ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលមិនមានការអនុញ្ញាតពីក្រសួង ជៀសវាងផលប៉ពាល់សុខភាព និងអាយុជីវិត។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខភិបាល ចេញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៣ ខែវិច្ឆិកា បញ្ជាក់ថា ក្រសួងបានពិនិត្យឃើញលើបណ្តាញសង្គមគណនីហ្វេសប៊ុក ឈ្មោះ វ៉ូ-ជី ខសមេធីក ឯ.ក កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ WOG WHITENING FAC IAL FOAM គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
ក្រសួងបន្ថែមថា ដោយអនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរ ឱសថ ឬគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកា ឬប្រវេទន៍ពីក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សា យផលិតផលទាំងនេះតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ក្នុងសេចក្តីជូនព័ត៌មាននោះបានបញ្ជាក់ថា៖ «ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ»។
នៅថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីជូនព័ត៌មានមួយទៀត ស្តីពីការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Lee Yuri Beauty & Health ដែលបានផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលផងដែរ ។
សេចក្តីជូនព័ត៌មានបានបញ្ជាក់ថា៖ «គណនីហ្វេសប៊ុកមាន ឈ្មោះ Lee Yuri Beauty & Health កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១. Lee Yuri Collagen , ២, Multi-Vita min For Men & Women , ៣. Lee Yuri DETOX គ្មានលេខបកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ»។
ក្រសួងសុខាភិបាលបន្ថែមថា ក្រសួងនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វ៉ូ-ជីខសមធីក ឯ.ក និង Lee Yuri Beauty & Health ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើ នេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