ក្រសួងទេសចរណ៍បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នៅសប្តាហ៍ក្រោយ ដែលត្រូវបានរំពឹងថា ផែនការមេនេះនឹងជួយធ្វើឱ្យខេត្តសៀមរាប និងតំបន់នៅជុំវិញក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ចេញនៅថ្ងៃទី២០ ខែតុលា បញ្ជាក់ថា ក្រសួងទេសចរណ៍បានរៀបចំពិធីប្រកាសឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ តាមប្រព័ន្ធអនឡាញ។ ការប្រកាសឲ្យអនុវត្តនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានធ្វើការជាច្រើនខែដើម្បីសម្រេចបានផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នេះ ហើយត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ផែនការមេនេះត្រូវបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនដូចជា ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពក្នុងខេត្ត ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ការពង្រឹងគុណភាព និងនិរន្តរភាព ការគ្រប់គ្រងបរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ និងការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តនេះ។
ទន្ទឹមនឹងនេះគោលបំណងយុទ្ធសាស្រ្តដែលនឹងដាក់ចេញដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ មានចំនួន ៣ ដែលបំពេញឲ្យទាល់តែបាន គឺ ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ទេសចរណ៍ឆ្លាត និងទេសចរណ៍អភិរក្សធនធានវប្បធម៌ និងបរិស្ថានធម្មជាតិ។
កន្លងមកក្រសួងទេសចរណ៍បានលើកឡើងថា តាមរយៈផែនការមេនេះ ខេត្តសៀមរាបរំពឹងនឹងអាចទាក់ទាញបានភ្ញៀវទេសចរជាតិបាន ១០,៩ លាននាក់នៅឆ្នាំ ២០២៣ និងភ្ញៀវទេសចរអន្តរជាតិ ៧,៥ លាននាក់នៅឆ្នាំ ២០២៥។ តាមរយៈនេះ រដ្ឋាភិបាលក៏មានចក្ខុវិស័យបង្កើតការងារឱ្យបាន ៩៤ ម៉ឺននាក់ និងប្រាក់ចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ ពាន់លានដុល្លារ។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រាក់ចំណូលពីវិស័យទេសចរអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ ២០២០ ធ្លាក់ចុះជិត ៨០ភាគរយ បានចំណូលត្រឹមតែជាង ១ពាន់លានដុល្លារប៉ុណ្ណោះ៕