានា​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​វិបត្តិ​កូវីដ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោកស៊ាង​ ថៃ​ បាន​ឆ្លើយ​តប​តាម​ Telegram បាន​រំឮក​ពី​បញ្ហា​ថ្លៃ​សាំង​កើន​ឡើង​កាល​ពី​ ៦ ទៅ​ ៧​ឆ្នាំ​មុន ហើយ​ដំណោះស្រាយ​ពេល​នោះ​គឺ​ ក្រសួង​ពាណិជ្ជកម្ម​រួ​មជាមួយ​ក្រសួង​រ៉ែ និង​ថាមពល បាន​បើក​កិច្ច​ប្រជុំជា​មួយក្រុមហ៊ុននាំចូលប្រេងទាំងអស់នៅកម្ពុជា ដោយ​ចង់ឲ្យតម្លៃប្រេងក្នុងប្រទេសឡើងចុះតាមទីផ្សារអន្តរជាតិ។ ដើម្បីដោះស្រាយបញ្ហានោះ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល បានអញ្ជើញក្រុមហ៊ុននាំចូលប្រេងទាំងអស់នៅកម្ពុជា មកប្រជុំ ពិភាក្សារកដំណោះស្រាយ គឺចង់ឲ្យតម្លៃប្រេងក្នុងប្រទេសរលាស់ ឡើងចុះតាមទីផ្សារអន្តរជាតិ។

«រហូតមកដល់ពេលនេះ ប្រេងឥន្ទន:ដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែនាំចូលពីបរទេសទាំងអស់ ដូច្នេះតម្លៃលក់រាយប្រេងឥន្ធន: គឺវាអាស្រ័យទាំងស្រុងទៅនឹងថ្លៃប្រេងលើទីផ្សារអន្តរជាតិ»។

«ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះពន្ធចំនួន ២សេនដុល្លាក្នុងសាំងមួយលីត្រ ហើយក្រុមហ៊ុនប្រេងក៏ជួយសម្ដេចតេជោ ដោយបញ្ចុះតម្លៃ ២សេនដុល្លាក្នុងសាំងមួយលីត្រដូចគ្នាដែរ។ បានន័យថា ប្រជាពលរដ្ឋទូទាំងប្រទេស ពេលចាក់សាំងមួយលីត្រ ត្រូវបានទទួលការជួយពីរាជរដ្ឋាភិបាល ចំនួន ៤សេនដុល្លារ»។ នេះ​ជាសំដី​លោក ស៊ាង​ ថៃ​ ដែល​បានប្រាប់ ​Newsroom Cambodia។

​សេចក្តី​ប្រកាស​ស្តីពី​ថ្លៃ​លក់​រាយ​ប្រេងឥន្ធន:នៅ​តាម​ស្ថានីយ៍​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​ ២០២១ កន្លងទៅ​នេះបាន​បញ្ជាក់​ថា​ តម្លៃ​លក់រាយប្រេង​ឥន្ធន:ចាប់​ពី​ថ្ងៃទី​១៦ ដល់​ទី​៣១​ កក្កដា​នេះ​ត្រូវ​លក់​ក្នុង​តម្លៃ​ ៤៦៥០ រៀល/លីត្រ សម្រាប់​ប្រេង​ធម្មតា និង ៣៨១០ រៀល​/លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត​ ដែល​ជា​តម្លៃមធ្យម​​តាម​ទី​ផ្សារអន្តរជាតិ​។ ក្រោយ​​​ពី​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន ​សម្រេច​បញ្ចុះ​ថ្លៃ​ប្រេង​ឥន្ធន:លក់​រាយ​ចំនួន ៤ សេន​ដុល្លារ/លីត្រ តម្លៃ​សាំង​ប្រេង​ធម្មតា​លក់​ចេញ​ក្នុង​តម្លៃ​ ៤១០០ រៀល/លីត្រ និង​ ៣៦៥០ រៀល​/លីត្រសម្រាប់​ប្រេង​ម៉ាស៊ូត​៕