កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពីគម្រោងនៃការចាក់វ៉ាក់សាំងដូសទី៤ ដោយអះអាងថា ការចាក់វ៉ាក់សាំងដូសទី៤ គឺអាស្រ័យលើការវិវត្តរបស់ពិភពលោក និងការវិវត្តនៃមេរោគកូវីដ-១៩ ហើយគូបផ្សំជាមួយការណែនាំរបស់អង្គការសុខភាពពិភពលោកផងដែរ។ លោកបញ្ជាក់ថា ប្រសិនបើស្ថានភាពតម្រូវ គឺត្រូវតែចាក់ខានមិនបាន។
Newsroom Cambodia នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានសម្ភាសន៍ប្រជាពលរដ្ឋខ្មែរចំនួន៦រូប ដែលជាអ្នកបានចាក់វ៉ាក់ការពារជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញរួចរាល់ ពីទស្សន:យល់ឃើញរបស់ពួកគេក្នុងការចាក់វ៉ាក់សាំងដូសទី៤ និងការយល់ឃើញលើករណីតម្រូវឲ្យបង់លុយសម្រាប់ការចាក់ដូសទី៤ ដែលអាចនឹងកើតមានឡើងនាពេលអនាគត។
លោក លីវ លីម៉ីង អ្នកផលិតព័ត៌មានយុវជនក្នុងស្ថាប័នឯកជនមួយ បាននិយាយថា៖ «មែនទែនទៅបើមានដូសទី៤មែនគឺល្អ ដូចយើងឃើញអ៊ីចឹងថាលទ្ធផលពិសោធន៍ FDA (Food and Drug Administration) របស់អាមេរិកក៏បានបង្ហាញដែរថា វ៉ាក់សាំងហ្នឹងវាមានប្រសិទ្ធភាព និងសុពលភាពរបស់វា អ៊ីចឹងហើយបើសិនជាយើងចាក់តាមកាលបរិច្ឆេទដែលបានកំណត់ ឧទាហរណ៍ថា ៦-៧ខែចាក់ម្ដង នោះវានឹងអាចបន្តបង្កើតអង្គបដិប្រាណការពារយើងបានល្អ ជាងដែរយើងអត់ចាក់»។
ក្នុងករណីដែលការចាក់ដូសទី៤នោះតម្រូវឲ្យមានការបង់លុយដោយខ្លួនឯង អ្នកផលិតព័ត៌មានរូបនេះបានឆ្លើយថា៖ «ប្រសិនបើវ៉ាក់សាំងនោះតម្រូវឲ្យចំណាយផ្ទាល់ខ្លួនហើយមានតម្លៃចាប់ពី ១០-១៥ ដុល្លារ ខ្ញុំគិតថាប្រជាជនយើងអាចនឹងមានលទ្ធភាពចាក់ច្រើន ហើយខ្ញុំផ្ទាល់ប្រសិនបើវ៉ាក់សាំងនោះមានតម្លៃក្រោម ៥០ដុល្លារ ខ្ញុំគិតថាវាសមរម្យអាចទទួលយកបានហើយ សម្រាប់ការចំណាយទៅលើវ៉ាក់សាំងហ្នឹង»។
អ្នកនាង កង សុជាតា អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា នៅវិទ្យាល័យជាស៊ីមចម្រើនរដ្ឋ លើកឡើងថា អ្នកនាងនឹងចាក់វ៉ាក់សាំងដូសទី៤ ប្រសិនបើមានផលរំខានតិចតួច។
អ្នកនាងនិយាយថា៖ «សម្រាប់ខ្ញុំចាំមើលសិន ថាតើដូសទី៤នោះជាប្រភេទវ៉ាក់សាំងអ្វីមកពីប្រទេសណា ហើយថ្នាំមានការធ្វើទុក្ខដែរឬទេ។ បើវ៉ាក់សាំងនោះមានផលរំខានតិចតួចដែលអាចទទួលយកបាន គឺខ្ញុំនឹងចាក់ដែរ។ កាលចាក់លើកដំបូងពេទ្យពិនិត្យសម្ពាធឈាម និងសួរអំពីស្ថានភាពសុខភាព តែសង្កេតឃើញថាចាក់លើកទី២ និងទី៣ក្រោយនេះ ហាក់បីដូចជាមិនសូវមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឡើយ ទៅដល់ចាក់តែម្តងមិនសួរអីច្រើនទេ»។
អ្នកនាងបង្ហាញការយល់ឃើញក្នុងករណីតម្រូវឲ្យមានការបង់លុយសម្រាប់ការចាក់វ៉ាក់សាំងដូសទី៤នោះថា៖ «សម្រាប់ខ្ញុំមិនមែនជាបញ្ហាទេ ព្រោះវាអាចការពារសុខភាពរបស់យើង។ ប៉ុន្តែការចំណាយនោះនឹងប្រៀបធៀបជាមួយនឹងប្រសិទ្ធភាពនៃថ្នាំ និងព័ត៌មានជាក់លាក់អំពីការចាក់ដូសទីបួនសិន ថាវានឹងអាចប៉ះពាល់ប្រការណាទេ ប្រសិនបើហេតុផលសមស្របអាចទទួលយកបាន ខ្ញុំនឹងចំណាយ»។
