ចាប់ពីថ្ងៃទី១៨ ខែតុលា នេះតទៅ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចួលមកប្រទេសកម្ពុជានឹងត្រូវអនុវត្តការធ្វើចត្តាឡីស័កចំនួនពី៣ ទៅ៧ថ្ងៃ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលស្ដីពីលក្ខខណ្ឌធ្វើដំណើរ កាអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បង្ហាញថា ដោយមើលឃើញពីការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល។
ក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់ថា អ្នកដំណើរទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស។ ការអនុវត្តនេះត្រូវរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុមអាទិភាពនេះផង។
ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។ ដោយឡែក ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថាផងដែរថា សេចក្តីជូនដំណឹងនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះតទៅ។ ចំពោះអ្នកដំណើរដែលមកដល់កម្ពុជាមុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងកំពុងធ្វើចត្តាឡីស័ក ក៏អាចទទួលបានការសម្រួលដូចគ្នាដែរ ក្នុងករណីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ មានឯកសារគ្រប់គ្រាន់ និងបំពេញរាល់លក្ខខណ្ឌខាងលើ៕