សាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​​ម្ចាស់​ភោជនីយដ្ឋាន អាហារដ្ឋាន​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួនបាន​​ជា​ប្រក្រតី ​និង​អាច​ទទួល​អតិថិជន​ឱ្យ​មក​ទទួល​ទាន​អាហារ​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​បាន​​ក្នុង​កំឡុង​ពេល​អនុវត្ត​វិធាន​ការរដ្ឋបាល​រយៈពេល​​ ​​​១៤​ថ្ងៃ ​ដើម្បី​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​​។

អភិបាល​រាជធានីភ្នំពេញ លោកឃួង ស្រេង នៅ​ថ្ងៃ​ទី​៣ ​ខែ​សីហា ​ឆ្នាំ​២០២១​នេះ ​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ​បន្ថែមទៀត​​លើ​​វិធាន​ការ​រដ្ឋ​បាល​​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​សម្រាប់​រយៈពេល​ ១៤​ថ្ងៃ​ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ដោយ​បាន​កែ​សម្រួល​ខ្លឹម​សារ​ឡើង​វិញ​ថា​អនុញ្ញាត​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​​បើក​ដំណើរ​ការ​អាជីវកម្ម ​និង​ទទួល​ភ្ញៀវ​ក្នុង​បរិវេណ​ទី​តាំង​បាន​ តែ​ថា​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដោយ​រក្សា​គម្លាត​បុគ្គល​និង​សង្គម ក្នុង​រយៈពេល​អនុវត្ត​វិធាន​ការ​រដ្ឋបាល​​ ១៤​ថ្ងៃ​​រហូត​ដល់​​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០២១។

​សេចក្តីណែនាំបានអះអាងបន្តថា ការសម្រេចនេះបានកើតមាន ក្រោយ​ពិនិត្យ​ឃើញ​ថា​ម្ចាស់​ភោជនីយដ្ឋាន-អាហារដ្ឋាន​ដែល​មាន​ស្តង់​ដារ​​អនាម័យ បាន​ចូល​រួម​អនុវត្ត​លើ​ការ​ងារ​នេះ​បាន​ល្អ​ប្រសើរ ​និង​ដើម្បី​ជម្រុញ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​កំឡុង​ពេល​វិធានការ​រដ្ឋបាល។

អភិបាល​រា​ជ​ធានី​ភ្នំពេញ​រូប​នេះ​បាន​ណែននាំ​​ថា​៖ «​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ក្នុង​សណ្ឋាគារ និង​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ដែល​អាច​ធានា​បាន​នូវ​វិធាន​​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​ការ​រក្សា​បាន​នូ​វ​គម្លាត​សុវត្ថិភាព​បុគ្គល​ និង​សង្គម ​អាច​ដំណើរ​ការ​អាជីវកម្ម​ជា​ប្រក្រតី​ និង​ទទួល​អតិថិជន​ឱ្យ​ចូល​​មក​ទទួល​​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​បាន​»។

លោក​ឃួង​ ស្រេង​​ បាន​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​ចាំ​បាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​​ឱ្យ​បាន​ដាច់​ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល-សង្គម និង​ដើម្បី​ធានា​ឱ្យ​មាន​ខ្យល់​ចេញ​-​ចូល​គ្រប់​គ្រាន់ ដោយ​ត្រូវចៀស​វាង​ការ​ប្រជៀត​គ្នា ឬ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន ដែល​ជា​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូវីដ-១៩ ​ក៏ដូច​ជា​ត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន​ដើម្បី​រក្សា​គម្លាត ​១,៥​ម៉ែត្រ​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​នីមួយៗ»។

នៅ​ក្នុង​សេចក្តី​ណែនាំ​ខាងលើ​នោះ​បាន​បន្ថែម​ទៀត​ថា​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ជា​ប្រក្រី​ទាំងនោះ ដាច់​ខាត​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង ឬ​អនុញ្ញាត​ឱ្យ​អតិថិជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទក្នុង​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​ឡើយ ជាពិសេស​ត្រូវ​អនុវត្ត​បម្រាម​គោចរដោយ​ផ្អាក​សកម្មភាព​​អាជីវកម្ម​​នៅ​ចន្លោះ​ម៉ោង ​២១ដល់​ម៉ោង ​៣​រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​សីហា​ឆ្នាំ​២០២១​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពីថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធាន​ការ​​រដ្ឋបាល​​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​សម្រាប់​រយៈពេល​ ១៤​ថ្ងៃ​ដោយ​បាន​ចែង​ថា ​«​គ្រប់​ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ​ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ​-ភេសជ្ជៈគ្រប់​ប្រភេទ​អាច​ដំណើរ​ការជា​ប្រក្រតី​តែ​ជា​លក្ខណៈវេជ្ជ​ខ្ចប់​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​​អតិថិជន​ចូល​មក​​ទទួល​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​ឡើយ។ ​នេះ​បើ​តាម​សេចក្តី​ដដែល​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​៕