ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានប្រកាសលុបចោលបម្រាមផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាផ្នែកនៃការបើកប្រទេសជាតិឡើងវិញជាជំហានៗ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាការលុបចោលបម្រាមនេះ «ដើម្បីចូលរួមចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះដែលនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
យោងតាមក្រសួងសុខាភិបាល ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានករណីឆ្លងសរុបចំនួន ១១៧,៦៤៤នាក់ ហើយករណីឆ្លងថ្មីនៅថ្ងៃទីទី២៣ ខែតុលា ឆ្នាំ២០២១ មានចំនួន ១៤៤នាក់ ករណីជាសះស្បើយថ្មីចំនួន ២៧៥នាក់ ករណីស្លាប់ថ្មីចំនួន ១០នាក់ និងករណីនាំចូលពីក្រៅប្រទេសថ្មីចំនួន ៣២នាក់៕