រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទនេះ ប្រកាសដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទ៣០,០០០រៀលគំរូថ្មីទូទាំងប្រទេស ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យប្រកាសដាក់ឲ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មីនេះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
ធនាគារជាតិនៃកម្ពុជា បានប្រកាសរបស់លើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា៖ «ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០,០០០ រៀល ត្រូវបានដាក់ឲ្យប្រើប្រាស់ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ ដូចនេះសាធារណជនគ្រប់រូប ត្រូវពិនិត្យសម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ៕