ជម្ងឺកូវីដ-១៩ បាននិងកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាតាំងពីដើមឆ្នាំ២០២០មក។ ចំនូនករណីឆ្លងបានកើនឡើងក្នុងរាជធានីភ្នំពេញ ហើយការរីករាលដាលនេះក៏កំពុងតែវិវឌ្ឍន៍ទៅតាមបណ្តាខេត្តនានាដែលជាក្តីកង្វល់មួយយ៉ាងខ្លាំង។
ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការ «៣ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការរីករាលដាលនេះ ហើយមួយក្នុងចំណោមនោះ គឺការពាក់ម៉ាស ជាពិសេសនៅតាមទីសាធារណៈ។ ប៉ុន្តែតាមការសង្កេតកន្លងទៅ ចំនួនប្រជាជនដែលពាក់ម៉ាស់នៅមានកម្រិតនៅឡើយ ពោលគឺប្រជាជនមួយចំនួនមិនបានយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវលើវិធានការការពារមួយនេះទេ ។
តើមានមូលហេតុអ្វីដែលបណ្តាលឲ្យប្រជាជនមួយចំនួនមិនអនុវត្តវិធានការពាក់ម៉ាស់នេះ ទាំងដែលមេរោគកូវីដ១៩កំពុងវាតទីសឹងតែគ្រប់ទីកន្លែងទៅហើយ?
យោងតាមក្រុមសហគមន៍អនឡាញមួយ (Facebook community) ដែលត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងបញ្ចេញមតិយោបល់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដនេះបានបង្ហាញថា ប្រជាជនមួយចំនួនតូចមិនបានពាក់ម៉ាស់ ព្រោះពួកគាត់យល់ថា ការពាក់ម៉ាស់ធ្វើឲ្យមានផលវិបាកក្នុងការដកដង្ហើម ជាពិសេសនៅពេលពាក់ក្នុងរយៈពេលយូរ ស្របជាមួយនឹងអាកាសធាតុក្តៅ ហើយមនុស្សមួយចំនួនមិនទម្លាប់ក្នុងការពាក់ម៉ាស់។ ប៉ុន្តែបើយើងគិតឲ្យមែនទែនទៅ វាមិនពិបាកដូចការឆ្លងវីរុសនេះទេ ហើយក៏មិនពិបាកខ្លាំងរហូតដល់ធ្វើឲ្យមានហានិភ័យដល់ជីវិតនោះដែរ។
អ្នកខ្លះយល់ថា គាត់បានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចហើយ។ ប៉ុន្តែបើតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា វ៉ាក់សាំងនេះការពារមិនឱ្យមានការវិវត្តជម្ងឺទៅរកសភាពធ្ងន់ធ្ងរ ឬបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតតែប៉ុណ្ណោះ តែមិនមែនបានន័យថា ការចាក់វ៉ាក់សាំងអាចការពារមិនឲ្យមានការឆ្លង ឬចម្លងទៅអ្នកដទៃបាននៅឡើយទេ។
មតិខ្លះទៀតបានយល់ឃើញថា កត្តាដែលបណ្តាលឲ្យប្រជាជនខ្លះមិនពាក់ម៉ាស់ ព្រោះពួកគាត់គិតថា មិនមានករណីឆ្លងក្នុងសហគមន៍ដែលគាត់រស់នៅនៅឡើយ ជាពិសេសប្រជាជនមួយចំនួននៅតាមបណ្តាខេត្តដែលមិនមានករណីឆ្លង ឬមានតិចតួច។ តែការយល់ឃើញបែបនេះគឺមានគ្រោះថ្នាក់ណាស់ ព្រោះថាយើងមិនអាចមើលដឹងទេថាអ្នកណាមានផ្ទុកវីរុសនេះ ប្រសិនបើគាត់មិនទាន់ចេញរោគសញ្ញា ហើយគាត់មានទំនាក់ទំនងជាមួយអ្នកណាខ្លះ មកពីតំបន់ណា ព្រោះប្រជាជនតែងចល័តខ្លួនប្រកបរបរ ឬធ្វើដំណើរជាប្រចាំថ្ងៃ។
ចុះប្រសិនបើមានការឆ្លងតែមួយករណី វានឹងរីករាលដាលពេញសហគមន៍ទៅហើយទេឬ? ដូចនេះ ការមិនអនុវត្តវិធានការការពារនេះពិតជាមានហានិភ័យខ្លាំងណាស់។
អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺការអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ជាពិសេសគឺការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ ឬពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ នៅតាមសហគម៍នីមួយៗ រដ្ធបាលភូមិ ឃុំ ត្រូវមានការផ្សព្វផ្សាយឲ្យបានទូលាយ និងជាប្រចាំ ជាពិសេសចំពោះច្បាប់ដែលបានដាក់ចេញដោយរដ្ឋាភិបាលស្តីពីការតម្រូវឲ្យពាក់ម៉ាស់ និងការផាកពិន័យផងដែរ។
ចូរចាំថាការចូលរួមរបស់យើងទាំងអស់គ្នា គឺជាការរួមចំណែកកាត់បន្ថយការឆ្លងរាលដាលនៃវីរុសកូវីដ១៩នេះ៕