គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃចន្ទ សម្រេចលុបចោលការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែលអនុវត្តវិធានការសុខាភិបាលបានខ្ជាប់ខ្ជួនក្នុងពេលបំពេញការងារ និងទទួលបានតេស្តអវិជ្ជមានក្រោយបញ្ចប់ភារកិច្ចតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩។
យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្វើបច្ចុប្បន្នភាពរបបធ្វើចត្តាឡីស័ករបស់ក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន៣ចំណុច។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បញ្ជាក់ក្នុងចំណុចទី១ថា៖ «លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលបានអនុវត្តតាមវិធានការសុខាភិបាលខ្ជាប់ខ្ជួនក្នុងពេលបំពេញការងារ និងទទួលបានបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន PCR (-) ក្រោយបញ្ចប់ភារកិច្ចនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខទាំងនេះ ត្រូវបានអនុញ្ញាតឲ្យមានការឈប់សម្រាករយៈពេល ៤ថ្ងៃ មុននឹងវិលចូលបម្រើការងារនៅអង្គភាពដើមវិញ»។
សម្រាប់ចំណុចទី២ និងទី៣ លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាទូទៅដែលមិនមែនជាក្រុមផ្តល់សេវាជួរមុខ ដែលចាំបាច់ត្រូវធ្វើអន្តរាគមន៍វេជ្ជសាស្ត្រ ដូចជាការវះកាត់ ឬផ្តល់សេវានានាដល់អ្នកជំងឺកូវីដ។ ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែលប៉ះពាល់អ្នកជំងឺផ្ទាល់ និងមិនបានអនុវត្តតាមវិធានច្បាស់លាល់និងត្រូវធ្វើចត្តាឡីស័ក ៧ថ្ងៃ៕