រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹងអំពីការបើកដំណើរការសាលារៀនមួយចំនួនឡើងវិញ ដោយអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមសេចក្តីណែនាំលេខ ៤៦ អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប រដ្ឋបាលខេត្តសៀមរាបបានពិនិត្យវាយតម្លៃទៅលើគ្រឹះស្ថានសិក្សាសាធារណៈយ៉ាងហ្មត់ចត់ ទើបសម្រេចឱ្យមានការបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំ ក្នុងជំហានទី១។
សាលាដែលត្រូវបើកដំណើរការឡើងវិញមានចំនួន១៧៣ ដែលស្ថិតតាមបណ្តាស្រុកចំនួន០៨ រួមមានស្រុកសូទ្រនិគម ប្រាសាទបាគង ក្រឡាញ់ ស្រីស្នំ វ៉ារិន អង្គរធំ បន្ទាយស្រី និងស្រុកស្វាយលើ។ ក្នុងនោះគ្រឹះស្ថានមធ្យមសិក្សាមានចំនួន ៤៤សាលា គ្រោងចាប់ដំណើរការអនុវត្តសិក្សាចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងបឋមសិក្សាមានចំនួន១២៩សាលា ដោយគ្រោងចាប់ដំណើរការអនុវត្តសិក្សាចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះតទៅ។
ក្នុងថ្ងៃដដែលនោះ រដ្ឋបាលខេត្តក៏បានបញ្ចប់ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន សម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ។
សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សាផ្សេងទៀត ដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង៤០០កន្លែង សាលាបឋមសិក្សាចំនួនជាង ៥១៤កន្លែង មានអនុវិទ្យាល័យចំនួន៨២កន្លែង និងមានវិទ្យាល័យចំនួន៤១កន្លែង ៕