ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ-១៩បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន៣៦ករណី ក្នុងនោះមាន៨ករណីឆ្លងលើបុគ្គលិកសុខាភិបាល ក្រោយទទួលលទ្ធផលធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងកាលពីថ្ងៃនៅទី៤ ខែសីហា ឆ្នាំ២០២១នេះបានឱ្យដឹងថា ករណីឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ទាំង៣៦នាក់នោះ រួមមានបុគ្គលិកសុខាភិបាលចំនួន ៨ នាក់ភេទស្រីចំនួន២នាក់ និងអ្នកភូមិក្នុងសហគមន៍ចំនួន២៨នាក់ ភេទស្រី១៤នាក់នៅរាជធានីភ្នំពេញ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថាការចម្លងជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ មានសន្ទុះខ្លាំងលើយុវវ័យ ដោយសារក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្រ្ត។
គួរបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា (Delta) លើពលករត្រឡប់ពីប្រទេសថៃ អ្នកដំណើរតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍សរុបទាំងអស់ចំនួន២៦០នាក់ ក្នុងនោះស្រ្តីចំនួន១២៥នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានខាងលើដដែល៕