ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានប្រកាសផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។
សេចក្តីជូនព័ត៌មានក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បាននិយាយថាអ្នកដែលបានស្លាប់កន្លងមកដោយសារកូវីដ១៩ ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ដូចនេះដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរ និងកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺនេះ ប្រជាពលរដ្ឋគួរចាក់វ៉ាក់សាំង។
«សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបងប្អូនអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូនឱ្យបានគ្រប់ៗគ្នា»។
គ.វ.ក-១៩ ក៏បានណែនាំបន្ថែមដល់ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្តត្រូវធ្វើសេចក្តីជូនដំណឹងទៅគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ឱ្យផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមគោលដៅ រួមមាន ពលរដ្ឋវ័យចាស់ ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ អ្នកជាសះស្បើយពីជំងឺកូវីដចាប់ពី៤ខែឡើង ឬអ្នកជាសះស្បើយពីជំងឺផ្សេងៗ និងអ្នកមានជំងឺប្រចាំកាយ ប៉ុន្តែមានស្ថានភាពនឹងនរ ឱ្យមានភាពរលូននៅគ្រប់ទីតាំងចាក់វាក់សាំងទាំងអស់៕