ក្រសួងការបរទេសកម្ពុជាបានបើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ដើម្បីទទួលភ្ញៀវបរទេស និងទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ និងការធ្វើចត្ដាឡីស័កស្របតាមគន្លងប្រក្រតីភាពថ្មី។
យោងតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជាចេញកាលពីថ្ងៃទី២០ ខែតុលា ជម្រាបជូនអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស បញ្ជាក់ថា ដោយសារការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាពទប់ទល់នឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលគោលការណ៍នៃការផ្ដល់ទិដ្ឋាការ និងរបបនៃការធ្វើចត្ដាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា។
ក្នុងលិខិតនោះបន្ថែមថា កម្ពុជាសម្រេចបើកឲ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ទូទៅឡើងវិញ និង ដាក់ឲ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ ។ ដាក់ដំណើរការឡើងវិញនូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូវនិច ប៉ុន្ដែនៅបន្ដផ្អាកការផ្ដល់ទិដ្ឋាការនៅពេលមកដល់។ កែសម្រួលលក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមការអនុវត្តវិធានការសុខាភិបាល។
គិតត្រឹមថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដសរុបចំនួន១១៧,៧៧២ អ្នកជាសះស្បើយចំនួន១១២,៩៧៧ និងមានករណីស្លាប់បាត់បង់ជីវិតចំនួន២,៧៣៤នាក់៕