ក្រសួងសុខាភិបាល​​ អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ប្រើប្រាស់​ផលិត​ផល​គ្រឿង​សម្អាង​ដែល​មិនមានការ​អនុញ្ញាត​ពី​ក្រសួង ជៀស​វាង​​ផល​ប៉ពាល់​សុខភាព និង​អាយុជីវិត។

បើតាមសេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខភិបាល ចេញ​នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១​ និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាលកាល​ពី​ថ្ងៃ​ទី៣ ខែវិច្ឆិកា បញ្ជាក់ថា ក្រសួង​បានពិនិត្យឃើញលើបណ្តាញសង្គមគណនីហ្វេសប៊ុក ឈ្មោះ វ៉ូ-ជី ខស​មេធីក ឯ.ក កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ WOG WHITENING FAC IAL FOAM គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ក្រសួង​បន្ថែម​ថា ដោយ​អនុលោមតា​ម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូ​វ​ឱ្យ​រាល់ការចរាចរ ឱសថ ឬ​គ្រឿង​សម្អាង​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវ​មាន​លេខ​បញ្ជិកា ឬ​ប្រវេទន៍​ពី​ក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សា យ​ផលិត​ផល​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល ។

ក្នុងសេចក្តីជូន​ព័ត៌មាន​នោះ​​បានបញ្ជាក់ថា៖ «ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួង​សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពល​រដ្ឋទាំងអស់​ ត្រូវបញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ព្រោះ​ផលិត​ផល​ទាំ​ងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ»។

នៅថ្ងៃជាមួយគ្នានេះ ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ទៀត ស្តីពីការ​ហាមឃាត់​គណនីហ្វេសប៊ុកឈ្មោះ Lee Yuri Beauty & Health ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​គ្មាន​លេខ​បញ្ជិកា​ពីក្រសួងសុខាភិបាលផងដែរ ។

សេចក្តីជូនព័ត៌មានបានបញ្ជាក់ថា៖ «គណនីហ្វេសប៊ុកមាន ឈ្មោះ Lee Yuri Beauty & Health កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១. Lee Yuri Collagen , ២, Multi-Vita min For Men & Women , ៣. Lee Yuri DETOX គ្មានលេខបកា និង​គ្មា​ន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពីក្រសួង​សុខាភិបាលឡើយ»។

ក្រសួងសុខាភិបាល​បន្ថែម​ថា ក្រសួង​នឹង​មាន​វិធានការ​តឹង​រ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេស​ប៊ុកឈ្មោះ វ៉ូ-ជីខសមធីក ឯ.ក និង Lee Yuri Beauty & Health ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើ នេះ​ទៅ​តាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រងឱសថជាធរមាន៕​