តាមរយៈអង្គការទិន្នន័យនៅអំពីការអភិវឌ្ឍ ព្រៃឈើនៅប្រទេសកម្ពុជាមានការថយចុះគួរឱ្យកត់សម្គាល់ ទៅលើគម្របព្រៃឈើសរុប និងគម្របព្រៃស្ដុក ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ មន្រ្តីនៃបណ្ដាញផ្សព្វផ្សាយ នៃអង្គការបណ្ដាញយុវជនកម្ពុជា (CYN) លោកម៉ា ចិត្រា បានផ្ដល់បទសម្ភាសន៍ជាសំណួរ ចំលើយដល់សិក្ខាកាម Newsroom Cambodia លោក មេង គ្រុយពន្លក អំពីស្ថានភាពព្រៃឈើនៅកម្ពុជា។
Q: តើអ្វីទៅជាបទល្មើសព្រៃឈើ?
A: បើជាទូទៅ បើដឹកចេញពីព្រៃការពារគឺខ្ញុំចាត់ទុកជាបទល្មើស ការដឹកចេញបើមិនមានការអនុញ្ញាតត្រឹមត្រូវ មិនមានលិខិតត្រឹមត្រូវ ព្រោះអីខ្ញុំគិតថាទោះបីជានៅក្នុងតំបន់ព្រៃការពារ ក៏ពិតមែន ប៉ុន្តែអ្នកមូលដ្ឋានគាត់អាចមានសិទ្ធិក្នុងការស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធ សាងសង់ជាផ្ទះមិនមែនជាបទល្មើសទេ មានន័យថាគាត់អាចស្នើសុំជាផ្ទះសម្រាប់រស់នៅ ប៉ុន្តែអ្វីដែលខ្ញុំចាត់ទុកថាជាបទល្មើសនោះ គឺការលួចកាប់ឈើហើយដឹកឈើចេញពីក្នុងព្រៃយកទៅលក់បន្ត នេះបទល្មើសព្រៃឈើ។
Q: តើប្រភេទព្រៃណាខ្លះដែលអាចទាញយកអនុផលពីព្រៃឈើបានដោយមិនខុសច្បាប់?
A: បាទ ពាក់ព័ន្ធនឹងប្រភេទការប្រមូលផលអនុផលព្រៃឈើដែលមិនខុសច្បាប់ហ្នឹង វាមានដូចជាការដងជ័រទឹក យើងដុតគល់វាយកជ័រទឹកមានដូចជាឈើទាលអីជាដើម ហ្នឹងវាជាការដកហូតការប្រមូលផលដែលមិនខុសច្បាប់ ហើយទន្ទឹមហ្នឹងមានផ្សេងៗទៀត មានដូចជាការទៅរកវល្លិ ផ្ដៅ ទៅបេះគុយ យកមកលក់អីដើមហ្នឹង វាមិនមែនជាការប្រមូលផលដែលខុសច្បាប់ទេ។
Q: តើលោកយល់យ៉ាងណាដែរចំពោះ ស្ថានភាពព្រៃឈើនៅប្រទេសកម្ពុជា?
