ក្រសួង​សុខាភិ​បាល​នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានប្រកាសលុប​ចោល​បម្រាម​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ជើង​ហោះ​ហើរ​ត្រង់​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាផ្នែកនៃការបើកប្រទេសជាតិឡើងវិញជាជំហានៗ។

សេ​ច​ក្តី​ប្រកាស​ព័ត៌មានបានបញ្ជាក់ថាការ​លុប​ចោល​បម្រាមនេះ «ដើម្បី​ចូលរួមចំណែក​ការ​បើក​ដំណើរ​ការ​ឡើង​វិញនូវ​សកម្មភាព​សេដ្ឋកិច្ច​ និងសង្គម ជាជំហានៗ​លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី រួមទាំង​ការស្តារ​ឡើងវិញ​នូវ​វិស័យ​ដឹក​ជញ្ជូនតាម​ផ្លូវអាកាស​ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃចុះ​ហត្ថលេខា​តទៅ»។

យោងតាមក្រសួង​សុខាភិ​បាល​ ស្ថានភាពជំងឺ​កូ​វីដ-១៩ នៅ​កម្ពុជាមានករណីឆ្លងសរុបចំនួន ១១៧,៦៤៤នាក់ ហើយករណីឆ្លងថ្មីនៅថ្ងៃទីទី២៣ ខែតុលា ឆ្នាំ២០២១ មានចំនួន ១៤៤នាក់ ករណីជាសះស្បើយថ្មីចំនួន ២៧៥នាក់  ករណីស្លាប់ថ្មីចំនួន  ១០នាក់​​ ​​និងករណីនាំចូលពីក្រៅប្រទេសថ្មីចំនួន ៣២​នាក់៕