រដ្ឋបាលខណ្ឌដង្កោនៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត ត្រៀមសម្ភារ និងតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិតដែលអាចកើតមានដោយសារកម្ពស់ទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើងខ្ពស់ជាបន្តបន្ទាប់។
យោងតាមសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត រួមមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ត្រូវត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត។
សេចក្តីជូនដំណឹងនោះបញ្ជាក់ថា៖ «ដោយសារបច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់»។
ក្នុងសេចក្តីជូនដំណឹងនោះបានបន្ថែមថា រដ្ឋបាលខណ្ឌដង្កោសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់៕