លោក ម៉ែន វេហាស៍ អាយុ ២១ ឆ្នាំ ជាអ្នករចនាក្រាហ្វិក នៅក្រុមហ៊ុនឯកជនមួយ បានបង្ហាញការស្វាគមន៍របស់ខ្លួនចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៤ ឬដូសរំឭក។
លោក វេហាស៍ បាននិយាយថា «ចំពោះខ្ញុំ ខ្ញុំគិតថាបើមានដូសទី៤មែន ល្អតើ! ព្រោះដូចយើងដឹងអ៊ីចឹងថា ប្រសិទ្ធភាពវ៉ាក់សាំងមិនអាចស្ថិតស្ថេរគង់វង្សយូរអង្វែងទេ គឺវាមានសុពលភាពរបស់វា។ ហើយតាមដែលខ្ញុំធ្លាប់ឮ គឺប្រហែលជាយើងត្រូវចាក់រហូតហ្នឹង ព្រោះដើម្បីឲ្យរាងកាយយើងមានអង់ទីគ័រការពារ»។
អ្នករចនាក្រាហ្វិករូបនេះក៏បានបញ្ជាក់លើករណីដែលអាចតម្រូវឲ្យមានការបង់លុយថា៖ «ទោះបីវា [វ៉ាក់សាំង] មានតម្លៃប៉ុនណាក៏ដោយក៏ខ្ញុំចាក់ដែរ ដើម្បីសុខភាព និងសុវត្ថិភាព»។
កញ្ញា ម៉ៅ ស្រីពេជ្រ អាយុ២០ឆ្នាំ ជាអ្នកហាត់ការសារព័ត៌មាននៅវិទ្យុវីអូឌី (VOD) យល់ថា វ៉ាក់សាំង៣ដូស គឺគ្រប់គ្រាន់ហើយ ព្រោះកញ្ញាក៏មានការប្រុងប្រយ័ត្នខ្ពស់ណាស់ដែរ។
អ្នកហាត់ការរូបនេះបាននិយាយថា៖ «តែប្រសិនបើការចាក់វ៉ាក់សាំងដូសទី៤ គឺជាកាតព្វកិច្ច ខ្ញុំនឹងបំពេញកាតព្វកិច្ចនោះ»។
កញ្ញា ស្រីពេជ្រ បានបន្ថែមទៀតថា៖ «ប្រសិនបើរដ្ឋាភិបាលតម្រូវឱ្យប្រើប្រាស់ថវិកាផ្ទាល់ខ្លួនក្នុងការចាក់ ខ្ញុំប្រហែលជាមិនចំណាយទេ ណាមួយប្រជាជនយើងមានភាពសាំក្នុងសហគមន៍ច្រើនដែរហើយ។ ម្យ៉ាងវិញទៀត ឥលូវប្រទេសយើងក៏បើកដំណើរការគ្រប់វិស័យដែរ ហើយសម្រាប់អ្នកកើតជំងឺកូវីដ១៩ ក៏អាចស្នើរសុំព្យាបាលនៅតាមផ្ទះបានផងដែរ ជំងឺនេះមិនធ្ងន់ធ្ងរខ្លាំងដូចពីមុនទេ»។
លោក ម៉េង គីមសួគ៌ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ មកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បាននិយាយប្រាប់ Newsroom Cambodia ថា៖ «ខ្ញុំនឹងចាក់វ៉ាក់សាំងដូចគេដូចឯងដែរ ព្រោះវាល្អតើ អាចការពារសុខភាពយើង និងមនុស្សនៅជុំវិញខ្លួនផងដែរ។ ទោះបីវ៉ាក់សាំងនោះមានតម្លៃប៉ុន្មានក៏ដោយ ក៏ខ្ញុំនឹងចាក់ដែរ ព្រោះសុខភាព និងអាយុជីវិតសំខាន់ណាស់»។
កញ្ញា វង្ស លីលី ជានិស្សិតឆ្នាំទីមួយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់មកកាន់ Newsroom Cambodia ថាកញ្ញានឹងមិនចាក់ដូសទីបួនទេ ប្រសិនបើស្ថានការណ៍ល្អប្រសើរ ឬមានករណីឆ្លងតិចតួចដូចសព្វថ្ងៃនេះ។
កញ្ញា លីលី បាននិយាយថា៖ «ចំពោះខ្ញុំ ដូសទី៣គឺគ្រប់គ្រាន់ហើយ ណាមួយខ្ញុំ និងក្រុមគ្រួសារមិនមាននរណាធ្លាប់កើតជំងឺកូវីដ១៩នេះទេ។ មួយវិញទៀត អ្នកផ្ទះរបស់ខ្ញុំក៏មិនសូវជាជួបមនុស្សប្លែកមុខដែរ ដូចនេះវាមិនមែនជាបញ្ហាប្រឈមប៉ុន្មានទេសម្រាប់គ្រួសារខ្ញុំ។ តែបើថ្ងៃអនាគតជំងឺនេះមិនបាត់ ហើយកាន់តែកាចសាហាវខ្លាំងជាងមុនទៀត គឺយើងត្រូវតែចាំបាច់ចាក់ដូសទីបួនហើយ។ ចូលស្ទឹងតាមបត់ហើយ»៕