រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រកាសថា អ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយ ទាំងនៅមន្ទីរពេទ្យ និងនៅតាមផ្ទះ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក។
បើតាមលិខិតដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ជូនទៅប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ថ្នាក់រាជ ធានី ខេត្ត ចេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១បញ្ជាក់ថា៖ «អ្នកជំងឺកូវីដ១៩ ដែឡបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ពុំតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតទេ»។
លិខិតដដែលបន្ថែមថា អ្នកជំងឺកូវីដ១៩ដែលសម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការព្យាបាលតាមលក្ខខណ្ឌដូចជា អ្នកជំងឺដែលពុំបានចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានបានពេញលេញ អនុញ្ញាតឲ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ១៩រយៈពេលបីថ្ងៃចុងក្រោយ និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតទេ។ ក្នុងករណីអ្នកជំងឺកូវីដ១៩បានចាក់វ៉ាក់សាំងកូវីដដូសមូលដ្ឋានបានពេញលេញ ហើយចាប់ពីថ្ងៃទី៦ទៅ ពុំមានរោគសញ្ញាជំងឺកូវីដ១៩ រយៈពេលបីថ្ងៃ ត្រូវធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ១៩ដោយខ្លួនឯង នៅថ្ងៃទី៩។
លិខិតដដែលក៏បានបន្ថែមថា អ្នកជំងឺកូវីដ១៩ដែលត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងការធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