រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន​គណៈក​ម្មការ​អន្តរក្រសួង​ដើម្បីប្រ​យុទ្ធ​នឹង​ជំងឺ​​កូវីដ១៩ ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩ ដែលបាន​ព្យាបាល​ជា​សះ​ស្បើយ ទាំង​នៅ​មន្ទីរពេទ្យ និង​នៅ​តាម​ផ្ទះ ត្រូវ​បាន​លើកលែង​ការធ្វើ​ចត្តាឡី​ស័ក។

បើតាមលិខិត​ដែល​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ជូន​ទៅ​ប្រធាន​គណៈ​កម្មការ​ប្រ​យុទ្ធ​នឹង​ជំងឺ​​កូវីដ១៩​ថ្នាក់​រាជ ធានី ​ខេត្ត ចេញ​នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២១​បញ្ជាក់ថា​៖ «អ្នកជំងឺ​កូវីដ​១៩ ដែឡ​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩ ពុំ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ទៀត​ទេ»។

លិខិត​ដដែល​បន្ថែម​ថា អ្នកជំងឺ​កូវីដ​១៩​ដែល​សម្រាក​ថែទាំ និងព្យាបាល​នៅ​តាមផ្ទះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការ​ព្យាបាល​តាម​លក្ខខណ្ឌ​ដូចជា អ្នកជំងឺដែល​ពុំ​បាន​ចាក់វ៉ាក់សាំង​កូវីដ​១៩​ដូស​មូលដ្ឋាន​​បានពេញ​លេញ អនុញ្ញាតឲ្យ​បញ្ចប់​ការ​ព្យាបាល​នៅ​ថ្ងៃ​ទី​១៤ ប្រសិន​បើ​ពុំ​មាន​រោគ​សញ្ញា​ជំងឺ​កូវីដ​១៩​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​ និង​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​​រយៈពេល​១៤​ថ្ងៃ​ទៀត​ទេ។ ក្នុង​ករណី​អ្នក​ជំងឺ​កូវីដ​១៩​បាន​ចាក់វ៉ាក់សាំង​កូវីដ​ដូស​មូលដ្ឋាន​បាន​ពេញ​លេញ ហើយ​ចាប់​ពី​ថ្ងៃទី៦​ទៅ ពុំ​មាន​រោគ​សញ្ញា​ជំងឺកូវីដ​១៩ រយៈពេល​បី​ថ្ងៃ ត្រូវ​ធ្វើ​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ​១៩​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​៩។

លិខិត​ដដែល​ក៏​បាន​បន្ថែមថា អ្នកជំងឺកូវីដ​១៩​ដែល​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការ​ព្យាបាល​ ទោះ​បី​ត្រូវ​បាន​លើកលែង​ការ​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ត្រូវ​តែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ជា​ធរមាន ៣កុំ និង​៣ការពារ ឲ្យ​បាន​ខ្ជាប់​ខ្ជួន៕​