A: សម្រាប់ខ្ញុំយល់ឃើញថាអំពីព្រៃឈើនៅកម្ពុជា ខ្ញុំគិតថាវិនាសសកម្មហ្នឹងវានៅតែមានជាបន្តបន្ទាប់ ហើយវាជាជំងឺដែលពិបាកព្យាបាលណាស់ប្រសិនជាថ្នាក់ដឹកនាំរដ្ឋ ឬអ្នកដឹកនាំស្ថាប័នក្រសួងដែលធ្វើការពាក់ព័ន្ធហ្នឹងដែលមិនប្ដេជ្ញាចិត្តក្នុងការទប់ស្កាត់ទេ ខ្ញុំមិនរំពឹងថាព្រៃឈើដែលនៅក្នុងតំបន់ការពារហ្នឹងនៅសល់ទេ ព្រោះអីយើងមើលឃើញកន្លងមកហ្នឹងគាត់តែងតែនិយាយថាការពារមិនបានមួយរយភាគរយទេ ផ្ទៃដីព្រៃហ្នឹងវាធំធេងណាស់រហូតទៅដល់រាប់លានហិចតា ហើយឧទ្យាននុរក្សហ្នឹងមានតែប៉ុន្មានពាន់នាក់ទេ។
ខ្ញុំមិនដឹងថាគាត់យកជាហេតុផលត្រឹមត្រូវ ឬក៏ជាលេសដោះសារដើម្បីច្រានចោលការទទួលខុសត្រូវទេ ព្រោះកន្លងមកគាត់ថាឧទ្យាននុរក្សគាត់ខិតខំប្រឹងប្រែងធ្វើការ ខិតខំល្បាតអីជាដើមហ្នឹង ប៉ុន្តែវាមិនអាចទប់ស្កាត់បានមួយរយភាគរយហ្នឹង ដោយសារតែផ្ទៃដីហ្នឹងវាធំធេងជាដើមហ្នឹង ដែលគាត់ធ្លាប់លើកឡើង ហើយគាត់ធ្លាប់លើកឡើងថាព្រៃឈើស្រុកខ្មែរហ្នឹងមានតែបទល្មើសទ្រង់ទ្រាយតូចទេ។
អ្វីដែលជាការគត់សម្គាល់ហ្នឹង យើងមិនដែលឃើញក្រសួងបង្ហាញថាអ្វីទៅទ្រង់ទ្រាយតូច អ្វីទៅហៅថាទ្រង់ទ្រាយធំ បើមែនទែនទៅដឹកចេញពីតំបន់ព្រៃដូចគ្នា ទោះបីតូច ឬធំនៅតែជាបទល្មើសដដែលទេ ហើយរហូតមកដល់ថ្ងៃនេះ បើតាមសហគមន៍នៅមូលដ្ឋាន ក៏នៅបន្តឃើញមានការដឹកចេញពីតំបន់ព្រៃការពារដែរមានព្រៃឡង់ ព្រៃព្រះរកាអីជាដើម ចឹងចង់មិនចង់ព្រៃឈើយើងអាចនឹងនៅបានដូចមានចែងនៅក្នុងច្បាប់ទេបាទ ហើយវាអាចថានៅក្នុងថ្ងៃអនាគតទៅព្រៃហ្នឹងរិចរឹលទៅវាអាចថាដកព្រៃហ្នឹងចេញពីតំបន់ការពារអ៊ីចឹង អាចជាយកហេតុផលថាជាព្រៃសឹករឹចរឹលទៅ គេអាចវិនិយោគតំបន់ព្រៃណាមួយទៅឱ្យក្រុមហ៊ុនឯកជនអីជាដើមហ្នឹង។
Q: តើកត្តាអ្វីខ្លះដែលជាមូលហេតុនៃការបាត់បង់ព្រៃ នៅប្រទេសកម្ពុជា?
A: បើមែនទែនអាចពាក់ព័ន្ធរឿងសំខាន់បំផុតខ្ញុំអាចចាត់ទុកថាមានអំពើរពុករលួយនៅក្នុងវិស័យព្រៃឈើហ្នឹងទីមួយ ហើយទីពីរអាចថាកត្តាសេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋានក្រីក្រដែលគាត់អត់មានគំនិតថាទៅរកស៊ីអី អ្វីដែលគាត់ធ្វើ គឺគាត់ទៅកាប់ព្រៃ លក់ដើម្បីជីវភាពគ្រួសារពួកគាត់អីជាដើមហ្នឹង ហើយមូលហេតុចម្បងទៀតនោះគឺពាក់ព័ន្ធទៅនឹងការមិនយកចិត្តទុកដាក់ និងទទួលបានលុយកាក់ពីការកាប់ព្រៃឈើអីហ្នឹងជាមូលហេតុសំខាន់។
ហើយមួយទៀតសោតហ្នឹង គឺថាមន្ត្រីថ្នាក់ក្រោមហ្នឹងអត់មានអំណាចគ្រប់គ្រាន់ មានន័យថាគាត់មិនមានសិទ្ធិក្នុងការចាប់ជនល្មើសណាដែល អាចមានករណីជនល្មើសមានខ្នងបង្អែកជាមន្រ្តីរាជការ ឬក៏ជាទាហានអីជាដើមទៅ។
Q: តើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការធានាថាមិនមានការកាប់ព្រៃឈើដោយខុសច្បាប់តទៅទៀត?
