រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចេញសារាចរណែនាំ ឲ្យទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ទាំងនៅទីក្រុង និងនៅតាមបណ្តាខេត្ត។
សារាចរនោះបញ្ជាក់ថា ដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ ចំពោះសំណង់អគារដែលស្ថិតក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ។
ក្នុងសារាចរបានបញ្ជាក់ថា ដើម្បីឲ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុងដែលមានសំណង់អគារសាសនា សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ រាជរដ្ឋាភិបាលហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង និងទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
រាជរដ្ឋាភិបាលបានណែនាំបន្ថែមថា៖ «បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្រ្ត គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព»។
ក្នុងសារាចរដដែលក៏បានបានណែនាំថា រាល់សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