លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២ ខែវិច្ឆិកា បានប្រកាសថា កុមារដែលត្រូវចូលរៀននៅសាលា អាចប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងដែលថតចម្លង ដើម្បីការពារការបាត់បង់។
ក្នុងវីដេអូដែលលោកនាយករដ្ឋមន្រ្តីបានបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២១ លោកលើកឡើងថា ប្រសិនបើអនុញ្ញាតឱ្យប្រើបណ្ណចាក់វ៉ាក់សាំងដើមសម្រាប់ពាក់ទៅចូលរៀន នោះអាចនឹងខូចខាត ឬបាត់បង់ ។
លោកបញ្ជាក់ថា៖ «បាត់ប័ណ្ណ ឬខូចបណ្ណ ហើយបាត់បង់នូវសុពលភាព ឬក៏ខ្វះការទទួលស្គាល់នៅពេលដែលមានការបាត់បណ្ណ ហើយការប្តូរបណ្ណគឺមិនមែនជាការងាយស្រួលនោះទេ ដែលត្រូវយកបណ្ណថ្មី ដូច្នេះយកល្អគឺយើងប្រើប្រាស់ដដែល គឺថតចម្លងហើយរក្សាបណ្ណនៅផ្ទះ»។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមដោយស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងអភិបាលខេត្ត រាជធានី ពិនិត្យ និងដោះស្រាយបញ្ហានេះ ដោយអាចថតចម្លងបណ្ណចាក់វ៉ាក់សាំងជាសខ្មៅ ឬជាពណ៌។
លោកបន្ថែមថា៖ «សូមឱ្យលោកគ្រូអ្នកគ្រូសាលានីមួយៗ ជួយរៀបចំថត គ្រួ សារនីមួយៗដែលមានលទ្ធភាពថតក៏សូមថត ហើយក្នុងករណីដែលគ្រួសារពុំមានលទ្ធភាពថតទេ អាចឱ្យសាលាជួយថតសម្រាប់ឱ្យសិស្សប្រើប្រាស់នៅកាតចាក់វ៉ាក់សាំងនេះ»។
ក្នុងវីអេដូដដែលនោះ លោកនាយករដ្ឋមន្រ្តីក៏បានប្រាប់ទៅក្រសួងសុខាភិបាល គណៈកម្មការចំពោះការចាក់វ៉ាក់សាំង និងក្រសួងការពារជាតិដែលជាអ្នកធ្វើការលើការចាក់វ៉ាក់សាំង ត្រូវសរសេរឈ្មោះរបស់ប្រជាជនឲ្យបានត្រឹមត្រូវ ជាពិសេសផ្នែកភាសាអង់គ្លេស សម្រាប់ងាយស្រួលក្នុងការធ្វើដំណើរទៅក្រៅប្រទេស។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋរបស់យើង មន្រ្តីរបស់យើងមានការចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស ក្នុងករណីដែលមានការដាក់ឈ្មោះជាភាសាអង់គ្លេសមិនបានត្រឹមត្រូវស្របទៅតាមឈ្មោះដែលមាននៅក្នុងលិខិត ឆ្លងដែន គឺមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានទេ ដូច្នេះសូមយកចិត្តទុកដាក់ នៅក្នុងការដាក់ឈ្មោះឱ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និងទាំងជាភាសាអង់គ្លេស»។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ ជាមួយនឹងការរៀនរស់នៅជាមួយជំងឺកូវីដ១៩តាមគន្លងថ្មី ប៉ុន្តែពិចារណាលើការបើកហានខារ៉ាអូខេ៕