សាលារាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានប្រកាសអនុញ្ញាតឱ្យម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានដំណើរការអាជីវកម្មរបស់ខ្លួនបានជាប្រក្រតី និងអាចទទួលអតិថិជនឱ្យមកទទួលទានអាហារក្នុងបរិវេណអាជីវកម្មដ្ឋានបានក្នុងកំឡុងពេលអនុវត្តវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំថ្មីមួយបន្ថែមទៀតលើវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ដោយបានកែសម្រួលខ្លឹមសារឡើងវិញថាអនុញ្ញាតឱ្យម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានបើកដំណើរការអាជីវកម្ម និងទទួលភ្ញៀវក្នុងបរិវេណទីតាំងបាន តែថាត្រូវធានានូវសុវត្ថិភាពផ្នែកសុខាភិបាល ដោយរក្សាគម្លាតបុគ្គលនិងសង្គម ក្នុងរយៈពេលអនុវត្តវិធានការរដ្ឋបាល ១៤ថ្ងៃរហូតដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១។
សេចក្តីណែនាំបានអះអាងបន្តថា ការសម្រេចនេះបានកើតមាន ក្រោយពិនិត្យឃើញថាម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានដែលមានស្តង់ដារអនាម័យ បានចូលរួមអនុវត្តលើការងារនេះបានល្អប្រសើរ និងដើម្បីជម្រុញចរន្តសេដ្ឋកិច្ចក្នុងកំឡុងពេលវិធានការរដ្ឋបាល។
អភិបាលរាជធានីភ្នំពេញរូបនេះបានណែននាំថា៖ «ភោជនីយដ្ឋាន-អាហារដ្ឋានក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនបាន»។
លោកឃួង ស្រេង បានបន្តទៀតថា៖ «ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឱ្យបានដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ម៉ែត្រក្នុងបរិវេណអាជីវកម្មដ្ឋាននីមួយៗ»។
នៅក្នុងសេចក្តីណែនាំខាងលើនោះបានបន្ថែមទៀតថាភោជនីយដ្ឋាន-អាហារដ្ឋានដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាប្រក្រីទាំងនោះ ដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹង ឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរដោយផ្អាកសកម្មភាពអាជីវកម្មនៅចន្លោះម៉ោង ២១ដល់ម៉ោង ៣រហូតដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃដោយបានចែងថា «គ្រប់ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទអាចដំណើរការជាប្រក្រតីតែជាលក្ខណៈវេជ្ជខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ។ នេះបើតាមសេចក្តីដដែលបានបញ្ជាក់យ៉ាងដូច្នេះ៕