ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបានទទួលការពិនិត្យ និងវះកាត់សុខភាពបានជោគជ័យនៅប្រទេសបារាំង។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យក្រសួងមហាផ្ទៃដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញានេះ បានឲ្យដឹងថាលោកស ខេងបានធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំងរយៈពេល ២សប្តាហ៍ដើម្បីពិនិត្យសុខភាព និងបានទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។
ខុទ្ទកាល័យលោកស ខេង កាលពីថ្ងៃទី២៣ ខែសីហ ឆ្នាំ២០២១ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលថាអតីតមន្រ្តីគណបក្សប្រឆាំងនឹងជួបគាត់ខណៈពេលដែលលោកស្ថិតនៅក្នុងប្រទេសបារាំង។
សំឡេងប្រជាធិបតេយ្យ (VOD) បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា អតីតគណបក្សប្រឆាំង ស្វាគមន៍ជានិច្ច ប្រសិនបើមានការបើកភ្លើងខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹងលោក ស ខេង ខណៈថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរូបនេះធ្វើទស្សនកិច្ចក្រៅផ្លូវការនៅបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១៕