ក្រសួងសុខាភិបាលប្រកាសចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ដល់កុមារអាយុ៥ឆ្នាំ នៅទូទាំងប្រទេស ខណៈអាណាព្យាបាលមួយចំនួនស្វាគមន៍ឲ្យកូនចាក់ និងមួយចំនួននៅស្ទាក់ស្ទើរ។
ក្នុងសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ចេញកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១បញ្ជាក់ថា គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារអាយុ៥ឆ្នាំ នៅរាជធានី-ខេត្តទាំង២៥។ យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគម្លាតរវាងដូសទី១ និងដូសទី២ គឺ២៨ថ្ងៃ។
ចំពោះគ្រប់កុមារដែលមានអាយុ៥ឆ្នាំដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយ ឯកសារមួយចំនួនដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងបណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬបណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្តាយ (ចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ)។
ក្រោយពីការបើកយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារដែលមានអាយុ៥ឆ្នាំ ក្នុងថ្ងៃដំបូងគេឃើញមានឪពុកម្តាយមួយចំនួនបាននាំកូនៗរបស់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយក៏មានការបញ្ចេញមតិរបស់ឪពុកម្តាយកុមារដែលមានអាយុ៥ឆ្នាំ ទៅលើការចាក់វ៉ាក់សាំងកូវីដ-១៩ នេះផងដែរ។
លោក ធឹប វិបុល បាននាំកូនទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយកាលពីព្រឹកថ្ងៃច័ន្ទនេះបាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តដែលកូនបានចាក់វ៉ាក់សាំងរួចព្រោះក្មេងៗត្រូវទៅសាលារៀន ហើយពួកគេនៅតូចមិនសូវជាអនុវត្តវិធានការសុខាភិបាលបានពេញលេញទេ ពេលបានចាក់វ៉ាក់សាំងហើយខ្ញុំមានទំនុកចិត្តឲ្យកូនទៅរៀននៅសាលាវិញ»។
អ្នកស្រី ស៊ឹម ចាន់ដាវី បានលើកឡើងថា៖ «ខ្ញុំមានគម្រោងយកកូនទៅចាក់វ៉ាក់សាំងដែរ ក៏ប៉ុន្តែប្រហែលជាចាំដល់ជុំទីពីរសិន ព្រោះឥឡូវគាត់នៅខ្វះ២-៣ខែទៀត ទើបគ្រប់អាយុ ៥ឆ្នាំគត់»។ ទន្ទឹមនឹងនេះ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រី និងក្រុមគ្រួសារសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចមកហើយ ដូចនេះអ្នកស្រីចង់ឲ្យកូនអ្នកស្រីបានចាក់ដើម្បីការពារសុខភាពខ្លួនគាត់ និងអ្នកនៅជុំវិញខ្លួន។
សម្រាប់អ្នកស្រី ផល្លា បានបង្ហាញការស្ទាក់ស្ទើដោយសារកូនត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។
អ្នកស្រីនិយាយថា៖ «មិនចង់ឲ្យកូនចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ទេ បើសិនជានៅមន្ទីរពេទ្យឯកជនមានវ៉ាក់សាំងសម្រាប់ក្មេង ខ្ញុំយកទៅចាក់នៅខាងឯកជនវិញ តែប្រសិនបើអត់មានទេមានតែនាំកូនចាក់របស់រដ្ឋនឹងហើយ» ។
អ្នកស្រីបន្ថែមថា កូនរបស់អ្នកស្រីត្រូវចូលរៀននៅសាលានាថ្ងៃអង្គារនេះ ដូច្នេះអ្នកស្រីបារម្ភ ដោយសារមិនទាន់បានចាក់វ៉ាក់សាំង។
អ្នកស្រីបញ្ជាក់ថា៖ «តែទោះបីជាចាក់ហើយក៏មិនសូវមានទំនុកចិត្តដែរ ដោយសារទើបតែចាក់ភ្លាមៗអ៊ីចឹង វ៉ាក់សាំងមិនទាន់ដុះអង់ទីគ័រដែរ»។
គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌសរុបទូទាំងប្រទេស ចំពោះកុមារអាយុ ៦ ឆ្នាំដល់ ១១ ឆ្នាំសរុបចំនួន ១,៩២០,៥៩៩ និងការចាក់វ៉ាក់សាំងជូនយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំសរុបចំនួន ១,៧៨៨,៨០២៕