រដ្ឋបាលរាជធានី​​ភ្នំពេញ បាន​ចេញ​បម្រាម​គោចរ​​​មិន​ឱ្យ​មាន​ការ​ធ្វើ​ចរាចរណ៍ និង​សកម្មភាព​​ផ្សេងៗ ចាប់​ពីម៉ោង​ ៩ យប់​រហូត​ដល់​ម៉ោង​៣ ទៀប​ភ្លឺ​ ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​រយ:ពេល​១៤ ថ្ងៃ​រាប់​ចាប់​ពី​ម៉ោង​២៣:៥៩ នាទី​រំលងអធ្រាត​ឈាន​ដល់​ថ្ងៃទី​៣០ ខែ​កក្កដានេះ​ រហូត​ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១​ ដើម្បទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ចេញ​នៅ​ថ្ងៃ​​ទី​២៩ ខែ​កក្កដា​​នេះ​​បញ្ជាក់​ថា ​ត្រូវ​​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​ការងារ​ ឬអាជីវកម្ម​ដែល​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ នានា​រួម​មាន​ សាលារៀន​ទាំង​រដ្ឋ ​និង​ឯកជន​ អាជីវកម្ម​ ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ រមណី​យដ្ឋាន​នានា អាជីវកម្ម​ម៉ាស្សា​គ្រប់​ប្រភេទ ហាង​លក់​គ្រឿង​ស្រវឹង​ ព្រម​ទាំង​រោង​ភាព​យន្ត​ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ។

សាលារាជធានី​ក៏​បា​ន​ហាម​ការ​ជួប​ជុំ​ដែល​មាន​ចំនួន​មនុស្ស​លើស​ពី​ ១០ នាក់​ នៅ​ទី​សាធារណ: លើក​លែង​ចំពោះ​ការ​ជួប​ជុំ​ក្នុង​សមាជិក​គ្រួសារ​ ពិធី​បុណ្យ​សព​ ស្ថាប័ន​សាធារណ:  ការ​ជួប​ជុំ​របស់​បុគ្គលិក​សុខាភិបាល​ក្នុង​ការ​បំពេញ​ភារកិច្ច​ដូចជា​ការ​យក​សំណាក​ និង​ការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ ការ​ជួប​ជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​បំពេញ​ការងារ ការ​ជួប​ជុំ​ក្នុង​សាលាជម្រះក្តី​ និង​ការ​ជួប​ជុំ​ដែល​ចាំបាច់​ក្នុង​គោល​បំណង​បម្រើ​ផល​ប្រយោជន៍​សាធារណ: ត្រូវ​បានលើក​លែង​។

ក្នុង​សេចក្តីប្រកាស​ដដែល​នោះ​បញ្ជាក់​ថា៖ «ក្នុង​ករណី​រកឃើញ​ថាបុគ្គល​ ឬ នីតិ​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​បំពាន​វិធាន​ការ​នេះ​ ត្រួវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល​ និង​ទណ្ឌកម្ម​ច្បាប់​ រួម​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណ:ចំពោះ​បុគ្គល​ល្មើស​ ស្របតាម​ច្បាប់​ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ថរ​ផ្សេង​ទៀត​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជា​ធរមាន​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​»។

ករណី​លើក​លែង​ក្នុងអំឡុង​ពេល​អនុវត្ត​បម្រាម​គោចរ​នេះ​ មាន​ដូចជា ការ​ធ្វើ​ដំណើរ​របស់​មន្រ្តី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ មន្រ្តី​ការទូត អ្នក​សារព័ត៌មាន អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ បុគ្គលិក​បម្រើ​ការ​នៅ​អាកាសយានដ្ឋាន​ ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាប់​ (មិន​លើស​ពី​សមាជិក​៤ នាក់)​ ការ​ធ្វើ​ដំណើរ​ទៅ​លំនៅ​ដ្ឋាន​របស់​បុគ្គល​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ អ្នកជំងឺ​ចេញ​ពី​មន្ទីរពេទ្យ​ ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ​ក៏​ត្រូវ​បាន​លើក​លែង​ ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​២ នាក់​ ព្រម​ទាំង​ការ​ដឹក​ជញ្ជូន​ទំនិញ​យុទ្ធសាស្រ្ត​របស់​រដ្ឋក៏​ត្រូវ​បាន​លើក​លែង​ សេវា​សង្គ្រោះ​បន្ទាន់​សុខាភិបាល​ទាំង​រដ្ឋ​និង​ឯកជន និង​ករណី​ចាំ​បាច់​ដទៃ​ទៀត​នៃ​សេវា​សាធារណ:​រួម​មាន​ ឱសថស្ថាន សេវាពន្លត់​អគ្គីភ័យ​ សេវា​ផ្គត់​ផ្គង់​អគ្គិសនី​ និង​ទឹក​ស្អាត​ជាដើម​ ដែល​រួច​​ពី​បម្រាម​គោចរ​នេះ​បាន៕