រដ្ឋបាលរាជធានីភ្នំពេញ បានចេញបម្រាមគោចរមិនឱ្យមានការធ្វើចរាចរណ៍ និងសកម្មភាពផ្សេងៗ ចាប់ពីម៉ោង ៩ យប់រហូតដល់ម៉ោង៣ ទៀបភ្លឺ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរយ:ពេល១៤ ថ្ងៃរាប់ចាប់ពីម៉ោង២៣:៥៩ នាទីរំលងអធ្រាតឈានដល់ថ្ងៃទី៣០ ខែកក្កដានេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២៩ ខែកក្កដានេះបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការងារ ឬអាជីវកម្មដែលបង្កហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នានារួមមាន សាលារៀនទាំងរដ្ឋ និងឯកជន អាជីវកម្ម ក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយដ្ឋាននានា អាជីវកម្មម៉ាស្សាគ្រប់ប្រភេទ ហាងលក់គ្រឿងស្រវឹង ព្រមទាំងរោងភាពយន្ត និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
សាលារាជធានីក៏បានហាមការជួបជុំដែលមានចំនួនមនុស្សលើសពី ១០ នាក់ នៅទីសាធារណ: លើកលែងចំពោះការជួបជុំក្នុងសមាជិកគ្រួសារ ពិធីបុណ្យសព ស្ថាប័នសាធារណ: ការជួបជុំរបស់បុគ្គលិកសុខាភិបាលក្នុងការបំពេញភារកិច្ចដូចជាការយកសំណាក និងការចាក់វ៉ាក់សាំងកូវីដ១៩ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់បំពេញការងារ ការជួបជុំក្នុងសាលាជម្រះក្តី និងការជួបជុំដែលចាំបាច់ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណ: ត្រូវបានលើកលែង។
ក្នុងសេចក្តីប្រកាសដដែលនោះបញ្ជាក់ថា៖ «ក្នុងករណីរកឃើញថាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រួវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមមានការផ្សព្វផ្សាយជាសាធារណ:ចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ថរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ»។
ករណីលើកលែងក្នុងអំឡុងពេលអនុវត្តបម្រាមគោចរនេះ មានដូចជា ការធ្វើដំណើររបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីការទូត អ្នកសារព័ត៌មាន អ្នកដំណើរតាមផ្លូវអាកាស បុគ្គលិកបម្រើការនៅអាកាសយានដ្ឋាន ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាប់ (មិនលើសពីសមាជិក៤ នាក់) ការធ្វើដំណើរទៅលំនៅដ្ឋានរបស់បុគ្គលបញ្ចប់ការធ្វើចត្តាឡីស័ក អ្នកជំងឺចេញពីមន្ទីរពេទ្យ ការដឹកជញ្ជូនទំនិញ និងគ្រឿងបរិភោគគ្រប់ប្រភេទក៏ត្រូវបានលើកលែង ប៉ុន្តែមិនត្រូវលើសពី២ នាក់ ព្រមទាំងការដឹកជញ្ជូនទំនិញយុទ្ធសាស្រ្តរបស់រដ្ឋក៏ត្រូវបានលើកលែង សេវាសង្គ្រោះបន្ទាន់សុខាភិបាលទាំងរដ្ឋនិងឯកជន និងករណីចាំបាច់ដទៃទៀតនៃសេវាសាធារណ:រួមមាន ឱសថស្ថាន សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតជាដើម ដែលរួចពីបម្រាមគោចរនេះបាន៕