លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានស្នើឲ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជាសហការជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។
ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នៅវិមានសន្ដិភាព លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំកំពុងឱ្យមន្ដ្រីរបស់យើងសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូន វ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើឱ្យអាជ្ញាធរថៃជួយយកវ៉ាក់សាំងយកពីយើង ចាក់ជូនប្រជាជនយើងនៅទីនោះ ក្នុងពេលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់»។
ទោះបីជាកម្ពុជាបានសម្រេចនូវការចាក់វ៉ាងសំាងជូនប្រជាពលរដ្ឋបានរហូតដល់ ៨៥,៦៨ រយភាគក៏ពិតមែន ប៉ុន្តែក្នុងចំនួននេះ ក៏នៅមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនទៀតដែលកំពុងរស់នៅក្រៅប្រទេស ដោយខ្លះទទួលបានវ៉ាក់សាំង និងខ្លះទៀតមិនទាន់បានចាក់នៅឡើយ។
លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ «ពិតហើយឥឡូវនេះចំនួនពលរដ្ឋប្រជាជននៅក្នុងប្រទេសថៃបានចាក់វ៉ាក់សាំងច្រើនណាស់ទៅហើយ ក៏ប៉ុន្តែសម្រាប់យើង ក្នុងតួលេខជំរឿនរបស់យើង ប្រជាពលរដ្ឋរបស់យើងមានរហូតទៅដល់១៦លាន៩សែននាក់។ ហើយប្រសិនបើក្នុងវេបសាយ Worldometers គឺបានដាក់ថា កម្ពុជាមានប្រជាជនរហូតដល់១៧លាននាក់ឯណោះ អ៊ីចឹងសួរថាក្រៅពី១៦លាននាក់នេះ ចុះប្រជាជនប្រមាណទៀត នៅឯណា អ៊ីចឹងបានសេចក្ដីថា យើងនៅសល់៩សែន ឬ១លាននាក់ទៀត ដែលកំពុងនៅព្រះរាជាណាចក្រថៃ កូរ៉េខាងត្បូង ម៉ាឡេ ឬនៅប្រទេសក្រៅ»។
លោកនាយករដ្ឋមន្រ្តីក៏បានបន្ថែមថា ការបញ្ជូនវ៉ាក់សាំងកូវីដ-១៩ទៅប្រទេសថៃបាន លុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលថៃ ទើបកម្ពុជាអាចបញ្ជូនវ៉ាក់សាំងទៅបាន ព្រោះកម្ពុជាត្រូវអនុវត្តន៍តាមច្បាប់របស់ថៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជានៅពេលនេះ ការចាក់វ៉ាក់សំាងកូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺប្រជាពលរដ្ឋអាចចាក់បានតែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យតែមានកន្លែងចាក់។
គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សរុបដូសទី១ បានចំនួន ១៣,៧០៩,៤៨៧នាក់ ដូសទី២បានចំនួន ១៣,០៦៥,៨៣៤នាក់ និងដូសទី៣បានចំនួន ១,៨៦០,៧២៥នាក់៕