អ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លើកឡើងថា ឱសថឈ្មោះថា Molnupiravir អាចប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់នៅកម្ពុជា។
យោងតាមវីដេអូឃ្លីបមួយដែលអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បង្ហោះលើគណនី YouTube របស់លោកស្រីកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា ឱសថ Molnupiravir គឺជាឱសថសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ លោកស្រីបន្ថែមថា ការដាក់ឲ្យប្រើប្រាស់ឱសថ Molnupiravir នេះ គឺដោយសារសង្កេតឃើញថាឱសថនេះមានគុណភាព តាមរយៈការសិក្សាស្រាវជ្រាវ ក៏ដូចជាការព្យាបាលកន្លងមកនេះនៅបណ្ដាប្រទេសធំៗមួយចំនួន។
ក្នុងវីដេអូឃ្លីបដែលលោកស្រីបានផ្តល់សម្ភាសន៍ឲ្យទូរទស្សន៍ ហើយត្រូវបានបង្ហោះលើគណនីយូធូបរបស់លោកស្រីដដែល លោកស្រីបន្ថែមថា ការដាក់ឲ្យប្រើប្រាស់ឱសថនេះក្នុងលក្ខខណ្ឌបន្ទាន់ គឺដើម្បីជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ១៩បន្ថែមទៀត ជាពិសេសអ្នកជំងឺដែលអាចមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ ហើយការប្រើប្រាស់ឱសថ Molnupiravir នេះគឺប្រើប្រាស់រយៈពេល៥ថ្ងៃ។
លោកស្រីបញ្ជាក់ថា៖ «តាមរយៈការសិក្សាក៏បានបង្ហាញដែរថា ឱសថនេះជួយកាត់បន្ថយបាននូវហានិភ័យនៃការសម្រាកពេទ្យ ក៏ដូចជាហានិភ័យនៃការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩បានទៅដល់៥០% សម្រាប់អ្នកជំងឺដែលគេស្រាវជ្រាវទៅរកឃើញថាធ្វើរោគវិនិច្ឆ័យថ្មីៗថាគាត់មានជំងឺកូវីដ១៩»។
លោកស្រីបន្ថែមថា៖ «ឱសថនេះប្រើប្រាស់សម្រាប់តែក្នុងអំឡុងពេលដែលមានភាពអាសន្នសុខភាពសាធារណៈរបស់យើងទេចាស៎! ហើយការប្រើប្រាស់នេះទៀតក៏មានការប្រើប្រាស់តាមដានព្យាបាល ហើយក៏ស្ថិតក្រោមការវាយតម្លៃឱ្យត្រឹមត្រូវរបស់ក្រុមគ្រូពេទ្យពួកយើង»។
លោកស្រីបានលើកឡើងបន្ថែមថា កម្ពុជាគឺខិតខំគ្រប់លទ្ធភាពទាំងអស់ដើម្បីស្រាវជ្រាវរបៀបព្យាបាលថ្មីៗថែមទៀតជាពិសេសស្រាវជ្រាវនូវឱសថ ឬឧបករណ៍ផ្សេងៗទៀតដែលអាចជួយ ដើម្បីប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជា៕