រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញវិធានការបញ្ចប់ការដាក់បម្រាមគោចរជាបណ្តោះអាសន្ន បន្ទាប់ពីបានបិទខ្ទប់ខេត្តសៀមរាបអស់មួយរយៈដោយសារមានការឆ្លងរាលដាលជំងឺកូវីដ១៩ច្រើន។
ក្នុងសេចក្តីសម្រេចស្តីពីការបញ្ចប់ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងភូមិសាស្រ្តខេត្តសៀមរាប ចេញថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា៖ «សេចក្តីសម្រេចលេខ១៥១/២១ ស.ស.រ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងសេចក្តីសម្រេចលេខ១៨០/២១ ស.ស.រ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាបស្តីពីការដាក់នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន សម្រាប់បម្រាមគោចរដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវទុកជានិរាករណ៍»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ថានភាពជម្ងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីឆ្លងសរុបចំនួន១១,៧២០១ ករណីឆ្លងថ្មីចំនួន១៦៦ ករណីជាសះស្បើយចំនួន១១,១៦៩០ ករណីស្លាប់ មានចំនួន២,៦៩៣ និងករណីនាំចូលពីក្រៅប្រទេសចំនួន១,៩៤៣០៕