A: បើយើងនិយាយពីប្រទេសនីតិរដ្ឋ មិនបាច់ទៅធ្វើអីវែងឆ្ងាយទេ ឱ្យតែរដ្ឋខ្លួនឯងហ្នឹងមានស្មារតី មានឆន្ទៈពិតប្រាកដក្នុងការទប់ស្គាត់ជាចំណុចមួយសំខាន់ ហើយមួយទៀតរដ្ឋខ្លួនឯងហ្នឹងត្រូវតែលើកទឹកចិត្តឱ្យសាធារណជនហ្នឹងបានចូលរួមក្នុងកិច្ចការពារ បើទោះជាច្បាប់មានចែងមែន ក៏ប៉ុន្តែអ្វីដែលយើងឆ្លងកាត់កន្លងមកហ្នឹងមិនបានមានចែងក្នុងច្បាប់ទេ។
នៅក្នុងច្បាប់ គាត់សរសេរឱ្យសាធារណៈជនការពារ ក៏ប៉ុន្តែនៅពេលដែលសាធារណជនចូលរួមការពារ ក៏ប៉ុន្តែនៅសាធារណជន អង្គការសង្គមស៊ីវិលអី ឬក៏សហគមន៍ចូលរួមការពារគាត់បែរជាហាមឃាត់ គាត់ព្យាយាមរកហេតុផលដើម្បីចុះអនុស្សរណៈយោគយល់(MOU) ជាមួយក្រសួងបរិស្ថានមុនទៅល្បាត ឬក៏ទៅធ្វើការចូលព្រៃអីជាដើមទៅ ព្រោះអីយើងមិនមែនមិនទុកចិត្តមន្រ្តីរដ្ឋាភិបាលទាំងស្រុងទេប៉ុន្តែអ្វីដែលជាការយល់ឃើញរបស់ខ្ញុំ កាលណាដែលយើងចុះអនុស្សរណៈយោគយល់(MOU) ទៅវាអត់មានអីចំណេញទេវាមានតែខាតពេលនៅក្នុងការចុះទៅល្បាតទេ ការចុះអនុស្សរណៈយោគយល់(MOU)ហ្នឹងទៀតសោតមិនដែលសាធារណជនទៅធ្វើអនុស្សរណៈយោគយល់(MOU)ជាមួយក្រសួងទេ នេះជាហេតុផលអត់សមរម្យទេ។
អ៊ីចឹងក្រសួងពិចារណាឡើងវិញ ស្ថិតនៅក្នុងបុព្វហេតុនៃការពារព្រៃឈើដូចគ្នា ក្រសួងគួរតែបើកទូលាយឱ្យសាធារណជន ក៏ដូចជាសហកគមន៍មូលដ្ឋានឱ្យពួកគាត់បានចូលរួមចំណែកក្នុងការទប់ស្កាត់ក្នុងការទប់ស្កាត់ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិយើង។
Q: តើលោកយល់ថាស្ថានភាពព្រៃឈើនឹងមានភាពល្អប្រសើរទេក្នុងថ្ងៃអនាគត?
A: នាអនាគត យើងមិនអាចមើលឃើញទេ ប៉ុន្តែបើយើងពេលបច្ចុប្បន្ន ប្រសិនជាបច្ចុប្បន្ននេះ អ្វីដែលរដ្ឋាភិបាលនៅប្រកាន់ចរិកដដែល ការធ្វើការដដែលថ្ងៃក្រោយព្រៃឈើមិនស្ថិតថេរទេ នឹងកាន់តែសឹករិចរឹលបន្ថែមទៀត ហើយប្រសិនជាគាត់មានការកែប្រែមានយុត្តិសាស្រ្តថ្មី គាត់មានឆន្ទៈក្នុងការដោះស្រាយពិតប្រាកដ បំបាត់នៅអំពើរពុករលួយ បក្សពួកនិយមអ៊ីចឹងជាដើម ហើយបើកចិត្តទូលាយឱ្យសាធារណជនចូលរួម ទោះបីជាមានកាប់តិចតួចបំផុត ហ្នឹងខ្ញុំគិតថាអាចទប់ស្កាត់បានប្រសិនបើរដ្ឋាភិបាលគាត់យកគំនិតហ្នឹងទៅពិចារណា។
Q: តើលោកមានអនុសាន៍បានណាដើម្បីមិនមានបទល្មើសព្រៃឈើតទៅទៀត?
