ក្រសួងទេសចរណ៍បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ​២០២១-២០៣៥ នៅ​សប្តាហ៍​ក្រោយ​ ដែលត្រូវបានរំពឹងថា ផែនការ​មេនេះ​​នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាប និងតំបន់​នៅ​ជុំវិញ​ក្លាយជា​​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព​ ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ទេសចរណ៍​ចេញ​នៅ​ថ្ងៃទី២០ ខែតុលា បញ្ជាក់ថា ក្រសួង​​ទេសចរណ៍​បាន​​រៀបចំ​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​​ខេត្ត​សៀមរាប ឆ្នាំ២០២១-២០៣៥ តាម​ប្រព័ន្ធ​អនឡាញ។ ការ​ប្រកាស​ឲ្យ​អនុវត្ត​នេះ​ធ្វើឡើង​បន្ទាប់ពី​​រដ្ឋាភិបាលបានធ្វើការជាច្រើនខែដើម្បីសម្រេចបាន​ផែនការមេ ​អភិវឌ្ឍន៍​ទេស​ចរណ៍​ខេត្ត​សៀមរាប ឆ្នាំ​២០២១-២០៣៥ នេះ ហើយត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​កាលពី​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ២០២១។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល។

ផែនការ​មេនេះ​ត្រូវបាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូចជា ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ថ្មី ការផ្សព្វផ្សាយ និង​ទាក់​ទាញ​ភ្ញៀវទេសចរ ការពង្រឹង​គុណភាព និង​និរន្តរភាព ការគ្រប់គ្រង​បរិស្ថាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍ និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ។

ទន្ទឹមនឹងនេះគោលបំណងយុទ្ធសាស្រ្តដែលនឹងដាក់ចេញដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ មានចំនួន ៣ ដែលបំពេញឲ្យទាល់តែបាន គឺ ទេសចរណ៍ប្រក​បដោយ​គុណ​ភា​ព​ខ្ព​ស់​ ​ទេ​ស​ច​រ​ណ៍​ឆ្លា​ត​ និ​ង​​ទេ​សច​រ​ណ៍​អ​ភិរ​ក្ស​ធនធាន​វប្បធម៌ និងបរិស្ថានធម្មជាតិ។

កន្លងមក​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា តាមរយៈ​ផែនការ​មេនេះ ខេត្តសៀមរាប​រំពឹង​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​បាន ១០,៩ លាន​នាក់​នៅ​ឆ្នាំ ២០២៣ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ ២០២៥។ តាមរយៈ​នេះ រដ្ឋាភិបាល​ក៏មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ៦ ពាន់​លាន​ដុល្លារ។

បើ​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍ ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើឱ្យ​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរ​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ឆ្នាំ ២០២០ ធ្លាក់ចុះ​ជិត ៨០ភាគរយ​​ ​បានចំណូលត្រឹមតែជាង ១ពាន់លានដុល្លារប៉ុណ្ណោះ៕