ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃពុធនេះបានជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ និងនិសិ្សតខ្មែរដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវ ឱ្យប្រុងប្រយ័ត្នជំងឺឆ្លងកូវីដ-១៩ព្រោះប្រទេសឡាវសម្រេចបន្តវិធានការបិទខ្ទប់ប្រទេសចំនួន១៥ថ្ងៃបន្ថែមទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះបានឱ្យដឹងថា រដ្ឋាភិបាលឡាវបានសម្រេចបន្តវិធានការបិទខ្ទប់ប្រទេសចំនួន១៥ថ្ងៃបន្ថែមទៀត ដោយសារតែករណីជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍នៅតែបន្តរកឃើញជារៀងរាល់ថ្ងៃនៅតាមរដ្ឋធានី ខេត្ត ក្រុងទូទាំងប្រទេសលើពលករឡាវដែលបានវិលត្រឡប់មកពីប្រទេសថៃ។
រយៈពេលនៃការបន្តបិទខ្ទប់ប្រទេស១៥ថ្ងៃនោះរាប់ចាប់ពីថ្ងៃទី០៣-១៨ ខែសីហា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីជូនដំណឺងខាងលើបានបញ្ជាក់។
បើតាមសេចក្តីជូនដំណឹងខាងលើបន្ថែមថា៖ «មិនឱ្យបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់ទៅកាន់កន្លែងដែលមានហានិភ័យ បន្តរក្សាអនាម័យ៣កុំ ៣ការពារឱ្យបានល្អ និងអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលឡាវ និងវិធានការរាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធិភាពខ្ពស់»។
តាមខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងដដែលនោះ បានបញ្ជាក់ថារដ្ឋាភិបាលឡាវបន្តហាមឃាត់កន្លែងផឹកស៊ី កាស៊ីណូ ការ៉ាអូខែ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត ហាមជួបជុំកុះករ ហាមលក់គ្រឿងស្រវឹង និងហាមមិនឱ្យធ្វើដំណើរតាមរថយន្តនិងយន្តហោះចំពោះពលរដ្ឋដែលមិនទាន់បានចាក់ថ្នាំបង្ការកូវីដ-១៩។
សេចក្តីជូនដំណឹងដដែលនោះក៏បានអនុញ្ញាតឱ្យបើកដំណើរការនូវផ្សារទំនើប ផ្សារលក់ដុំ និងលក់រាយ ផ្សាររាត្រី ផ្សារលក់ម្ហូបអាហារ កន្លែងហាត់ប្រាណ ការនេសាទ ភោជនីយដ្ឋាន ហាងកាហ្វេ រមណីយដ្ឋានទេសចរ ហាងកាត់សក់ និងហាងកែសម្ភស្ស រៀបចំកិច្ចប្រជុំក្រៅតំបន់ក្រហម បើកសាលារៀននៅកន្លែងដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់។
សូមបញ្ជាក់ថា បើទោះបីជាថ្នាំបង្ការជំងឺកូវីដ-១៩ត្រូវបានគេបើកយុទ្ធនាការចាក់ទូទាំងសាកលលោកដើម្បីទប់ស្កាត់កម្រិតឈឺធ្ងន់ធ្ងរនៃជំងឺនេះយ៉ាងណាក្តី ករណីឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ ដែលតា (Delta) កំពុងតែគម្រាមកំហែងសុខភាពសាធារណៈ ដោយបង្កឱ្យឈឺ និងស្លាប់ដោយសារជំងឺកូវី-១៩នៅតែជាក្តីបារម្ភ និងគ្រោះថ្នាក់មិនទាន់អាចគ្រប់គ្រងបាននៅឡើយ៕