A: ជាយោបល់ខ្ញុំ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញ ខ្ញុំមានគំនិតបែបសាមញ្ញ មានតែមានការបើកឱ្យពលរដ្ឋចូលរួមការពារហើយហ្នឹង ហើយរដ្ឋាភិបាលហ្នឹងមានឆន្ទៈពិតប្រាកដ កុំឱ្យមានអំពើពុករលួយក្នុងវិស័យព្រៃឈើហ្នឹង យើងការពារទ្រព្យសម្បត្តិយើងទាំងអស់គ្នា ប៉ុន្តែប្រសិនបើមន្ត្រីរដ្ឋាភិបាលមួយចំនួននៅតែមានគំនិតលោភលន់ចង់បានតែឯង ចង់បានការកេងចំណេញពីតួនាទីរបស់គាត់ បើកដៃឱ្យឈ្មួញកាប់បំផ្លាញព្រៃឈើ ហ្នឹងវាបាត់បង់ហើយ។
ហើយមួយទៀត សាធារណជនទាំងអស់គ្នា ទោះបីជាយើងមិនមែនជាអ្នកនៅស្រុកព្រៃ ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថាយើងអត់មានផលប៉ះពាល់ដែរដូចទស្សនៈលោកបណ្ឌិតកែម ឡីដែលគាត់លើកឡើងថា «បើយើងមិនធ្វើអ្វីសោះក៏រងគ្រោះដែរ» ហើយពាក្យដែលគាត់លើកឡើងហ្នឹងមានន័យទូលំទូលាយណាស់ ដែលគ្រប់ស្ថានការដែលយើងអាចមកសិក្សាបាន ចំណុចនេះ។
ខ្ញុំចង់រំលេចត្រង់ហ្នឹងដែលខ្ញុំចង់និយាយថាទោះបីជាយើងនៅក្នុងទីក្រុងក៏ដោយ យើងមិនមែននៅព្រៃក៏ដោយ តែប្រសិនជានៅតំបន់ព្រៃ វាបាត់បង់ព្រៃឈើទៅ អ្នកនៅក្រុងក៏រស់មិនបានសុខដែរ ដោយសារតែអស់ព្រៃឈើទៅ អាកាសធាតុប្រែប្រួល វាអាចថាខែវស្សាទៅទឹកជំនន់ ហើយខែប្រាំងទៅគ្រោះរាំងស្ងួតអ៊ីចឹងជាដើម វាមិនមែនប៉ះពាល់តែនៅស្រុកព្រៃទេ អ៊ីចឹងហើយបានជាខ្ញុំលើកទឹកចិត្តថាជាពិសេសយុវជនជំនាន់ក្រោយនេះត្រូវតែចូលរួមឱ្យបានសកម្មដើម្បី ទោះបីជាមិនបានចុះទៅព្រៃផ្ទាល់។
សាធារណជន យុវជនហ្នឹងត្រូវតាមដាមតាមរយៈការផ្សព្វផ្សាយតាមសារព័ត៌មាន តាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមអីជាដើម យើងចូលរួមចែករំលែកគ្នាshare ដើម្បីឱ្យដំណឹងនេះបានទៅដល់ប្រមុខរដ្ឋាភិបាលឱ្យគាត់បានឃើញបានដឹង ថាសាធារណជនក៏បានចូលរួមដឹងលឺដែរអំពីការបាត់បង់ព្រៃឈើហ្នឹង កុំឱ្យមានការលើកឡើងថាអ្នកតវ៉ាមួយចំនួនមកដល់ផ្ទះគាត់អីហ្នឹង ជំនាន់ហ្នឹងគាត់និយាយថាគាត់អត់បានដឹងអីផង អាចដឹងថាលើកមុនគាត់អត់ដឹងអីមែន ប៉ុន្តែឥឡូវហ្វេសបុកវាមានប្រជាប្រិយភាពប្រជាពលរដ្ឋតាមដានច្រើន ខ្ញុំគិតថាពេកគាត់ចែករំលែកច្រើនគាត់បានឃើញបានដឹងចឹង៕