រដ្ឋបាលខណ្ឌដង្កោ​​នៅថ្ងៃចន្ទនេះ បានអំពាវ​នាវឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​​​សណ្ត​​ស្ទឹង​ព្រែក​ត្នោត ​ត្រៀម​​សម្ភារ​ និង​តាម​ដាន​ស្ថាន​ភាព​ទឹក​ជំនន់​ជាប្រចាំ ជៀស​វាង​ការ​បាត់បង់​សម្ភារ និង​អាយុ​ជីវិត​ដែល​អាច​កើត​មាន​ដោយសារ​កម្ពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​​​កំពុង​​ហក់​ឡើង​ខ្ពស់​ជាបន្ត​បន្ទាប់​។​

យោង​តាម​សេចក្តី​ជូនដំណឹងស្តីពីការត្រៀម​បង្កា​ទឹក​ជំនន់​ស្ទឹងព្រែក​ត្នោត​ជា​យថា​ហេតុ ចេញ​នៅថ្ងៃ​​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ដង្កោ​​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ រួម​​មាន​សង្កាត់​ដង្កោ សង្កាត់​ព្រៃស សង្កាត់​​ព្រៃ​វែង សង្កាត់​ក្រាំង​ពង្រ សង្កាត់​ស្ពាន​ថ្ម​ សង្កាត់​ទៀន សង្កាត់​សាក់​សំពៅ សង្កាត់​ជើងឯក សង្កាត់​ព្រែក​កំពឹស និងសង្កាត់​​គងនយ ត្រូវ​ត្រៀម​សម្ភារ និងបន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​ជាប្រចាំ​ជៀស​វាង​​​ហា​និភ័យ​ដែល​បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​អាយុ​ជីវិត។

សេចក្តី​ជូន​ដំណឹង​នោះ​បញ្ជាក់​ថា៖ «ដោយ​សារ​បច្ចុប្បន្ន​​ស្ថាន​ភាព​ទឹក​ស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​ជា​បន្ត​បន្ទាប់ បណ្តាល​មកពី​ជំនន់​ផ្នែកខាង​លើ​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ មាន​កម្ពស់​ដល់កម្រិត​ត្រូវប្រុង​ប្រយ័ត្ន​ខ្ពស់»។​

ក្នុង​​សេច​ក្តី​ជូន​ដំណឹង​នោះ​​បាន​បន្ថែមថា រដ្ឋបាល​ខណ្ឌ​ដង្កោសហការ​ជាមួយ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុ​និយម​ បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត នូវ​ស្ថាន​ភាព​ទឹក ដើម្បី​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ជាបន្ត​បន្ទាប់​៕